​ជំនួប​​សម្តេច​ក្រឡាហោម និង​លោកស្រី រ៉ូ​ណា​ស្មី​ត​ករណី​លោក​កឹម សុខា មិនត្រូវ​បាន​លើក​យកមក ​ពិភាក្សា

1421
ចែករម្លែក

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ នៅក្នុង​ជំនួប​រយៈពេល ២ ម៉ោង ភាគី​ទាំងពីរ បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ មួយចំនួន ពាក់ព័ន្ធស្ថានការណ៍​នយោបាយ និង​បញ្ហា​អង្គការក្រៅរដ្ឋាភិបាល រួមទាំងបញ្ហា​សំខាន់ៗ​មួយចំនួនទៀត​។ ប៉ុន្តែ​នៅក្នុង​ជំនួប​ពិភាក្សា​នោះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ មិនបាន​និយាយ​ពី​ករណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត ជួបពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង (​រូប​ថ​តៈ​មុនី​រ័ត្ន​)

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​ជំនួប​ចប់​ថា បញ្ហា​ធំៗ​ចំនួន​៥ ដែល​លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកយក​ជជែក​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង គឺ​ទី​១.​ពាក់ព័ន្ធ​ការរៀបចំ​ច្បាប់ ដោយ​លោកស្រី​ចង់ដឹង​ពី​បច្ចុប្បន្នភាព​នៃ​សេចក្តីព្រាងច្បាប់ ស្តីពី​ការប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ។
​សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​ថា​រហូតមក​ដល់ពេលនេះ ក្រសួងមហាផ្ទៃ​មិនទាន់បានធ្វើ​អ្វី​ឲ្យ​មាន​វឌ្ឍនភាព​អ្វី​ច្រើន​ទៅលើ​បញ្ហា​ច្បាប់​នេះ​ទេ ដោយសារ​ស្ថិតនៅក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ ។ ​ទី​២.​លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង អំពី​តួនាទី​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​អនុវត្ត​ច្បាប់ ដូចជា​ច្បាប់​គណបក្សនយោបាយ ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តីពីការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។
​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ការរៀបចំ​ច្បាប់​ទាំងអស់នេះ​គឺ​មិនមែន​ក្នុងន័យ​រិត​ត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ​ទាក់ទង​ច្បាប់​គណបក្សនយោបាយ​លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​អំពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ការរំលាយ​នេះ គឺ​ដោយសារ​គណបក្ស​នេះ​បានអនុវត្ត​ផ្ទុយ​នឹង​ច្បាប់ ។ ពាក់ព័ន្ធ​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​អង្គ​ការដែល​មិន​នអនុវត្ត​ស្របតាម​លក្ខន្តិកៈ​នៃ​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​នឹងត្រូវ​ទទួល​នូវ​ការពិន័យ​ផ្សេងៗ ដូចជា​ការផ្អាក​សកម្ម​ភាព និង​ការបង់​ផាកពិន័យ​ជាដើម​។
​ពាក់ព័ន្ធ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គឺ​ធ្វើយ៉ាងណា ដើម្បី​រក្សា​នៅ​សន្តិសុខ សុវត្ថិភាព គឺមិនមាន​គោលបំណង ក្នុង​ការបិទ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ដោយ​ប្រការ​ណាមួយ​ទេ​។
​ចំណុច​ទី​៣.​លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង អំពី​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ដោយ​លោកស្រី សម្តែង​នូវ​ការបារម្ភ​សុខុមាលភាព​របស់​អ្នក​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ ។ ​សម្តេច​ក្រឡាហោម បាន​លើកឡើងថា រាជរដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​បង្ក្រាប​បទល្មើស​ផង និង​គិតដល់​ការ​ស្តារនីតិសម្បទា អ្នក​ជាប់ឃុំ​ផងដែរ ។
​ទី​៤.​លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​អំពី​ការយល់ដឹង​ច្បាប់ របស់​អាជ្ញាធរ​នៅ​មូលដ្ឋាន ដោយមាន​ការយល់​ឃើញ និង​ការអនុវត្ត​ខុសៗ​គ្នា ទៅលើ​ច្បាប់​នៅក្នុង​ថ្នាក់មូលដ្ឋាន ។
​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន​នេះ សម្តេច បាន​ណែនាំ​ទៅដល់​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ធ្វើយ៉ាងណា​អនុវត្ត​ទៅតាម​ស្មារតី​នៃ​ច្បាប់ ឬក៏​គោលការណ៍​ណែនាំ​របស់​ក្រសួង​។ បើសិនជា​មានការ​អនុវត្ត​ខុសឆ្គង​ណាមួយ សូម​ឲ្យ​ខាង​លោកស្រី រ៉ូ​ណា ស្មី​ត ផ្តល់ព័ត៌មាន​មក​ខាង​ក្រសួងមហាផ្ទៃ ដើម្បី​មាន​វិធានការ​សមស្រប ។
​ទី​៥.​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជម្រាបសួរ​សម្តេច​ក្រឡាហោម ស ខេង អំពី​ព័ត៌មាន នៅ​ខេត្តក្រចេះ​។ សម្តេច​ក្រឡាហោម បាន​ឆ្លើយតប​ថា រហូតមកដល់​ពេលនេះ សម្តេច​បានទទួល​របា​យ​ការណ៍​បឋមមួយចំនួន​ដែរ​។ សម្តេច​បាន​ចាត់​ក្រុម​អធិការ​ទៅធ្វើ​ការស្រាវជ្រាវ​បន្ថែម ទៅលើ​ករណី​ដែល​កើតឡើង នៅ​ខេត្តក្រចេះ ហើយ​រហូតមក​ដល់ពេលនេះ សម្តេច​មិនទាន់​បានទទួល​របាយ​ការណ៍​នៅឡើយ​ទេ ហើយ​នៅពេល​ទទួលបាន​លទ្ធផល​យ៉ាងណា សម្តេច​នឹងធ្វើ​ការងារ​នេះ បន្តទៀត​៕MN/ដោយៈមុនីរ័ត្ន