​បង្ហាញមុខ​ជន​ជួញ​គ្រឿងញៀន​បួន​នាក់ និង​ថ្នាំញៀន​ជាង ៩០ គីឡូ​

507
ចែករម្លែក
​បង្ហាញមុខ​ជន​ជួញ​គ្រឿងញៀន​បួន​នាក់ និង​ថ្នាំញៀន​ជាង ៩០ គីឡូ​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ ប៉ូលិស​បានបង្ហាញ​មុខ​ជន​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ចំនួន​បួន​នាក់ រួមទាំង​ថ្នាំញៀន​ជាង ៩០ គីឡូក្រាម ដែល​បង្ក្រាប​កាលពី​ថ្ងៃទី​២១-២៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​អាហា​ដ្ឋា​ន រស់​សុខុម ផ្លូវជាតិ​លេខ​៦A ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក និង​ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​បង្ហាញមុខ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​សម្បើម​នេះ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​។ ការបង្ក្រាប​នេះ គឺ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយមាន​ការសម្របសម្រួល​នីតិវិធី ដោយផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក សាយ វាសនា ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្តកំពង់ធំ​។​

សមត្ថកិច្ចបង្ហាញវត្ថុតាងគ្រឿងញៀនដ៏សម្បើម

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល បាន​បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​វិធានការ​ជំនាញ ស្រាវជ្រាវ​បង្ក្រាប លើក​ទី​១ កាលពី​ថ្ងៃទី​២១ ខែតុលា វេលា​ម៉ោង​១​និង​៣០​នាទី នៅ​ចំណុច​អាហា​ដ្ឋា​ន រស់​សុខុម ផ្លូវជាតិ​លេខ​៦A ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន បួន​នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់​។​លើក​ទី​២​នៅ​ថ្ងៃទី​២៣ ខែតុលា ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក សាយ វាសនា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀនក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ មានការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី បាន​ចុះ​ឆែកឆេរ ផ្ទះមួយ​កន្លែង ដែល​លាក់ទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ ស្ថិត​ក្នុងភូមិ​ក្រសាំង (​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ​។​

សមត្ថកិច្ចបង្ហាញវត្ថុតាងគ្រឿងញៀនដ៏សម្បើម


​ជនសង្ស័យ​ទាំង​បួន​នាក់ រួមមានៈ ទី​១-​ឈ្មោះ គង់ វណ្ណៈ អាយុ ៤០​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង​, ទី​២-​ឈ្មោះ សុខ ប៊ុន​សិរិ​ឆ័យ អាយុ​៤២​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង​, ទី​៣-​ឈ្មោះ លី តឹក អាយុ​៥៣​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ និង​ទី​៤-​ឈ្មោះ សាក់ ស៊ា​ង​សង អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ប្រទេស​ថៃ​។​


វត្ថុតាង​ដកហូត​បាន​ក្នុងការ​បង្ក្រាប​លើក​ទី​១​មាន គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​៤០​កញ្ចប់ មាន​ទម្ងន់ ៤០ គីឡូក្រាម និង​រថយន្ត​ចំនួន​ពីរ គ្រឿង​។​ចំណែក​លើក​ទី​២​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​៥៣​កញ្ចប់ មាន​ទម្ងន់ ៥៣ គីឡូក្រាម បន្ថែមទៀត​។​

​ជា​លទ្ធផល​បង្ក្រាប​លើក​ទី​១ គ្រឿងញៀន​មាន​ចំនួន ៤០ កញ្ចប់ ទម្ងន់ ៤០ គីឡូក្រាម និង​លើក​ទី​២ មាន​ចំនួន ៥៣ កញ្ចប់ ទម្ងន់ ៥៣ គីឡូក្រាម​។ សរុប​ចំនួន ៩៣ កញ្ចប់ ទម្ងន់ ៩៣ គីឡូក្រាម​៕​សរន​/Ha