​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ទទួល​ជួប​គណៈប្រតិភូ នៃ​នាវា​កងទ័ពជើងទឹក​ចិន​

717
ចែករម្លែក

ដោយ​៖ ទេព មង្គល /
​ព្រះសីហនុ​៖ គណៈប្រតិភូ នៃ​នាវា​កងទ័ពជើងទឹក​ប្រជាជន​ចិន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​មនា​វី​ទោ XU HAIHUA នាយសេនាធិការរង នៃ​កង​នាវា​សមុទ្រ​ខាងជើងរបស់​ចិន បាន​ត្រូវ​អនុញ្ញាតឱ្យ​ចូលជួប សំដែង​ការគួរសម ជាមួយនឹង​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ នៅ​សាលាខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​ចូល​ចត​នាវា​របស់ខ្លួន ៣ គ្រឿង នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃនេះ ។

ក្នុងជំនួប​នោះ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ បានទទួល​ស្វាគមន៍ គណៈប្រតិភូ​កងទ័ពជើងទឹក រំដោះប្រជាជន​ចិន យ៉ាង​កក់ក្ដៅ ស្និទ្ធស្នាល និង​បាន​ជម្រាបជូន​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ជាពិសេស​អំពី​កំពង់ផែ​ក្រុងព្រះសីហនុ ដែលមាន​វិសាលភាព ក្នុងការ​ដឹកជញ្ជូន​កុងតឺន័រ ឆ្លងកាត់​ជាង ៧០ ភាគរយ ទៅកាន់​តំបន់​អាស៊ាន និង អឺរ៉ុប និង​លើសពីនេះ​ទៀត ខេត្ត​មាន​អាកាសយានដ្ឋាន អន្តរជាតិ ដែល​កំពុង​បម្រើ​សេវាកម្ម យ៉ាង​មមាញឹក ក្នុង​មួយ​សប្ដាហ៍ មាន​ជើងហោះហើរ ប្រមាណ​ជា ៨៣ ជើង ។ លោក​បាន​សង្កត់ធ្ងន់ ថា ខេត្ត​ព្រះសីហនុ បាន​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយ​បណ្ដា​ខេត្ត ១៦ នៃ​ប្រទេស​ចិន ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ កាន់​តែមាន​ភាពល្អប្រសើ​រ ។

លោក​បាន​បន្តទៀតថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត​ទាំង​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​ប៉ូល​សេដ្ឋកិច្ច​គំរូ ពហុ​បំណង​ធំជាងគេ ក្នុងប្រទេស​កម្ពុជា ដោយ​ខេត្ត​នេះ មាន​ឆ្នេរសមុទ្រ ស ស្អាត ជាប់​ចំណាត់ថ្នាក់ ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត លើ​ពិភពលោក និង​ទទួលបាន​អ្នកវិនិយោគ​ចិន យ៉ាងច្រើន​សម្បើម ដែល​បានមក​វិនិយោគ នៅទីនេះ ។

លោក​ឧ​ត្ត​មនា​វី​ទោ XU HAIHUA នាយសេនាធិការរង នៃ​កង​នាវា​សមុទ្រ​ខាងជើង របស់​ចិន បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១ ដែល​រូបលោក ក៏ដូចជា គណៈប្រតិភូ បាន​មកដល់​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ ហាក់បីដូចជា​ស្រុកកំណើត របស់​ពួកលោក​ផងដែរ ។ ការចង​សម្ព័ន្ធមេត្រីភាព រវាង​ខេត្ត នៃ​ប្រទេស​ចិន និង​ខេត្ត​ព្រះសីហនុ បង្ក​ឱកាស​បង្កើន​ការងារ ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​ការអនុវត្ត គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ របស់​ប្រធានាធិបតី​ចិន ដែលមាន​អ្នកវិនិយោគ​ចិន មក​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ រួមចំណែក​ដល់​ការអភិវឌ្ឍ ប្រកបដោយ​សន្ទុះ​លឿន ជាង​បណ្តា​ខេត្ត​ផ្សេងទៀត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ឧ​ត្ត​មនា​វី​ទោ XU HAIHUA បាន​ថ្លែងអំណរគុណ ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ ដែល​បានទទួល​ស្វាគមន៍ ការចូល​ចត​របស់​នាវា​កងទ័ព​ជើង​ទឹក រំដោះប្រជាជន​ចិន ទាំង ៣ គ្រឿង ជាមួយ​ដំណើរ​ទស្សនកិច្ច នាពេលនេះ បង្ហាញ​ពី​ចំណង​សាមគ្គីភាព មិត្តភាព កាន់តែ​ស៊ីជម្រៅ រវាង​រដ្ឋាភិបាល​ចិន និង កម្ពុជា ៕​v