​ដោះលែង​ជន​ដែល​បង្ហោះ​រូប​ធ្លាក់​យន្តហោះ​នៅ​សៀមរាប​

1081
ចែករម្លែក

​(​ភ្នំពេញ​)៖​កម្លាំង​សមត្ថកិច្ច​បាន​ដោះលែង​មនុស្ស​ពីរ​នាក់​កាលពី​ថ្ងៃទី​២២​ខែកក្កដា​ជា​ថ្ងៃ​តែមួយ​ដែល​សមត្ថកិច្ច សួរនាំ​ពួកគេ​ពាក់ព័ន្ធ​ករណី​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ​នៅ​ខេត្តសៀមរាប​។ ការដោះលែង​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​ទទួលបាន​ការអប់រំ និង​ការណែនាំ​ពី​កម្លាំង​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បាន​អះអាងថា សកម្មភាព​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ​នៅ​ខេត្ត​សៀម​ដែលជា​ករណី​ប្រឌិត​នេះ គឺ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់​យ៉ាងខ្លាំង និង​ជាពិសេស​វា​បាន​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ដែល​កំពុងស្នាក់នៅ​កម្ពុជា នឹង​គ្រោង​មក​កម្ពុជា​។​

តែបើ​តាម​ចម្លើយសារភាព​របស់​ពួកគេ​មិន​នឹកស្មានថា អ្វីដែល​ខ្លួន​បានធ្វើ​វា​ក្លាយជា​រឿង​ធំ ហើយ​ឈានដល់​ករណី​នាំខ្លួន​ពួកគេ​មក​សួរនាំ​យ៉ាង​ដូច្នេះ​សោះ​។ ក្នុងនោះ​សាធារណៈជន​មួយចំនួន​ក៏​សម្ដែង​ការហួសចិត្ត​ចំពោះ​ទង្វើ​របស់​ពួកគេ​ទាំងពីរ​ព្រោះ​ពួកគេ​ជា​បុគ្គលិក​បម្រើ​លើ​យន្តហោះ ហេតុ​អី​ធ្វើ​រឿង​បែបនេះ​ទៅវិញ​។​

​លោក ទិ​ត្យ ណា​រ៉ុង​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ពួកគេ​ទាំងពីរ​នាក់​ដែលជា​បុរស និង​ស្ត្រី គឺ​ម្នាក់​ជា​បុរស​ទេ​ដែលជា​អ្នក​បង្ហោះ​រូបភាព​នោះ​។ ចំណែក​ម្នាក់​ជា​ស្ត្រី​គ្រាន់តែ​ហៅ​មក​សួរនាំ​ធម្មតា​ប៉ុណ្ណោះ​ព្រោះ​គាត់​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយគ្នា​។ បន្ថែម​ពីលើ​នេះ​លោក ទិ​ត្យ ណា​រ៉ុង ស្នើ​ឲ្យ​ពួកគេ​មាន​ភាព​ប្រុងប្រយ័ត្ន​នៅក្នុង​ការប្រើប្រាស់​ហ្វេ​ស​បុក​។​

​សូមបញ្ជាក់ថា​គណនេយ្យ Facebook ឈ្មោះ​”Bondet Panha Vatanak”​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ និង​សរសេរ​ជា​ភាសា​អង់គ្លេស​ថា “Aircraft come to completely stop and safe landed at siem reap”​។​ចំណែក​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​បាន​កត់សម្គាល់ថា ពលរដ្ឋ​ខ្មែរ​នៅមានកម្រិត​ក្នុងការ​ប្រើប្រាស់​ហ្វេ​ស​បុក​ដែល​នាំខ្លួន​ឯង​ជួប​បញ្ហា​ដោយសារតែ​ការប្រើប្រាស់​ហ្វេ​ស​បុក​។ ជាក់ស្ដែង​ករណី​បង្ហោះ​ព័ត៌មាន​ប្រឌិត​ធ្លាក់​យន្តហោះ​គឺ​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​។ លោក សន​ជ័យ​អំពាវនាវ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ពិនិត្យ​ឲ្យ​បាន​ច្បាស់​មុន​ចែករំលែក​៕S/​ដោយ​៖​សហការី​

​ដោះលែង​ជន​ដែល​បង្ហោះ​រូប​ធ្លាក់​យន្តហោះ​នៅ​សៀមរាប​
(រូប៖វ៉េបសាយ)