​ដើមឆ្នាំ​២០២០​ពលរដ្ឋ​នៅ​ឃុំ​បឹង​ព្រាវ​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​

282
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​នៅ​ស្រុក​ស្រែអំបិល​បច្ចុប្បន្នកំពុង​ពង្រីក​ត​ភ្ជាប់​ណ្តា​ញ​ទុយោ​ទឹក​ចូល​តាម​មុខ​ខ្នង​ផ្ទះ​គ្រា​ដែល​ពលរដ្ឋ​ប្រើប្រាស់​តែ​ទឹក​មិនមាន​សុវត្ថិ​ភាពល្អ​។​តាម​ផែនការ​ពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ​រស់នៅ​ភូមិ​ជ្រោយ​ឃុំ​បឹង​ព្រាវ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​នឹង​ទទួលបាន​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់​ពេលខាងមុខ​នេះហើយ​។​

​យ៉ាងយូរ​នា​ដើមឆ្នាំ​២០២០​គឺ​ពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ហើយ​ក្រោម​គោលនយោបាយ​រដ្ឋាភិបាល​លើកកម្ពស់​អនាម័យ​ទឹកស្អាត​និង​កិច្ចខិតខំ​ពង្រីក​ត​បណ្តាញ​ប្រព័ន្ធ​ទឹក​ដែលមាន​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ឯកជន​ចូល​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវការ​ចង់បាន​។​

​លោក​កើត​ព្រហស្ថ​វរៈ​ប្រធាន​ស្ថានីយ៍​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ស្រុកស្រែ​អំបិល​បាន​ពន្យល់​ឱ្យដឹង​កាលពីពេល​ថ្មី​នេះ​ថា​ក្រុមហ៊ុន​របស់លោក​ទទួល​អាជ្ញា​បណ្ណ​ផ្គត់ផ្គង់​ទឹកស្អាត​តាំង​ឆ្នាំ​២០១៧​។​ផ្តោត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ចែកចាយ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្រែអំបិល​សម្រាប់​សុខភាព​អនាម័យ​តាមរយៈ​ទទួលទាន​ទឹក​សុវត្ថិភាព​ប្រចាំថ្ងៃ​។​ជាក់ស្តែង​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ពង្រីក​បណ្តាញទឹក​សងខា​ង​ផ្លូវ​ប្រវែង​៣​គីឡូម៉ែត្រ​ទៅកាន់​ភូមិ​ជ្រោយ​ស្មើនឹង​ជិត​១០០​គ្រួសារ​។​

​បើតាម​សហគ្រិន​វ័យក្មេង​រូបនេះ​គូសបញ្ជាក់​យ៉ាងច្បាស់​ថា​ឆ្នាំនេះ​ក្រៅពី​ផែនការ​សកម្មភាព​ត​ភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត​ទៅ​ភូមិ​ជ្រោយ​រួចរាល់​នោះ ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​បណ្តាញទឹក​ទៅកាន់​ភូមិ​ផ្លាង ភូមិ​វាល​ត្បូង​និង​ភូមិ​ផ្សារលើ​។​គ្រា​កន្លងទៅ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ជាច្រើន​បានស្នើ​សុំ​មកដល់​ក្រុមហ៊ុន​ត​ភ្ជាប់​ទឹកស្អាត​ជូន​ពួកគាត់​។

​ដូច្នេះ​លោក កើត ព្រហស្ថ​វរៈ ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ទទួល​ទឹកស្អាត​និង​គុណភាព​ខ្ពស់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​តាម​គោ​លន​បោយ​រដ្ឋាភិបាល​ក្រសួង​ឧ​ស្សហកម្ម​និង​សិប្បកម្ម​ជៀស​ការប្រើប្រាស់​ទឹក​ដែល​គ្មាន​សុវត្ថិភាព​អនាម័យ​បង្ក​កើត​ជំងឺ​ឬ​គ្រោះថ្នាក់​ផ្សេងៗ​។

​កន្លងមក​ពលរដ្ឋ​ពុំ​សូវ​ចាប់អារម្មណ៍​ការប្រើប្រាស់​ទឹកស្អាត​នៅឡើយ​ក្រោយពី​សហការ​ជាមួយ​អាជ្ញាធរ​ផ្សព្វផ្សាយ​អប់រំ​មក​ឃើញថា​ពលរដ្ឋ​ចូលរួម​ជាវ​និង​ប្រើ​ទឹកស្អាត​ច្រើន​គួរឱ្យកត់សម្គាល់​។សព្វថ្ងៃនេះ​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ឃុំ​ស្រែអំបិល​និង​ឃុំ​បឹង​ព្រាវ​ប្រមាណ​ជិត​១.០០០​គ្រួសារ ដោយ​ពុំមាន​បញ្ហា​ប្រឈម​ខ្វះខាត​ទឹក​នោះ ទោះ​អំឡុង​រដូវប្រាំង​ក៏ដោយ​។

ចំពោះ​ភូមិ​ឃុំ​ផ្សេងទៀត​ក្រុមហ៊ុន​កំណត់​ទិសដៅ​ត​ភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត​នៅ​ឆ្នាំ​បន្តបន្ទាប់​តាម​ផែនការ​របស់ខ្លួន​។​ដោយឡែក​អ្នកស្រី​តាក់​សីហា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​ឃុំ​បឹង​ព្រាវ​ពេញចិត្ត​នៅពេល​ដឹងថា​ពួកគាត់​ជិត​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ខណៈ​សព្វថ្ងៃ​ពួកគាត់​មិន​ចង់​ទទួលទាន​ទឹក​អណ្តូង​ឬ​ទឹកភ្លៀង​ទេ​ព្រោះ​ទឹក​ទាំងនេះ​គ្មាន​សុវត្ថិភាព​តែ​ធ្វើ​បើ​គ្មាន​ទឹកស្អាត​ចេះតែ​ទ្រាំ​សិន​ទៅ​។​

​ទោះបីជា​មានការ​ចំណាយ​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ទឹកស្អាត​លើកដំបូង​ក៏​ពលរដ្ឋ​រីករាយ​នឹង​ទទួល​ដើម្បី​សុខ​សុវត្ថិភាព​ទទួលទាន​ទឹក​ប្រកបដោយ​អនាម័យ​គុណ​ភាពល្អ​ក្រោម​ការវាយតម្លៃ​ពី​ក្រសួង​ឧ​ស្សហកម្ម​និង​សិប្បកម្ម​តាម​បទដ្ឋាន​បច្ចេកទេស​ផលិត​ទឹក​។​ក្នុង​១​ថ្ងៃៗ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ស្រុកស្រែ​អំបិល​អាច​ផលិត​ទឹកបាន​ពី​៧០០​ទៅ​៨០០​ម៉ែត្រ​គីប​សម្រាប់​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​។​

ប៉ុន្តែ​ការប្រើប្រាស់​របស់​ពលរ​ដ្ឋ​តាម​កម្រិត​ច្រើន​តិច​គឺ​អាស្រ័យ​លើ​រដូវប្រាំង​និង​រដូវវស្សា​។​រីឯ​តម្លៃ​លក់​ក្នុង​១​ម៉ែត្រ​គីប​ថ្លៃ​២.០០០​រៀល​ស្របតាម​ការកំណត់​ណែនាំ​របស់​ក្រសួង​សិប្បកម្ម និង​ឧស្សាហកម្ម​៕S/