​ចាប់​ជន​ដែល​បាញ់សម្លាប់​សត្វ​កម្រ​ប្រភេទ​”​សត្វ​ខ្ទីង​”​ពេល​កំពុង​ស្ងោរ​សាច់​១​ឆ្នាំង​

1176
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ចាប់​ជន​ម្នាក់​ដែល​បាញ់សម្លាប់​សត្វ​កម្រ​ប្រភេទ​”​សត្វ​ខ្ទីង​”​មួយ​ក្បាល​និង​ពន្លះ​យក​សាច់​រហូតដល់​ទម្ងន់​៣០​គីឡូក្រាម​ហើយ​សាច់​មួយផ្នែក​ទៀត​ក៏​ត្រូវបាន​ជន​យកទៅ​ចម្អិន​ធ្វើ​ម្ហូប​មួយ​ឆ្នាំង​។​ករណីនេះ​បានកើត​ឡើង​នៅផ្ទះ​ជនសង្ស័យ​ស្ថិតក្នុង​ភូមិ​ពូ​ចារ​ឃុំ​មេ​ម៉​ង់​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ចប់​ហា​ញ​ភេទ​ប្រុស​ជា​ជនជាតិ​ព្នង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពូ​ងោ​ល​ឃុំ​មេ​ម៉​ង់​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​ជា​ឪពុកក្មេក​របស់​ជនដៃដល់​ដែល​បាន​រត់​គេចខ្លួនបាត់​។​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖១.​អាវុធ​អាកា​ស្វ័យ​បត់​ចំនួន​១​ដើម​និង​គ្រាប់​ចំនួន​៩​គ្រាប់​។​

២.​សាច់សត្វ​ខ្ទីង​ស្រស់​ចំនួន​៣០​គីឡូក្រាម​។​៣.​សាច់​ខ្ទីង​ចម្អិន​រួច​ចំនួន​១​ឆ្នាំង​ធំ​។​៤.​អាវុធ​កែច្នៃ​(​កាំភ្លើង​ខ្យល់​)​ចំនួន​២​ដើម​។​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​និង​កំពុង​ស្វែងរក​ជនដៃដល់​និង​បក្ខពួក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/