​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ក្រោយ​បង្ក​របួសស្នាម​ដល់​គូ​ជម្លោះ​

124
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​សមត្ថកិច្ច​នគរបាល​បាន​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ក្រោយ​យក​ដែក​ទីប​ជ្រុង វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​រយៈ​ក្បាល​នឹង​ដៃ​ដេរ​ជាច្រើន​ថ្នេរ​។​ហេតុការណ៍​បង្ក​ហិង្សា​នេះ​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ​២០២០ នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ បានឱ្យដឹងថា ជន សង្ស័យ​ឈ្មោះ​ភា លី​ហេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ​រស់នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប​។ ជននេះ​ជាប់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​នឹង​ដែក​ទីប​ជ្រុង​)​។ ឯ​ជនរងគ្រោះ​ឈ្មោះ​ភ​ន់ សំណាង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ជុំគ្នា​រងរបួស​រយះ​ក្បាល​នឹង​រយះ​ដៃ ដេរ​ជាច្រើន​ថ្នេរ ។​

លោក​បន្តថា​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្បែរនោះ​កម្លាំង​នគរបាល​បាន​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​មក​សួរនាំ​។​ក្រោយពី​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយថា​ខ្លួន​ពិតជា​វាយ​ជនរងគ្រោះ​ដោយ​ទីប​ដែក​ជ្រុង​បណ្តាលឱ្យ​រយះ​ហូរឈាម​ដូច​ពាក្យ​មែន​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បន្ថែមថា​កាលពី​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០ ជនសង្ស័យ​ខាងលើ បានធ្វើ សកម្មភាព​ដោយ​យក​ដំបង​ដែក​ទីប​វាយ​ក្បាល​ជនរងគ្រោះ​តែ​ពុំមាន​រងរបួស​ហើយ​ជនរងគ្រោះ​ក៏​ប្តឹង​ឱ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ជនសង្ស័យ​ខាងលើ​ផងដែរ​។​លុះ​ថ្ងៃ​បន្ទាប់​ជខ​ង​លើ​ក៏បាន​បង្ក​ហឹ​ង្សា​ជា​បន្តទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​តែម្តង​។​នៅ​ថ្ងៃទី​១​ខែឧសភា​នេះ​គឺ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​