​បង្ក្រាប​ផលិតផល​សាច់ជ្រូក​ជាង​៤​តោន​ដែល​លួច​នាំចូល​និង​ដឹកជញ្ជូន​ខុសច្បាប់​

106
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​សមត្ថកិច្ច​គយ​ចល័ត​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​សហការ​បង្ក្រាប​ផលិតផល​សាច់ជ្រូក​៤.៥០០​គីឡូក្រាម​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ​។​ដឹកជញ្ជូន​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​លើផ្លូវ​ជាតិ​លេខ​៥​នៅ​ភូមិ​/​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​នៅ​រសៀល​ថ្ងៃ​ដដែល​បាន​នាំទៅ​កម្ទេចចោល ។​

​លោក​ឡេង​សុ​ភ័​ក្ត្រា​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ឬ​ហៅថា​គយ​ចល័ត​ក្រសួង​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ​និង​លោក​តោ​មេសា​អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​បានឱ្យដឹង​កាលពី​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​ថា​៖​ផលិតផល​សាច់ជ្រូក​នោះបាន​ផ្ទុក​ក្នុង​រថយន្ត​ឃ្លុប​ក្លា​ស្ស៊​រ​១​គ្រឿង​ដែល​បើកបរ​ពី​ព្រំដែន​ថៃ​មក​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ការឆែកឆេរ​ក្នុង​រថយន្ត​បាន​រកឃើញ​នូវ​សាច់ជ្រូក​ឆ្អឹងជំនី​ជ្រូក​និង​គ្រឿងក្នុង​ជ្រូក​ចំនួន​៧៥​កេស​ស្មើនឹង​ទម្ងន់​៤.៥០០​គីឡូក្រាម​។​គឺ​សកម្មភាព​ស្រាវជ្រាវ​ទប់ស្កាត់​និង​បង្ក្រាបបាន​សកម្ម​ធ្វើឡើង​ទោះ​ក្នុង​កាលៈទេសៈ​នៃ​ការឆ្លង​រីក​រាល​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​ក្រោយ​ធ្វើ​កំណត់ហេតុ​ហើយ​ហៅ​អ្នកបើករ​និង​ម្ចាស់​រថយន្ត​មក​ធ្វើ​កំណត់ហេតុ​ហើយ​ប្រគល់​ទទួល​រួច​នាំទៅ​រណ្តៅ​កប់​និង​ដុត​កម្ទេច​បំផ្លាញចោល​នៅ​ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ដោយមាន​មន្ត្រី​ជំនាញ​ទាំង​២​ចូលរួម ។​

​ចំណែក​លោក​ហ៊ុយ​ទូច​អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ដែរ​ថា​៖​ការបង្ក្រាប​បាន​ផលិត​សាច់ជ្រូក​ខាងលើ​គឺ​ទី​១,​ជាការ​នាំចូល​អត់​ច្បាប់​អនុញាត​ខុស​នឹង​សារាចរ​លេខ​០៧​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការទប់ស្កាត់​ជំងឺឆ្លង​។​វិធាន​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដែល​ត្រូវ​ទប់ស្កាត់​បង្ក្រាប​ការ​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង ឬ​ដោយ​ខុសច្បាប់ ។​

​ទី​២​ការដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ហើយ​ខុស​នឹង​លក្ខណៈ​បច្ចេកទេស​លើ​ការ​វេច​ខ្ចប់ ។​និង​ទី​៣ វា​ប៉ះពាល់​ដល់​បរិមាណ គុណភាព សុវត្ថិភាព​ដល់​អ្នក​ប​រិ​ភោគ ៕S/

​រូបថត​៖​គយ​ចល័ត​ក្រសួង​និង​ពេទ្យសត្វ​បង្ក្រាប​ផលិតផល​សាច់ជ្រូក​៤,៥​តោន​ដែល​លួច​នាំចូល​និង​ដឹកជញ្ជូន​ខុសច្បាប់​នៅ​ខេត្តបន្ទាយមានជ័យ (​រូប​៖ ប​.​ជ័យ​)​