​ចុះ​ពិនិត្យ​ផ្សារ​លក់ទំនិញ​និង​តាម​ឱសថស្ថាន​ដើម្បី​ស្វែងរក​ឧបករណ៍​ធ្វើតេស្ត​មេរោគ​កូ​វីដ​១៩

181
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ផលិតផល​ក្លែងបន្លំ​ខេត្តបាត់ដំបង​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​។​ចុះ​ត្រួតពិនិត្យ​តម្លៃ​ផលិតផល​ទំនិញ​ម៉ាស់​និង​បាន​ស្វែងរក​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ នៅតាម​ផ្សារ ឱសថស្ថាន​ក្នុង​ក្រុង​បាត់ដំបង​។​

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​បាត់ដំបង​បាន​ថ្លែងថា​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​តម្លៃ​ផលិតផល​ទំនិញ​ម៉ាស់​និង​បាន​ស្វែងរក​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កី​វីថ​១៩​នៅតាម​ផ្សារ​ឱសថស្ថាន​ឱសថស្ថាន​រង​ក្នុង​ក្រុង​បាត់ដំបង​។​ជា​លទ្ធផល​មិនមាន​ឧបករណ៍​សម្រាប់​ធ្វើតេស្ត មេរោគ​កូ​វីដ​១៩​ដាក់លក់​ទេ​។​

​លោក​ប្រធាន​សាខា​បាន​បញ្ជាក់ថា​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​បានធ្វើការ​ការណែនាំ​ដល់​អាជីវករ​លក់ដូរ​នៅតាម​ផ្សារ​ទូទៅ​ទាំងអស់​រាល់​ការលក់ទំនិញ​គ្រឿងឧបភោគ​បរិភោគ​ហូបចុក​ប្រចាំថ្ងៃ​និង​ការលក់ដូរ​ឱសថ​នៅតាម​ឱសថស្ថាន​នានា​ដោយបាន​កំណត់ឱ្យ​បិទ​ស្លាក​តម្លៃ​លក់​តម្លៃ​ជា​ប្រាក់រៀល​ខ្មែរ​គ្រប់​មុខទំនិញ​ទាំងអស់​។​

លោក​បាន​អំពាវនាវ​ផងដែរ រាល់​ការលក់ ផលិតផល​ដូចជា​ម៉ាស ទឹក​អាល់កុល ជែ​ល​លាងដៃ និង​ឧបករណ៍​ផ្សេងៗ​ទៀត​សូមកុំ​តម្លើងថ្លៃ​ខ្ពស់​ខ្លាំង​ខុសពី​ធម្មតា គឺ​ត្រូវ​លក់​ក្នុង​តម្លៃថោក​ធម្មតា​ដូច​មុន ដើម្បី​កុំឱ្យ​មានការ​ឆ្លៀតឱកាស​និង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកទិញ​យកទៅ​ប្រើប្រាស់​ខណៈដែល​កូ​វីដ​១៩​កំពុង​រីក​រាលដាល​លើ​សកលលោក ក៏ដូចជា​នៅក្នុង​ស្រុក​៕S/

​ ​ ​រូបថត​៖​មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​តាម​ផ្សារ​និង​ឱសថស្ថាន​