«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​»​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​ឃួន នី ពេទ្យ​តំបន់ និង ឃួន សំបាន់​ពេទ្យ​កងពល​៣១០

399
ចែករម្លែក
រូប​រាប់​ពីឆ្វេង​៖ ឃួន នី​, អ្នក​រួម​ការងារ​ឈ្មោះ ស៊ី​, អ្នក​រួមការ​ងារ​ដែល​មិន​ចាំ​ឈ្មោះ និង ឃួន តុង​ហេង ថត​នៅ​ខេត្តកំពង់ចាម ក្នុងអំឡុង​ឆ្នាំ​១៩៧៤​។
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់​/ភ្នំពេញៈសម្ភាសន៍​ជាមួយ​ប្អូនប្រុស​របស់​ពួកគេ​ឈ្មោះ ឃួន តុង​ហេង អាយុ​៤៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ វ័រ យ៉ាង អាយុ​៨៣​ឆ្នាំ នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​។
​ ​ឃួន តុ​ហេង​៖ បងស្រី សំ បាន់ បាន​ថតរូប​នេះ​ទុក​។ គាត់​ជា​កូន​ទី​ប្រាំ​ក្នុងចំណោម​គ្រួសារ​ដែលមាន​កូន​ប្រាំ​បីនាក់​។ គាត់​បាន​ចូល​បម្រើ​បដិវត្តន៍ នៅក្នុង​ឆ្នាំ​១៩៧២​។ ខ្ញុំ​មិនដឹងថា​គាត់​ធ្វើ​អី​ទេ​។ ដឹង​ត្រឹមតែ​គាត់ និង​ប្ដី​រស់នៅ​ទីក្រុង​ភ្នំពេញ​។ គាត់​បាន​រៀបការ​ជាមួយ​ប្រធាន​វរ​សេនា​ធំ​ឈ្មោះ ម៉ន​។ បង​ម៉ន បាន​រក្សាទុក​ម៉ាស៊ីន​ថត​គ្រាន់​ថតរូប​នៅ​វាលស្រែ និង​តាម​អូរ​ប្រឡាយ​នានា​។​
​ ​នៅ​ឆ្នាំ​១៩៧៦ ឪពុកម្ដាយ​ខ្ញុំ​បានទទួល​ការអនុញ្ញាត​ឲ្យ​ទៅ​ភ្នំពេញ​ពីរ​ថ្ងៃ​។ ឪពុកម្ដាយ​ខ្ញុំ​ជួប​បង សំបាន់ នៅ​ទីនោះ​។​បង​សំបាន់ ប្រាប់​ឪពុកម្ដាយ​ខ្ញុំ​ថា បង​ម៉ន ត្រូវ​អង្គការ​ចាប់ខ្លួន​។ អង្គការ​ចោទ​បង ម៉ន ថា​ជា​ខ្សែបណ្ដាញ​វៀតណាម​។ ប្រធាន​របស់គាត់​ឈ្មោះ អឿន ត្រូវបាន​អង្គការ​ចាប់​ខ្លួ​ពីរ​សប្ដាហ៍​មុនពេល​ចាប់ខ្លួន​គាត់​។ ខ្ញុំ​គ្មាន​ភ័យខ្លាច​អ្វី​ទាំងអស់​ដោយសារ​ខ្ញុំ​នៅ​ក្មេង​ពេក​។ ឪពុក​ខ្ញុំ​ខ្វាយខ្វល់​ពី​បងស្រី​ខ្ញុំ​យ៉ាងខ្លាំង​។ ឪពុក​ខ្ញុំ​និយាយថា «​បើ​ខ្មែរក្រហម​សួរ​ឯង​ពី​វណ្ណៈ ប្រាប់​គេ​ទៅ​ថា​ឯង​នៅ​វណ្ណៈ​កណ្ដាល​កុំ​ប្រាប់ថា​អ្នក​មានអី​សោះ​។

ឃួន នី ថត​នៅ​ភ្នំពេញ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​ក្រោយមក​ទើប​ខ្ញុំ​ដឹងថា សំបាន់ ត្រូវ​ចាប់ខ្លួន​នៅ​ឆ្នាំ​១៩៧៧ តែ​ខ្ញុំ​មិនដឹងថា​មូលហេតុ​អី​ទេ​។ គាត់​មានកូន​ស្រី​ម្នាក់​ដែល​ខ្ញុំ​មិនដែល​ជួប​សោះ​។ ខ្ញុំ​គិតថា​ខ្មែរក្រហម​បញ្ជូន​បង សំបាន់ និង​កូនស្រី​របស់គាត់​ទៅ​គុក​ព្រៃ​សរ (​ខ្ញុំ​អត់​ស្គាល់​គុក​ទួលស្លែង​ទេ​ពេលនោះ​)​។​
​ ​ខ្ញុំ​មិនបាន​ទទួលដំណឹង​ពី​គាត់ និង​បងស្រី​ខ្ញុំ​ម្នាក់ទៀត​ឈ្មោះ នី តាំងពី​ពេលនោះ​មក​។ ខ្ញុំ​បាន​រក​គ្រូទាយ​ជាច្រើន​នាក់ ដើម្បី​សួរ​ពី​រឿង​បង សំបាន់​។ ពេលដែល​គ្រូទាយ​ថា​គាត់​នៅរស់​ខ្ញុំ​ស្បាយចិត្ត​ខ្លាំងណាស់​។ ឥឡូវ​ខ្ញុំ​បានឃើញ​រូបថត​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានបង្ហាញ​ខ្ញុំ ទើប​ខ្ញុំ​ដឹងថា​គាត់​ស្លាប់​ហើយ​។ បងប្រុស​ខ្ញុំ​ឈ្មោះ រី គឺជា​ទាហាន​ខ្មែរក្រហម​បាន​ស្លាប់​នៅក្នុង​ឆ្នាំ​១៩៧៦ ពេលនោះ​គាត់​មាន​អាយុ​២០​ឆ្នាំ​។ ទាហាន​ផ្សេងទៀត​ខឹង​នឹង​គាត់​ណាស់​ព្រោះ​គាត់​មិន​ឲ្យ​ម៉ាញ៉េ​ទៅ​គេ ហើយ​សុខចិត្ត​បោះ​វា​ចោល​។ ទាហាន​ក៏​ឲ្យ​គាត់​បេះ​និង​ប្រមូល​ផ្លែ​ដូង​។ ក្រោយមក​គេ​បាន​ចាក់​សម្លាប់​គាត់​នឹង​កាំបិត​វែង​មួយ​។ បងប្អូន​របស់ខ្ញុំ​ទាំង​ប៉ុន្មាន​នាក់​សុទ្ធតែ​នៅរស់​ដល់​បច្ចុប្បន្ន​លើកលែងតែ​បងស្រី​ខ្ញុំ​ដែល​បាន​ស្លាប់​ដោយសារតែ​ជាន់មីន​នៅ​ឃុំ​ស្រែ​វាល ក្នុងស្រុក​នេះ​។​
​ ​ខ្ញុំ​បាន​ចូល​បដិវត្តន៍​នៅក្នុង​ឆ្នាំ​១៩៧៥ មាន​នាទី​ជា​សមាជិក​កងកុមារ​៣១០​។ ពេលនោះ​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ​។ បង​សំបាន់ បាន​ចុះឈ្មោះ​ឲ្យ​ខ្ញុំ​ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​ឲ្យ​ខ្ញុំ​រៀនសូត្រ​។ គាត់​និង​ប្ដី​របស់គាត់​ដឹក​ខ្ញុំ​ទៅ​ភ្នំពេញ​ជា​កន្លែង​ដែល​ខ្ញុំ​ស្នាក់នៅ និង​ជា​កន្លែង​បណ្ដុះបណ្ដាល​នៃ​មន្ទីរពេទ្យ ព្រះ​កេតុមាលា និង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។ ខ្ញុំ​នៅ​ទីនោះ​តែមួយ​ខែ​សោះ ប៉ុន្តែ​ហាក់ដូចជា​យូរណាស់​សម្រាប់​ខ្ញុំ​។
​ ​ខ្ញុំ​អត់​មាន​អាហារ​គ្រប់គ្រាន់​ទេ​។ ខ្ញុំ​ផ្លាស់​ទៅ​ទួលគោក​នៅឯ​ជាយក្រុង​ភ្នំពេញ ហើយ​ការងារ​លំបាក​យ៉ាប់យ៉ឺន​ណាស់​។ ខ្ញុំ​រែក​ដី​ស្រោច​បន្លែ និង​ចាំចម្ការ​។ ជីវិត​ខ្ញុំ​លំបាក​មិន​ខុសពី​ប្រជាជន​រស់នៅ​តាម​ភូមិ​ទេ​។ ខ្ញុំ​រស់នៅ​ដោយឡែក​ពី​ឪពុកម្ដាយ​។ អង្គការ​ឲ្យ​ទៅ​ចម្ការពោត​។
​ ​ខ្ញុំ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​អង្គឌួង​នៅ​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៧៨​។ ខ្ញុំ​រៀនអក្សរ​ខ្មែរ​នៅទីនេះ​។ នៅ​ឆ្នាំ​ដដែល ខ្ញុំ​បាន​ទៅ​វត្ត​ត្មោង​ដែល​ស្ថិតនៅ ភាគ​ខាងជើង ខេត្តកំពង់ចាម​ដើម្បី​ទៅ​មើល​អ្នក​ត្រូវរបួស​។ ជា​រៀងរាល់ថ្ងៃ មាន​ទាហាន​ត្រូវរបួស​ប្រហែល​កន្លះ​ឡានធំៗ​ត្រូវ​ដឹក​មក​ដាក់​ទីនេះ​។ ភាគច្រើន​ខ្ញុំ​ទៅ​យួរ​ទឹក​មក​លាង​របួស​។ ខ្ញុំ​បាន​ចាក់​ថ្នាំ​ឲ្យ​ទាហាន​ដែល​ត្រូវរបួស​ពីរ​បី​ដង​ដែរ តែ​ខ្ញុំ​មិន​បានទទួល​ការណែនាំ​ត្រឹមត្រូវ​ទេ​។ ខ្ញុំ​មិន​ស្ទាក់ស្ទើរ​ធ្វើ​កិច្ចការ​នេះ​ទេ ទោះបីជា​ខ្ញុំ​មិនមាន​ចំណេះដឹង​ខាង​ពេទ្យ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​ពិបាក​នឹង​មើល​អ្នកជំងឺ​ទាំងអស់នោះ​ណាស់​។
​ ​ក្រោយមកទៀត​ខ្ញុំ​បាន​ទៅ​ឲ្យ​ចំណី​មាន់នៅ​ទួល​កី​។ ខ្ញុំ​នៅ​ទីនោះ​បានតែ​មួយខែ​ប៉ុណ្ណោះ មុន​ពេលដែល​កងទ័ព​វៀតណាម​ចូលមក​ដល់​។ នៅ​ភ្នំពេញ​មានការ​ច្បាំង​គ្នា​យ៉ាង​ក្ដៅគគុក​នៅពេលនោះ ដូច្នេះ​ខ្ញុំ​ក៏​រត់​រហូត​ទាល់តែ​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ នៅ​ឆ្នាំ​១៩៨២​។


​ ​វ័រ យ៉ាង​៖ ខ្ញុំ​សប្បាយចិត្ត ហើយ​ភ័យខ្លាច​នៅពេលដែល​ឃើញ​កូនៗ​ខ្ញុំ​ចូល​បដិវត្តន៍​ខ្មែរក្រហម​។ កូនស្រី​របស់ខ្ញុំ​ផ្ញើ​ឆ្នាំង​ដាំបាយ​ធំ​មួយ​ឲ្យ​ខ្ញុំ ក្រោយមក​អង្គ​ការយក​ឆ្នាំង​នោះ​ទៅប្រើ​ប្រាស់​ក្នុង​សហករណ៍​។
​ ​ប្ដី​ខ្ញុំ​បាន​ទៅ​ភ្នំពេញ ព្រោះ សំបាន់ សរសេរ​សំបុត្រ​មក​។ ខ្ញុំ​យក​អង្ករដំណើប​ដើម្បី​ធ្វើ​បុណ្យសព​ឲ្យ​កូនស្រី​ខ្ញុំ​ឈ្មោះ នី​។ នាង​ទើបតែ​ស្លាប់ ហើយ សំបាន់ កំពុងតែ​រង់ចាំ​យើង​ទៅ​បូជាសព​នាង​។ ក្រោយមកទៀត​នាង​បាន​ប្រាប់​ខ្ញុំ​ថា ម៉ន ត្រូវ​អង្គ​ការចាប់​ឃុំ​នៅឯ​គុក​ខាងជើង​ផ្ទះ​គាត់​។ យើង​ភ័យ​ខ្លាំងណាស់​។ ខ្ញុំ​យំ​មិន​ឲ្យ​ឮសូរ​ទេ ប៉ុន្តែ​ប្រុសៗ​ដែល​នៅ​ជុំវិញ​ខ្ញុំ​ហាក់ដូចជា​មួម៉ៅ​។ កាលនោះ​ខ្ញុំ​ឃើញ​ខ្មែរក្រហម​បណ្ដើរ កូនស្រី​ខ្ញុំ​ទៅ​ទិស​ខាងលិច ខ្ញុំ​ឆ្ងល់​ថា​តើ​ខ្មែរក្រហម​យក​នាង​ទៅណា​។ ប្ដី​របស់ខ្ញុំ​យល់ថា សំបាន់ ត្រូវ​ខ្មែរក្រហម​ចង​នៅក្នុង​បាវស្រូវ​ហើយ​សម្លាប់ចោល​។ ក្រោយមកទៀត មាន​អ្នក​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​គួរតែ​ទៅ​មន្ទីរ​សន្តិសុខ​ស​-២១ ប្រសិនបើ​ខ្ញុំ​ចង់ឃើញ​រូបថត​របស់ សំបាន់​។​
​ ​ខ្ញុំ​បាន​ជួបនឹង​កូនស្រី​របស់ សំប៉ាន់ ម្ដង​កាល​ជា​កូនង៉ែត​មិនទាន់​ទាំង​ចេះ​និយាយ​ផង​។ ខ្ញុំ​មិនបាន​ចាំ​ឈ្មោះ​នាង​ទេ​។ ខ្ញុំ​គិតថា​នាង​តូច​នោះ​ក៏ត្រូវ​ខ្មែរក្រហម​សម្លាប់​ដែរ ព្រោះ​បើ​ឪពុកម្ដាយ​នាង​ត្រូវ​ខ្មែរក្រហម​សម្លាប់​ទាំងអស់​ហើយ​នោះ​។


​ ​កូនៗ​ខ្ញុំ​ជាម​នុស្ស​ល្អ​ត្រឹមត្រូវ មិនដែល​បង្ក​ការលំបាក​ដល់​ខ្ញុំ​និង​មិនដែល​ធ្វើ​ខុស​ម្ដងណា​ឡើយ​។ កូនៗ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ​ណាស់​។ កូនៗ​របស់ខ្ញុំ​ស្លាប់​ដោយ​ស្ងប់ចិត្ត​ហើយ​។ ខ្ញុំ​យល់ថា​ព្រលឹង​របស់​កូន​ខ្ញុំ​ពិតជា​បាន​ទៅកាន់​សុគតិភព​៕សរន

ឃួន តុង​ហេង ថត​នៅ​ភ្នំពេញ ឆ្នាំ​១៩៧៥​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)