​តុលាការ​ផ្តន្ទាទោស​លោក សួន សេរី​រដ្ឋា ដាក់ពន្ធនាគារ​៥​ឆ្នាំ​

1287
ចែករម្លែក
លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ (​រូប​៖ ស្រី​លក្ខណ៍​)

(​ភ្នំពេញ​)៖ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា នេះ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ពាក់ព័ន្ធ​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុ​ជា ។ តុលា​ការបើក​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​សាកសួរ​និង​ពិនិត្យ​សំណុំ​រឿងនេះ​ចប់សព្វគ្រប់​រួចមក អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រកឃើញថា អង្គហេតុ​ខាងលើ​បាន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សន្តិសុខ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​បទល្មើស​ព្រហ្មទណ្ឌ រួមមាន បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២​នៃ​ក្រមព្រហ្មទណ្ឌ និង បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដោយហេតុថា​ករណី​ខាងលើ​ជា​បទមជ្ឈិម​ជាក់ស្តែង ហើយ​សំណុំ​រឿងនេះ​បាន​បំពេញ​លក្ខខណ្ឌ​នៃ​នីតិវិធី​នៃ​ការ​បង្ហាញខ្លួន​ភ្លាម តាម​បញ្ញត្តិ​មាត្រា​៤៧ និង​មាត្រា ៤៨ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​និង​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ សួន សេរី​រដ្ឋា រួមទាំង​សំណុំរឿង តាម​កំណត់ហេតុ​ស្តីអំពី​ការបង្គាប់​ឱ្យចូល​បង្ហាញខ្លួន​ភ្លាម​លេខ ០១៨ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ជំនុំជម្រះ ។​

​នៅក្នុង​សារ​របស់ លោក សួន សេរី​រដ្ឋា ដែល​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី​១២​ខែ សីហា ឆ្នាំ​២០១៧ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ពេល​សង្គ្រាម កើតឡើង​ជាមួយ នឹង ប្រទេស​លាវ​នោះ​លទ្ធផល​វា​ហ្នឹង​មិន​ខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយ នឹង ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់​សប្បាយ​ជាមួយ​ស្រី​ញី យ៉ាង​គគ្រឹកគគ្រេង​!​។ ពីព្រោះ​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ​។ ចំណែកឯ​ពួក​មេៗ ពាក់​ផ្កាយ និង កូន​លោកធំៗ ដែល​នៅ​ជួរ​ក្រោយ​ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់ ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​» ។​

​សារ​របស់ លោក សួន សេរី​រដ្ឋា បានធ្វើឱ្យ​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​កងទ័ព និង​មេបញ្ជាការ​កងទ័ព​នៅ​ទូទាំងប្រទេស ហើយ​ពួកគាត់​ចាត់ទុកថា ជា​ទង្វើ​មួយ​ដែល​មិនអាច​អត់ឱន​ឱ្យបាន​៕L ដោយ​៖ ស្រី​លក្ខណ៍​