​នាយករដ្ឋមន្ត្រី​វៀតណាម​៖​វត្តមាន​សម្តេច​ហ៊ុនសែន​បានផ្តល់​នូវ​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​

1367
ចែករម្លែក

​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ពិសារ​អាហារ​ពេលព្រឹក​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ និង នាយករដ្ឋមន្ត្រី​វៀតណាម រួចមក​នៅ​ព្រឹក​ថ្ងៃទី១៣កញ្ញា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជាក៏បានអញ្ជើញ​ជួបពិភាក្សា​ ការងារ​ទ្វេភាគី​ជាមួយ លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​នោះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាល​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​បំផុត អញ្ជើញ​មក​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ានលើក​ទី​២៧នៅ​ទីក្រុង​ហាណូយប្រទេស​វៀតណាម​។លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​វត្ត​មាន​របស់​សម្តេច​តេ​ជោ​បានផ្តល់ នូវ​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក ។ ពិសេស​សុន្ទរកថា​រប​ស់ស​ម្តេច​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក និង ​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​កំពូល​ពេញអង្គ​ស្តីពី​ចក្ខុវិស័យ​ថ្មី​សម្រាប់​តំបន់​មេគង្គ​គឺ​ពិត​ជាមាន​អត្ថន័យ​និង​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅបំផុត​ពិសេស​ផ្តល់នូវ​សារសំខាន់​ខ្លាំងណាស់​សម្រាប់​តំបន់​អាស៊ាន និង ប្រទេស​ក្នុង​តំបន់​មេគង្គ​។​

​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ក៏បាន​ថ្លែង​នូវ​ការអបអរ​សារ​ទរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានទទួល​នូវ​ការតែងតាំង​សារជាថ្មី​ម្តងទៀត​ក្នុង​ការបន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ដែល​បាន ផ្ញើ​នូវ​សារលិខិត​អបអរសាទរ​ជូន​ចំពោះ​សម្តេច​ដែល​ទើបត្រូវ​បានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៦នៃ​រដ្ឋសភា ។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា​សម្តេច​ពិតជា​មានការ​សប្បាយរីករាយ​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​បណ្តា​មេដឹកនាំ​ទាំងអស់​របស់ អាស៊ាន​ដើម្បី​បន្ត​បេសកកម្ម​របស់​យើង​ក្នុង​ការ កសាង​សហគមន៍​អាស៊ាន​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ទៅមុខ​។​

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​ការ​ខិត ខំ​បន្ត​ថែរក្សា​ការពារ​សន្តិភាព ស្ថេរភាព​នយោបាយ និង ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំងពីរ ពិសេស​ការការពារ​ស​ន្តិ​ភាព ស្ថេរភាព សន្តិ សុខ​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ សំដៅ​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​អភិវឌ្ឍ ការសំរួល​ពាណិជ្ជកម្ម​ឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាលនិងការតភ្ជាបរវាង ​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម ។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​មេ ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​រិះរក​គ្រប់​មធ្យោបាយ​ក្នុងការ​ជំរុញ​កំណើន​ពាណិជ្ជកម្មនៃ​ប្រទេស​ទាំងពីរ​ឲ្យ​បានសំរេច​តាម​គោលដៅដែ ល មេដឹកនាំ​ទាំងពីរ​ចង់បាន ។ ទន្ទឹមនឹងនេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុក ដាក់​ទៅលើ​ទំនាក់ទំនង ទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា​។​

ភាគី​ទាំងពីរ​ក៏បាន​ធ្វើការ​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ដែល​នឹងត្រូវ​ចុះហត្ថលេខា នៅពេល​ខាងមុខ​។ ជាមួយគ្នានេះ​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ក្នុងការ​ឈានទៅបោះ បង្គោ ល​ព្រំដែន​ឲ្យ​បាន​ចប់​នៅពេល​ខាងមុខ​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ក៏បាន​ជំរាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ពី​ការយាង​ព្រះមហាក្សត្រ​កម្ពុជា​និង​សម្តេចម៉ែ​ស្តេចយាង​ទៅ បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៩​ខាងមុខ​ផងដែរ ។ សម្តេច​តេ​ជោ​ក៏បាន​ទទួលយក​នូវ​ការអញ្ជើញ​បំពេញ ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ក្នុងពេល​ខាងមុខ ដើម្បី​ចុះហត្ថ លេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​វៀត ណា​ម​ផងដែរ​៕BR

សកម្មភាពសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម នៅក្នុង១៣ កញ្ញា នៅទីក្រុងហាណូយ៕