​តាម​ពន្ធនាគារ​ផ្អាក​លែងឱ្យ​សាច់ញាតិ​ចូល​សួរសុខទុក្ខ​អ្នកទោស​ដើម្បី​បង្ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩

165
ចែករម្លែក
លោក ចាន់ គីម​សេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ

ដោយៈ ដេប៉ូ​/​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ នៃ​ពន្ធនាគារ​បាន​ថ្លែងថា ការអនុញ្ញាត​ឱ្យចូល​សួរសុខទុក្ខ​របស់​សាច់ញាតិ​អ្នក​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​
​កែប្រែ​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​ផ្អាក​មួយរយៈ​ពេល​សិន បន្ទាប់ពី​មាន​ការរីក​រាតត្បាត​នៃ ជំងឺ​កូ​វីដ​១៩​។​


​ ​ការបញ្ជាក់​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម ប្រចាំ​ប្រទេស​កម្ពុជា បានប្រគល់​សម្ភារ​អនាម័យ​ចំនួន​២០​តោន ជូន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ ក្នុង​ពន្ធនាគារ នៅឯ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា។​
​ ​លោក ចាន់ គីម​សេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានឱ្យដឹងថា បន្ទាប់ពី​មាន​ការរីក​រាតត្បាត​នៃ ជំងឺ​កូ​វីដ​.១៩ ពេលនេះ​មក​នៅតាម​​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​នានា ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​ផ្អាក ហើយ​ជំនួស​មកវិញ​ដោយ​គេ​បានដាក់​ទូរស័ព្ទ​អចល័ត​ដើម្បី​សាច់ញាតិ​របស់​អ្នក​កំពុង​ជាប់​ឃុំឃាំង​សួរសុខទុក្ខ​ជំនួស​វិញ​។​
​ ​លោក​បន្តថា ការធ្វើ​បែបនេះ​ដើម្បី​បញ្ចៀស ក៍​ដូចជា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ដែល​កំពុង​វាល​លុក​ជុំវិញ​ពិភពលោក​។ ព្រម​ជាមួយគ្នានេះ​លោក ព្រុំ ចាន់នី ប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ និង​ស្ដារនីតិសម្បទា នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ដើម្បី​​កិច្ចការពារ និង​ទប់ស្កាត់​ការឆ្លង ជំងឺ​កូ​វីដ​.១៩ នេះ​ខាង ពន្ធនាគារ បាន​កំណត់ដោយ​អ្នកទោស​ថ្មីៗ​ចូលមក​ត្រូវដាក់​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​ជាមុនសិន បន្ទាប់មក​ទើប​បញ្ចូល​ពួកគេ​ជាមួយ​អ្នកទោស​ចាស់​។​


​ ​លោក​មានប្រសាសន៍ថា “​អ្នកទោស​ទាំងអស់​ត្រូវ​បាន​គេ​បង្រៀន​ពី​គ្រោះថ្នាក់​នៃ​ការចម្លង​មេរោគ កូ​វីដ​.១៩ និង​ព្រម​ជាមួយគ្នានេះ​ក៍បាន​បង្រៀន​
​ដល់​កិច្ចការពារ​ដល់​ពួកគេ ដោយ​ក្នុងនេះ​ដូចជា ការលាង​សម្អាត​ដៃ​ដោយ​អាល់កុល​ជេ​ល និង​សាប៊ូ​ជាដើម​”​។​

សម្ភារ​អនាម័យ​ប្រឆាំង ជំងឺ​កូ​វីដ​.១៩ ចំនួន​២០​តោន​ជូន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ព្រឹក​ថ្ងៃទី​១០ មេសា ២០០២៕ (​រូប​ថ​តៈ ដេប៉ូ​)


​ ​ពាក់ព័ន្ធ​ទៅនឹង​ពិធី​ប្រគល់​សម្ភារ​អនាម័យ​ជូន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​បង្ការ​រីក​រាលដាល​នៃ ជំងឺ​កូ​វីដ​.១៩ ក្នុង​ពន្ធនាគារ នៅឯ​មណ្ឌល​​អប់រំ​កែប្រែ​ទី​១ (​ម​១) នេះ​ត្រូវបាន​លោក រ៉ូ​ម៉ាន ប៉ា​រ៉ា​ម៉ូ​ណូ​វ ប្រធាន​បេសកកម្ម នៃ​គណៈកម្មាធិការ​អន្តរជាតិ កាកបាទក្រហម ប្រចាំ​ប្រទេស​កម្ពុជា​ឱ្យដឹងថា​ជំងឺ​រាលដាល កូ​វីដ​.១៩ កំពុងតែបន្ត​ផ្ដល់នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ជុំវិញ​សកលលោក​។ ​ ​ខណៈដែល​ការអនុវត្ត​គម្លាត​សង្គម​និង​ការសម្អាត​ដៃ​កំពុងតែ​ត្រូវបាន​អនុវត្ត​ពី​សាធារណជន​ទូទៅ​។ ប៉ុន្តែ​ចំណុច​ទាំង​ប៉ុន្មាន​នេះ​គេ​អាច​ចាត់ទុក​​បាន​ថា ជា​រឿង​ដែល​ប្រណីត​បំផុត​នៅក្នុង​ពន្ធនាគារ​។ យ៉ាងណាមិញ​ការអនុវត្ត​របស់​ជន​ជាប់ឃុំ​បានបង្ហាញ​ឱ្យឃើញ​នូវ​កត្តា​ប្រឈម​មួយបែប​ទៀត គឺ​ការ​ប្រ​​ឈមមុខ នឹង​កង្វះ​ខ្យល់ អនាម័យ និង​ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ​»​។​


​ ​លោក​បាន​បន្តទៀតថា «​អាទិភាព​ចម្បង នៃ​បេសកកម្ម​របស់​យើង​នៅពេលនេះ គឺ​ការជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់ អគ្គនាយក​​ដ្ឋា​ន​ពន្ធនាគារ ក្នុងការ​ការពារ​ដល់​ជន​ជាប់ឃុំ​ទាំង​៣៨.០០០​នាក់ និង​មន្ត្រី​ពន្ធនាគារ​ចំនួន​៤.០០០​នាក់ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ វីរុស​កូ​វីដ​១៩នៅក្នុង​ពន្ធនាគារ និង​វិធានការ​ឆ្លើយតប​នៅពេល​ដែលមាន​ករណី​កើតឡើង​។ ពួកយើង​ខិតខំ​ផ្ដល់នូវ​តម្រូវ​ដែល​ចាំបាច់​ជាពិសេស សម្ភារ​ការពារ​អនាម័យ​​ខ្លួនប្រាណ ក៍​ដូចជា វគ្គ​បណ្ដុះបណ្ដាល និង​ជំនួយ​បច្ចេកទេស​ផ្សេង​»​។​

សម្ភារ​អនាម័យ​ប្រឆាំង ជំងឺ​កូ​វីដ​.១៩ ចំនួន​២០​តោន​ជូន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ព្រឹក​ថ្ងៃទី​១០ មេសា ២០០២៕ (​រូប​ថ​តៈ ដេប៉ូ​)


​ ​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម ប្រចាំ​ប្រទេស​កម្ពុជា (ICRC) បានប្រគល់​សម្ភារ​អនាម័យ​ចំនួន​២០​តោន​មាន​ទំហំ​
​ទឹកប្រាក់​ប្រមាណ​២៣​ម៉ឺន​ដុល្លារ​ជូន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​.១៩ ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​កម្ពុជា​៕សរន