​ជនជាតិដើម​ភាគតិច​ព្នង​បិទ​ភូមិ​៧ថ្ងៃមិន​ឱ្យមនុស្ស​ចេញចូល​ការពារ​កូ​វីដ​១៩

306
ចែករម្លែក

ដោយ​៖​សុខុម​/​ស្ទឹងត្រែង​:​ជនជាតិដើម​ភាគតិច ភ្ន​ង នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង បានធ្វើ​ពិធីបុណ្យ​បិទ​ភូមិ​ហាម​មិនឱ្យ​មនុស្ស​ពី​ក្រៅ​ចេញចូល​ឡើយ​។​បើ​មាន​អ្នកចេញ​ចូល​គេ​នឹង​ផាកពិន័យ​ទៅតាម​ប្រពៃណី​ទ​នៀម​ទម្លាប់​ជនជាតិដើម​ពុំខាន​។​ពិធី​បិទ​ភូមិ​របស់​បងប្អូន​ជនជាតិដើម​ខាងលើ​ធ្វើឡើង​តាំងពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​ដើម្បី​ការពារ​កូ​វីដ​១៩​និង​ជា​ប្រពៃណី​ជនជាតិដើម​ភាគតិច​ផង​។​

​ប្រពៃណី​នេះ​គេ​តែង​ឃើញ​ជា​ញឹកញយ​បើសិន​ជាមាន​គ្រោះ​អ្វី​កើត​ឡើងលើ​អ្នកភូមិ​។​កំឡុងពេល​បិទ​ភូមិ​បើសិន​ជាមាន​អ្នក​ចេញចូល ត្រូវ​ផាកពិន័យ​។​អ្នកភូមិ ជនជាតិភាគតិច ភ្ន​ង​នៅ​ឃុំ​ក្បាល​រមាស បានឱ្យដឹងថា អ្នកណា​ចូល​ភូមិ​របស់គាត់ ដែល​កំពុង​បិទ រយៈពេល ៧​ថ្ងៃនេះ គឺមាន ការផាកពិន័យ ៧០ ម៉ឺន​រៀល​។

​ក៏ប៉ុន្តែ​បើ​មាន​អ្នក​ឈឺ​ធ្ងន់ អាច​ចេញពី​ភូមិ​ទៅ​ព្យាបាល​បាន តែ​មិន​ឱ្យចូល​ភូមិ​បានទេ ក្នុង​រយៈពេល ៧​ថ្ងៃនេះ ។​នេះ​ជា​វិធានការ របស់ មេកន្ទ្រាញ ភូមិ ដែល​រៀបចំ​ជា​ប្រពៃណី​ទំនៀមទម្លាប់ តាំងពី​យូរលង់​ណាស់​មកហើយ​។ បើសិន​ជាមាន​ជំងឺ​ឈឺ​ថ្កាត់ ចម្លែក ភូមិ​របស់គាត់ ត្រូវតែមាន​ពិធី បិទ​ភូមិ មិនឱ្យ​មានការ​ចេញចូល​ទេ ដោយ​មានការ​សែនព្រេន និង​ដាក់​រូប​ទីងមោង​ដើម្បី​សម្គាល់ថា​ភូមិ​របស់គាត់​បិទ​មិន​ឲ្យ​អ្នក​ចេញចូល​។

ប្រភព​បាន​បន្តថា​ជំនាន់​ដើម​មិនមាន ការផាកពិន័យ ជា​លុយ​ឡើយ គឺមាន​ការផាកពិន័យ ជា​ប្រភេទ​គោក្របី​និង​ស្រា​ពាង​តែប៉ុណ្ណោះ​។​សព្វថ្ងៃ​ប្រពៃណី​នេះ​បាន​ផ្លាស់ប្ដូរ​មក​ផាកពិន័យ​ជា​សត្វ​គោក្របី​ស្រា​ពាង​មកជា​លុយ​វិញ​។​សូមបញ្ជាក់ថា​នៅ​ខេត្តស្ទឹងត្រែង​ពុំទាន់​មាន​ករណី​ឆ្លង​ជំងឺ​covid-19​នៅឡើយ​ទេ​៕S/​