​ជនជាតិដើម​ភាគតិច​កួយ​ សម្ដែង​សិល្បៈ​វាយ​ខែល​ នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​

674
ចែករម្លែក
  • 26
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ របាំ​វាយ​ខែល​គឺជា​របាំ​មួយ​ប្រភេទ​ដែល​សម្ដែងឡើង​ដោយ​ជនជាតិដើម​ភាគតិច​កួយ​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ ​មុនពេល​បុណ្យចូលឆ្នាំថ្មី​។​ ចាស់ទុំ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​លើកឡើងថា ​រាល់​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ ​ពោលគឺ​ក្នុង​ខែមីនា​មុន​ខែមេសា ​អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​តែងតែ​ធ្វើ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​។

អភិបាលស្រុក​នៅទីនេះ​បាន​បង្កើត​គណ:កម្មការ​មួយ​រួមមាន​ព្រះសង្ឃ ​អាចារ្យវត្ត​ចាស់ទុំ ​កំណត់​ថ្ងៃបុណ្យ​ដែលមាន​រយៈពេល​បី​ថ្ងៃ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​។​ប្រាសាទ​ព្រះ​គោ​សង់​ឡើង​អំពី​ថ្ម​ដីឥដ្ឋ​និង​មាន​រូប​ថ្ម​ព្រះ​គោ​បែរ​មុខមក​ទិសខាងកើត​មាន​ប្រវត្តិ​ទាក់ទង​ក្នុងសម័យ​សង្គ្រាម​ខ្មែរ​សៀម​។​

អ្នកស្រុក​នៅទីនេះ​ចាត់ទុកថា​ ព្រះ​គោ​គឺជា​យានជំនិះ​របស់​មេទ័ព​ខ្មែរ​កាលពី​សម័យ​ដើម​ ហើយ​មានបុណ្យ​បារមី​ស័ក្តិ​សិទ្ធិណាស់​។​ហេតុដូច្នេះ​ហើយ​ទើប​គេ​នាំគ្នា​ធ្វើបុណ្យ​ប្រាសាទ​ព្រះ​គោ​រំលឹក​គុណ​ដល់​មេទ័ព​សម័យ​ដើម​និង​សូម​ឲ្យ​បារមី​ព្រះ​គោ​ជួយ​ថែ​រក្សាសុខ​សប្បាយ ​កុំឱ្យ​មាន​ជំងឺ​ផ្សេងៗ​កើតឡើង​ចំពោះ​អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

ទាក់ទង​ពិធីបុណ្យ​នេះដែរ ​ចាស់ៗ​បាន​លើកឡើងថា ​មុនពេល​បុណ្យចូលឆ្នាំថ្មី​ប្រជាពលរដ្ឋ​ជួបជុំគ្នា​ធ្វើបុណ្យ​ក៏​សប្បាយរីករាយ​ម្យ៉ាងដែរ​។​ជាមួយ​បុណ្យ​ដែលមាន​រយៈពេល​៣​ថ្ងៃ ​ក៏មាន​ការសម្ដែង​សិល្បៈ​ដោយ​ជនជាតិដើម​ភាគតិច​កួយ​យ៉ាង​សប្បាយរីករាយ​។​មាន​កីឡា​ជាច្រើន​ទៀត ​ដូចជា​កីឡាបាល់ទាត់​បាល់ទះ ​និង​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​។​ល​។ S/Ha