​តើ​ជប៉ុន​ខាតបង់​អ្វីខ្លះ ពី​ការលើក​ពេល​ប្រកួត កីឡា​អូឡាំពិក រដូវក្ដៅ​ឆ្នាំនេះ ?

171
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ប្រទេស​ជប៉ុន ដែល​គ្រោង​ចំណាយ នូវ​ថវិកា​ចំនួន ១២ កោដិ​ដុល្លារ សម្រាប់​ការប្រកួត កីឡា​អូឡាំពិក រដូវក្ដៅ​នា​ឆ្នាំ​២០២០ នេះ ត្រូវ​ទទួល​ការខាតបង់ យ៉ាងច្រើន ក្នុងខណៈដែល ព្រឹត្តិការណ៍​នេះ ត្រូវ​ពន្យារពេល​ទៅ ឆ្នាំក្រោយ​នោះ ។​

​ការប្រកួត​កីឡា​អូឡាំពិក គឺជា​សិទ្ធ​របស់​គណៈកម្មាធិកា​រ អូឡាំពិក​អន្តរជាតិ (IOC) តែ​ប្រទេស ដែលជា​ម្ចាស់ផ្ទះ ត្រូវ​ធានា​លើ​ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព​នានា ក្នុងអម្លុង​ពេល​នៃ​ការប្រកួត ។ សំបុត្រ​សម្រាប់​ចូល​ទស្សនា ត្រូវបាន​គេ​កក់ និង​ទិញ​រួចហើយ ក្នុង​រង្វង់​ទឹកប្រាក់ ចំនួន​ប្រមាណ ៧ លាន​ដុល្លារ ដែល​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ អូឡាំពិក​ជប៉ុន ត្រូវ​ដោះស្រាយ​ជាមួយ អតិថិជន​របស់ខ្លួន ដោយ​ការ​បង្វិល ប្រាក់​សង​វិញ ឬក៏​ត្រូវមាន​ការលើក​ទឹកចិត្ត ដោយឡែក​មួយ នៅពេលដែល​ការប្រកួត នា​ឆ្នាំក្រោយ ឈាន​មកដល់​នោះ​។​

​ផលប៉ះពាល់ ជាមួយ​ផ្នែក​ឯកជន (Sponsor) ក៏​ជា​រឿង​ឈឺក្បាល​មួយ ដែល​ត្រូវ​ប្រឈម ក្នុងការ​ដោះស្រាយ ពិសេស​សិទ្ធិ​នៃ​ការលក់ ព្រឹត្តិការណ៍​នេះ ទៅ​ឲ្យ​ទូរទស្សន៍ ក៏​មិនមែនជា រឿង​សាមញ្ញ​ដែរ នៅពេលដែល ព្រឹត្តិការណ៍​នេះ ត្រូវបាន​ពន្យារ ដោយសារ​មេរោគ ផ្លូវដង្ហើម​ថ្មី Covid-19 ដែល​កំពុងតែ​រាតត្បាត ពិភពលោក​យើង​នេះ ។​

ឡូហ្គោ អូឡាំពិក ២០២០

​ភូមិ​កីឡា (Sport Vilage) ដែល​កំពុង​សាងសង់ ដែល​ភូមិ​កីឡា​នេះ បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍​អូឡាំពិក នឹងត្រូវ​កែសម្រួល ឲ្យ​ទៅជា​ខុន​ដូ ដើម្បី​លក់​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​ពេលនេះ ភូមិ​កីឡា ត្រូវបាន​ផ្អាក​ការសាងសង់ ក្នុងខណៈដែល​បន្ទប់​ជាច្រើន ត្រូវបាន​ប្រជាពលរដ្ឋ កក់​លុយ រួចទៅហើយ​នោះ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ប្រទេស​ជប៉ុន ពិតជា​កំពុងតែ​រង​នូវ ផលប៉ះពាល់​បែបនេះ​មែន តែ​ទោះជា​យ៉ាងណា ក៏​ដំណោះស្រាយ ត្រូវតែមាន ដោយ​សមស្រប​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០២០ នេះ គ្រោ​នឹង​សម្ពោធ​បើក​ការប្រកួត នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន New National Stadium នាទី​ក្រុង​តូ​ក្យូ ។​

​ព្រឹត្តិការណ៍​នេះ មាន​អត្ត​ព​លិ​ក ចូលរួម​ប្រមាណ ១១.០៩១ នាក់​។ កីឡា​ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ៣៣ ប្រភេទ ដែលមាន​ចំនួន ២២៩ វិញ្ញាសា ៕v