​នាវា​ទេសចរណ៍​បរ​បរទេស​ផ្ទុក​អ្នកដំណើរ​២.១០១​នាក់​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

367
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​នាវា​ទេសចរណ៍​COSTAFORTUNA​ផ្ទុក​អ្នកដំណើរ​២១០១​នាក់​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​ធ្វើតាម​ទម្លាប់​ធម្មតា​និង​មានការ​អនុញ្ញាត​ជា​ផ្លូវ​ការអនុលោម​តាម​លិខិតអនុញ្ញាត​ចេញចូល​។​កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នាវា​COSTAFORTUNA​របស់​អ៊ីតាលី​មួយគ្រឿង​ផ្ទុក​អ្នកដំណើរ​២១០១​នាក់​មាន​លេខ​សម្គាល់​៩២៣៩៧៨៣​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​នេះ​បើតាម​ប្រភព​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់​ថា​៖​ដើម្បី​ធានា​បញ្ចៀស​នូវ​ការភាន់ច្រឡំ​ដោយ​ប្រការ​ណាមួយ​អំពី​ការចុះផ្សាយ​និង​មតិ​សាធារណជន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ជម្រាបជូន​ថា​៖​ការចូល​ចត​នាវា​នេះ​ត្រូវបាន​ធ្វើតាម​ទម្លាប់​ធម្មតា​និង​មានការ​អនុញ្ញាត​ជា​ផ្លូវការ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​លិខិត​លេខ​. ២២៤ សក​.​ដ​ជទ ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​។

​ក្នុងចំណោម​អ្នកដំណើរ​សរុប​មាន​ចំនួន​១.១០៩​នាក់ បាន​ចុះ​នៅ​កំពុងផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​គោលបំណង​ដើរទេស​ចរណ៍​ក្នុង​បំ​បន់​ឆ្នេរ​កម្ពុជា​និង​ក្នុង​គោលបំណង​ផ្សេងៗ​។​មុនពេល​ចាកចេញ​ពី​នាវា​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល​កម្ពុជា​បានធ្វើការ​ពិនិត្យ​សុខភាព​និង​វាស់​កម្តៅ​បាន​យ៉ាង​ហ្មត់ចត់​ត្រឹមត្រូវ ដើម្បី​ធានា​សុវត្ថិភាព​ពី​ការចម្លង​ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី COVID-19 មកកាន់​មនុស្ស​ក្នុង​តំបន់​។ នា​ល្ងាច​ថ្ងៃទី​១៦ កុម្ភៈ​នេះ អ្នកដំណើរ​នឹង​ឡើងលើ​នាវា​វិញ ជាមួយនឹង​ការពិនិត្យ​សុខភាព​ជាថ្មី មុននឹង​ចេញដំណើរ​ទៅ​ប្រទេស​គោលដៅ​បន្ទាប់ តាម​កាលវិភាគ​ដូច​បាន​ជូន​ភ្ជាប់​។​

​សូម​ជម្រាបជូន​ថា​នៅក្នុង​កាលវិភាគ​ធ្វើដំណើរ​នាវា​នេះ​បានចេញ​ដំណើរ​មកពី​ប្រទេស​សឹង្ហ​បុរី​ហើយ​បាន​ចូលមក​កម្ពុជា​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ រួច​បន្តដំណើរ​ទៅ​ប្រទេស​មួយចំនួន​រួមមាន​សឹង្ហ​បុរី ម៉ាឡេស៊ី និង ថៃ​។ ថ្មីៗ​នេះ​នាវា​COSTAFORTUNA​បាន​ចាក​ចេញពី​កំពង់ផែ​ឡាំ​ចា​បាំង​ប្រទេស​ថៃ​មក​កម្ពុជា​វិញ នា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​មុនពេល​ចេញដំណើរ​នៅ​ម៉ោង​៦​ល្ងាច​នា​ថ្ងៃ​ដដែល​នេះ​ដើម្បី​ឆ្ពោះទៅកាន់​ប្រទេស​សឹង្ហ​បុរី និង​ម៉ាឡេស៊ី​វិញ​៕S/​