​តម្លៃ​ប្រេងឥន្ធនៈ ធ្លាក់​យ៉ាងគំហុក នៅ​ដើមខែ​មេសា​នេះ​

260
ចែករម្លែក

ដោយ : ពៅ និមល​/​ភ្នំពេញ​: ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ តម្លៃ​ប្រេងឥន្ធនៈ នៅតាម​បណ្តា​ស្ថានីយ​ធំៗ បាន​ធ្លាក់​ថ្លៃ​ត្រឹមតែ ចំនួន ២.៣៥០ រៀល (​ប្រេងសាំង​ធម្មតា​) ក្នុង​មួយ​លីត្រ​។ រីឯ ប្រេងម៉ាស៊ូត ធ្លាក់​ត្រឹមតែ ២.៤៥០ រៀល ប៉ុណ្ណោះ ក្នុង​មួយ​លីត្រ​។
​ ​

យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ របស់ ក្រសួងពាណិជ្ជកម្ម ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ បាន​ឲ្យ​ដឹងថា ផ្អែក​តាម​តម្លៃ​មធ្យម ប្រេងឥន្ធនៈ លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេង ឥន្ធនៈ ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​១៥ មេសា ខាងមុខ នឹងត្រូវ​លក់ ២.៥៣៤ រៀល ក្នុង​១​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២.៦១៣ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។ ក្នុងនោះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈនៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន ស្មើ ២០០ រៀល ក្នុង​មួយ​លីត្រ​។​


​គួររម្លឹកថា ក្នុង​ចន្លោះ​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​៣១ ខែមីនា កន្លងទៅ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ សម្រាប់​ប្រេងសាំង​ធម្មតា ថ្លៃ ៣.០៥០ រៀល ក្នុង​មួយ​លីត្រ​។ ចំណែក​ប្រេងម៉ាស៊ូត​ថ្លៃ​៣.១៥០ រៀល ក្នុង​មួយ​លីត្រ​។​

ជុំវិញ​បញ្ហា​តម្លៃ​ប្រេងឥន្ធនៈ ខាងលើនេះ ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្រសួង​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈនៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស ដូច​មាន​ក្នុង​ឯកសារ​បង្ហាញ​ស្រាប់​៕srn/Ha