​និស្សិត​ខ្មែរ​នៅ​ក្រុង​អ៊ូ​ហាន​មាន​សុខ​ភាពល្អ​ដោយ​ប្រទេស​ទាំងពីរ​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា

228
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​ក្រុមនិស្សិត​ខ្មែរ​ដែល​កំពុង​បន្ត​ការសិក្សា​នៅក្នុង​ទីក្រុង​អ៊ូ​ហាន​ខេត្ត​ហ៊ូ​ប៉ី​ប្រទេស​ចិន​មាន​សុខ​ភាពល្អ​ធម្មតា​។​ទោះបីជា​នៅ​ទីនោះ​កំពុងមាន​ការរីក​រាល​ដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក៏ដោយ​ព្រោះ​ពួកគេ​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​រដ្ឋាភិបាល​ចិន​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ព្រមទាំង​សាកលវិទ្យាល័យ ដែល​ពួកគេ​កំពុង​សិក្សា​ផងដែរ​។​

​មានប្រសាសន៍ប្រាប់ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​តាមរយៈ​កម្មវិធី​“​នី​ហៅ​កម្ពុជា​-​ចិន​” កាលពី​រសៀល​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​អ៊ុ​វុ​ទ្ធ​ទី​ស្ថាបនិក​និង​ជា​ប្រធានកិត្តិយស​នៃ​សមាគមនិស្សិត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​លើកឡើងថា បច្ចុប្បន្ន និស្សិត​ខ្មែរ​ទាំង​២៣​នាក់ ជា​សមាជិក​របស់​សមា​គម កំពុង​បន្ត​ការសិក្សា​រៀនសូត្រ នៅ​ទីក្រុង​អ៊ូ​ហាន​។

ពុំមាន​បញ្ហា​សុខភាព ឬ​រស់នៅក្នុង​ភាពភ័យខ្លាច​ខ្លាំងពេក ដោយសារតែ​ជំងឺ​រលាក​សួត បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​ផ្សេងៗ​មួយចំនួន​នោះទេ​ពោលគឺ​ពួកគេ​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ប៉េកាំង​ផង​និង​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីនោះ​ផ្ទាល់​ផង ។

​ក្នុងនោះ​ដូចជា​ការផ្តល់​អាហារ​ជូន​៣​ពេល​និង​ផ្តល់​ការថែទាំ​សុខភាព​យ៉ាង​ហ្មត់ចត់​ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ចិន​ក៏ដូចជា​សាកលវិទ្យាល័យ​ហើយ​សមាគមនិស្សិត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តែងតែ​តាមដាន​ពី​សកម្មភាព​របស់​ពួកគេ ជាប់​រហូត​តាមរយៈ​បណ្តាញ​ទំនាក់ទំនង វី​ឆាត (Wechat) ដើម្បី​ផ្តល់​ជាការ​លើកទឹកចិត្ត និង​បង្ហាញ​ក្តី​ស្រឡាញ់ ចំពោះ​ពួកគេ​គ្រប់ពេល​។​

​លោក​អ៊ុ​វុ​ទ្ធ​ទី​បន្តទៀតថា​ចាប់តាំងពី​មានការ​លើកឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែលថា​កម្ពុជា​នឹង​ឈរ​យ៉ាង​មុតមាំ​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដើម្បី​ចាប់ដៃគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​និង​ឆ្លង​ទុក្ខលំបាក​នេះ​។​ជាមួយគ្នា​កាលពីពេល​ថ្មីៗ​នេះ​និស្សិត​ខ្មែរ​ទាំង​២៣​រូប​ក៏​គោរព​និង​ប្រតិបត្តិ​តាម​អនុសាសន៍​របស់​សម្តេច​ស្រប​ពេលដែល​ពួកគេ​ជឿជាក់ លើ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ជាទីបំផុត​ពី​សំណាក់​រដ្ឋាភិបាល​ចិន​។​

​ក្នុងអំឡុង​កិច្ចសម្ភាសន៍​ផ្ទាល់ នាឱកាស​នោះដែរ លោក អ៊ុ វុ​ទ្ធ​ទី ព្រមទាំង​ពិធីករ​-​ពិធី​ការិនី​ក្នុង​កម្មវិធី ”​នី​ហៅ​កម្ពុជា​-​ចិន​” ក៏បាន​ទាក់ទង​ផ្ទាល់ ទៅកាន់​និស្សិត​ខ្មែរ​នៅ​ទីក្រុង​អ៊ូ​ហាន តាមរយៈ​បណ្តាញ ទំនាក់ទំនង​វី​ឆាត​ផងដែរ​។​ដើម្បី​បង្ហាញ​កាន់តែច្បាស់​ពី​សុខទុក្ខ​របស់​ពួកគេ​ដោយ​ពួកគេ​សុទ្ធតែ​ច្រានចោល​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​ដែលថា​និស្សិត​ខ្មែរ​នៅ​អ៊ូ​ហាន​កំពុង​រស់នៅក្នុង​ស្ថានភាព​ភ័យខ្លាច​ហើយ​គ្មាន​ការយកចិត្តទុកដាក់​ពី​មន្ត្រី​ស្ថានទូត​ឬ​ស្ថាន​កុងស៊ុល​ខ្មែរ​នៅ​ប្រទេស​ចិន​នោះ​។

និស្សិត​ឈ្មោះថា ភួង បុប្ផា​គីម​ហុង បាន​អះអាងថា​សារព័ត៌មាន​នេះ​បានចេញ​ផ្សាយ​សំឡេង​របស់គាត់ ដោយ​គ្មាន​ការអនុញ្ញាត​ព្រោះ​ដំបូង​ឡើយ​ថា​គ្រាន់តែ​សួរសុខទុក្ខ​ជាធម្មតា​ហើយ​ថែមទាំង​កាត់​សម្រង់​សំឡេង​របស់គាត់ នាំ​ឲ្យ​មានការ​ភាន់ច្រឡំ លើ​រាជរដ្ឋាភិបាល​កម្ពុជា​។ រីឯ​និស្សិត​ខ្មែរ​ម្នាក់ទៀត ឈ្មោះថា​លី​សេដ្ឋា​បាន​ប្រាប់ថា​គេ​ចុះផ្សាយ​កាលពី​ថ្ងៃទី​២​កុម្ភៈ​នោះ​គឺ​មិន​អស់​សេចក្តី​ហើយ​ចំណុច​មួយចំនួន ខុសពី​គោល​គំនិត​របស់ខ្លួន ដែល​ធ្វើឱ្យ​គាត់​អាក់អន់ចិត្ត​ជាខ្លាំង ចំពោះ​ការចុះផ្សាយ​នេះ​។​

​ក្រោយពី​បាន​ស្តាប់​ផ្ទា​ល់ពី​និស្សិត​ខ្មែរ​រួចមក​លោក​អ៊ុ​វុ​ទ្ធ​ទី​បាន​បញ្ជាក់ថា​សរុបសេចក្តី​មក​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​គឺ​មិន​ស្របតាម​គោល​គំនិត​របស់​ពួកគាត់​ទេ​។​ដូច្នេះ​ទើប​មានការ​បកស្រាយ​នៅថ្ងៃនេះ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​ពួកគេ​នៅតែ​គោរព​តាម​អនុសាសន៍ របស់​សម្តេច​តេ​ជោ​គឺ​បន្ត​ការ​ស្នាក់នៅ​ទីក្រុង​អ៊ូ​ហាន​ដដែល​ហើយក៏​រង់ចាំ​ស្តាប់​តាម​ការណែនាំ​ថ្មីៗ​ទៀតផង​ដែរ​។​

លោក​បន្តថា​ទោះបីជា​មានកា​រីក​រាលដាល​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​មែន​ប៉ុន្តែ​បរិវេណ​ក្នុង​សាកលវិទ្យាល័យ​ដែល​ពួកគេ​កំពុង​សិក្សា​គឺមាន​សុវត្ថិ​ភាពល្អ​ដោយ​ឃើញ​មានការ​បាញ់ថ្នាំ​ទប់ស្កាត់​តាម​របង​សាលា​ជាប់លាប់ ហើយ​សម្ភារៈ ប្រើប្រាស់​មាន​លក់ដូរ​ក្នុង​ម៉ា​ត ឬ​ហាង​លក់ទំនិញ​នៅក្នុង​សាលា បើក​ដំណើរ​ការធម្មតា ក្រៅពី​ទទួលបាន​អាហារ មិន​គិតថ្លៃ​ពី​អាជ្ញាធរ​ហើយ​នោះ​។​

​លោក​ក៏​សង្ឃឹម​ដែរ​ថា និស្សិត​ខ្មែរ​ទាំងអស់ នៅ​ទីក្រុង​អ៊ូ​ហាន នឹង​រង់ចាំ​ស្តាប់​និង​អនុវត្តតាម​វិធានការ បន្តបន្ទាប់​ទៀត ពី​រដ្ឋាភិបាល​ចិន ក៏ដូចជា​រដ្ឋបាល​ក្រុង​អ៊ូ​ហាន និង​សកល​វិទ្យាល័យ តាមរយៈ​ការបន្ត ធ្វើ​អនាម័យ​ខ្លួនប្រាណ​ជាដើម​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​មួយ​នេះ​។​បច្ចុប្បន្ន​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​ទីក្រុង​អ៊ូ​ហាន​ទាំង​២៣​នាក់ ស្ថិតក្នុង​ចំណោម​និស្សិត​ខ្មែរ ជាង​២​ពាន់​នាក់ ដែល​កំពុង​បន្ត​ការសិក្សា នៅ​ទូទាំងប្រទេស​ចិន​។ នេះ​បើតាម​ការបញ្ជាក់ របស់លោក អ៊ុ វុ​ទ្ធ​ទី ដដែល​។​

​សម្តេច​តេ​ជោ​ទើបបាន​ប្រកាសថា​រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​ជំនឿ​ចិត្ត​យ៉ាងខ្លាំង​លើ​សមត្ថភាព​របស់​រដ្ឋា​ភិ​បាល​ចិន​ក្នុងការ​ទប់ស្កាត់​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះហើយ​ស្នើ​ដល់​និស្សិត​ខ្មែរ នៅ​ទីក្រុង​អ៊ូ​ហាន​ទាំងអស់ រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ចិន​ដើម្បី​ជំនះ​លើ​ជំងឺ​មួយ​នេះ​៕S/​