​នឹង​ចាប់​អ្នកបើកបរ​ប្រើប្រាស់​ប័ណ្ណ​ក្លែងក្លាយ​ចេញពី​ខេត្តព្រះវិហារ​ដើម្បី​រក​អ្នក​ផលិត​

487
ចែករម្លែក
  • 15
    Shares

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​លោក សំ លាង​ទ្រី បាន​ណែនាំ​ដល់​ក្រុម​ត្រួតពិនិត្យ​តាម​គោលដៅ​នានា​ក្នុង​ខេត្ត ត្រូវ​ឃាត់ខ្លួន​អ្នកបើកបរ​ទាំងឡាយណា ដែល​ប្រើប្រាស់​ប​ណ្ណ័​បើកបរ​ក្លែងក្លាយ​និង​ប័ណ្ណបើកបរ​ចេញពី​ខេត្តព្រះវិហារ​ព្រមទាំង​ឈៀក​ក្លែងក្លាយ​។​

កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩​លោក សំ លាង​ទ្រី បាន​បញ្ជាក់ថា លោក​ណែនាំ​ឲ្យ ក្រុម​ត្រួតពិនិត្យ​យានយន្ត​តាម​ដងផ្លូវ​ឃាត់ខ្លួន​អ្នកបើកបរ ដែល​ប្រើ​ប័ណ្ណបើកបរ​ក្លែងក្លាយ និង​ឈៀក​ក្លែងក្លាយ ដែល​ធ្វើ​ចេញពី​ខេត្តព្រះវិហារ​។​គឺ​ក្នុង​គោលបំណង​ស្រាវជ្រាវ​រក​អ្នក​ដែល​ផលិត ដើម្បី​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក​បាន​សង្កត់ធ្ងន់ថា​មិនមែន​ឃាត់ខ្លួន​អ្នកប្រើប្រាស់​ប័ណ្ណបើកបរ​ក្លែងក្លាយ​យកទៅ​ផ្តន្ទាទោស​នោះទេ​។​ប៉ុន្តែ​បើ​យើង​មិន​ឃាត់ខ្លួន​គាត់​តើ​យើង​នឹងធ្វើ​ដូចម្តេច​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ផលិត​ក្លែងក្លាយ​ឃើញ​នោះ​?​លោក​សំលាង​ទ្រី​បាន​គូសបញ្ជាក់ថា​សម្រាប់​ខេត្តព្រះវិហារ​មិនទាន់​ជួបប្រទះ​អ្នកប្រើប្រាស់​ប័ណ្ណបើកបរ​ក្លែងក្លាយ​នោះទេ​។​តែ​សម្រាប់​ខេត្ត​ផ្សេង​មាន​ដែល​ករណី​នេះហើយ​លោក​មាន​វិធានការ​ទប់ស្កាត់ មិន​ឲ្យ​ករណីនេះ​កើតមាន​ដាច់ខាត ក្នុង​ខេត្តព្រះវិហារ​នោះ​។

​លោក​ថា ប័ណ្ណបើកបរ​ក្លែងក្លាយ ឬ​មិន​ក្លែងក្លាយ គឺ​ស្រួល​ពិនិត្យ​ណាស់ ព្រោះ​ឥឡូវនេះ មានភ្ជាប់​ប្រព័ន្ធ (Q R Code) ឆែក​តែ​តាម​ទូរស័ព្ទ ដឹង​ភ្លាមៗ​។​ជាមួយគ្នា​នោះ លោក សំ លាង​ទ្រី បានធ្វើការ​អំពាវនាវ ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ ដែល​មិនទាន់មាន​ប័ណ្ណបើកបរ សូម​អញ្ជើញ​ទៅ​ដាក់ពាក្យ ប្រឡង​យក​ប័ណ្ណបើកបរ​នៅ​មន្ទីរ​សាធារណការ​ខេត្ត​ដែល​ប្រឡង​យក​ប័ណ្ណបើកបរ​តាម​អន​ឡាញ ។​

ម្យ៉ាងទៀត​ពលរដ្ឋ​ដែល​ត្រូវការ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​រថយន្ត សូម យក​រថយន្ត​ទៅពិនិត្យ​នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​ខេត្ត រៀងរាល់​ម៉ោង​ធ្វើការ ជៀសវាង​ការធ្វើ​ខាងក្រៅ ឬ​ទិញ​ពី​គេ​ដែលនាំឱ្យ​ចាញ់បោក និង​មានទោស​ទៀតផង​៕S/​