​ឆ្នាំនេះ​កម្ពុជា​គ្រោង​នាំ​អំបិល​ចូលមក​បរិភោគ​វិញ​

2497
ចែករម្លែក

ដោយ​: មូល សម្បត្តិ / ភ្នំពេញ​: ក្នុង​ឆ្នាំ​២០១៨ នេះ​កម្ពុជា​គ្រោង​នាំ​អំបិល​ចូលមក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​វិញ ដោយសារ​ការផលិត​អំបិល នៅ​ខេត្តកំពត និង​ខេត្ត​កែប នា​រដូវប្រាំង​កន្លងទៅ​មកដល់​បច្ចុប្បន្ន គឺ​ផលិត​អត់​បាន សូម្បី​តេ​អំបិល​មួយ​បាវ​ក៏​គ្មាន ព្រោះ​ទឹកភ្លៀង​ធ្លាក់​ជន់​ជោរ​ពេក ធ្វើឱ្យ​ការផលិត​អំបិល​មិនកើត​។ អំបិល​ផលិត​បាន​លុះត្រា​តែមាន​រដូវប្រាំង​ក្តៅហែង ទើប​អំណោយផល​ដល់​ការផលិត​អំបិល​បានល្អ​។

​លោក ប៊ុន បារាំង អនុប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៧​ខែឧសភា​ថា ដោយសារ​ឆ្នាំនេះ អំណោយផល​ធម្មជាតិ​មាន​ភ្លៀង​ច្រើនពេក នា​រដូវប្រាំង​ធ្វើឱ្យ​ផ្ទៃដី​ស្រែអំបិល​ជាង ៤.៥០០​ហិកតា នៅ​ខេត្តកំពត​និង​ខេត្ត​កែប ផលិត​អត់​បាន​ទាល់តែសោះ​។ អំបិល​លក់​នៅ​ទីផ្សារ​សព្វថ្ងៃនេះ គឺ​ដោយសារ​អំបិល​នៅសល់ ពី​ឆ្នាំ​ចាស់ ២០១៧ ហើយ​លក់​ក្នុងតម្លៃ​ថេរ​ដដែល​។ មិនបាន​ឡើងថ្លៃ​ដល់​អ្នក បរិភោគ​នោះទេ​។ អំបិល​លេខ​១ មួយ​បាវ​ទម្ងន់ ៥០​គីឡូក្រាម ថ្លៃ ១៧.៦០០​រៀល​, លេខ​២ ថ្លៃ ១៥.០០០​រៀល , លេខ ៣ ថ្លៃ ៤.៦០០​រៀល​។​

​ដោយសារ​ឆ្នាំនេះ ផលិត​អំបិល​ក្នុងស្រុក​មិនបាន​លោក ប៊ុន បារាំង បាន​ប្រាប់ថា សមាគម​គ្រោង​នាំ​អំបិល​ចូល​ពី​ប្រទេសក្រៅ​មក​បំពេញតម្រូវការ​បន្ថែម​។ ប៉ុន្តែ​លោក​មិន​ប្រាប់​ឱ្យដឹងថា នឹង​នាំ​អំបិល​មកពី​ប្រទេស​ណា​ទេ​។ តែ​លោ​កថា ប្រទេស​វៀតណាម​ក៏​រង​ប៉ះពាល់​ភ្លៀង​ច្រើន​ដូច​កម្ពុជា​ដែរ​។ លោក​ចង់ទៅ​មើល​អំបិល​នៅ​ប្រទេស​ចិន​។ កម្ពុជា​ត្រូវការ​អំបិល​ប្រើប្រាស់ ក្នុង​ជីវភាព​រស់នៅ​ប្រមាណ ១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។

​ថ្មីៗ​នេះ​ក្រសួង​ឧស្សាហកម្ម – សិប្បកម្ម និង​ក្រសួងផែនការ បាន​បើក​សិក្ខាសាលា​មួយ ប្រកាស​រួម​ដាក់ឱ្យ​ប្រើប្រាស់​ស្លាក​សញ្ញា​ជាតិ​សំគាល់​អំបិល ដែលមាន​បញ្ចូល​ជាតិ​អ៊ីយ៉ូត​រួចហើយ​។ ដោយមាន​រូប​ក្បាលមនុស្ស​ជា​ស្លាក​សញ្ញា​។ លោក ប៊ុន បារាំង​បាន​គាំទ្រ​នូវ​ការប្រកាស​ជា​ផ្លូវការ​នេះ​។ មុន​សេចក្តីប្រកាស​ជា​ផ្លូវការ​របស់​ក្រសួង​ទាំងពីរ​នេះ លោក ប៊ុន បារាំង ក៏​ប្រាប់ថា ពីមុន​ក៏មាន​ស្លាក​សញ្ញា​នៅតាម​កញ្ចប់​អំបិល ដាក់បញ្ចូល​ជាតិ អ៊ីយ៉ូត​នេះដែរ​។ តែ​យើង​បាន​ប្រើ​រូប​ឆ្នាំង ជា​រូប​សញ្ញា​៕ ល​