​បញ្ជូន​ជនជាតិ​ថៃ​២​នាក់​ទៅ​ឃុំខ្លួន​និង​វត្ថុតាង​គ្រឿងញៀន​៣០៦.៤​ក្រាម

750
ចែករម្លែក

​ដោយ​: ប​.​ជ័យ​/​បន្ទាយមានជ័យ : ឃាត់​និង​បញ្ជូនទៅ​ឃុំខ្លួន​ជនជាតិ​ថៃ​២​នាក់ វត្ថុតាង​គ្រឿងញៀន ៣០៦.៤​ក្រាម បន្ទាប់ពី​បង្ក្រាប​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង ១០​នាទី​យប់ នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​ការបង្ក្រាប​នេះ ធ្វើឡើង​តាម​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​សម្របសម្រួល​និតិ​វិធី​ពី​លោកស្រី ឆេង ហាក់​ងិ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រមទាំង​ដឹកនាំ​កម្លាំង​ដោយ​មេបញ្ជាការរង​កង​អ​.​ហ​ខេត្ត​ទទួល​ជំនាញ​ការិយាល័យ​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ប៉ោយប៉ែត​អោយដឹងថា : ជនសង្ស័យ​០២​នាក់ ១-​ឈ្មោះ ថៃ សំ​រាន (​ហៅ តា​ឡិ​ក​) ភេទ ប្រុស អាយុ ៦៣​ឆ្នាំ ជនជាតិ​ថៃ លំនៅ​នៅ​ភូមិ​សាថន សង្កាត់​យ៉ាណា​វ៉ា ក្រុង​ប៉ាង​កក ។ ២-​ឈ្មោះ ភី​ន​យ៉ៃ ធ​ប់​កែវ ភេទ ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ថៃ លំនៅ​នៅ​ភូមិ ម​៣ ឃុំ​-​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​។​

​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន ៖ -​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួនៈ ០៣​ថង់​កិប ស្មើ ៣០៦.៤​ក្រាម -​ទូរស័ព្ទដៃ ចំនួន ០២​គ្រឿង -​លិខិតឆ្លងដែន​ជនជាតិ​ថៃ ឈ្មោះ ទេព​កា​សេម គេ​ត្រាត ចំនួន ០១​ក្បាល -​កូនកាំបិត​បត់​ចំនួន ០១​ដើម -​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន ។​

​ជនសង្ស័យ​ឈ្មោះ​ភី​ន​យ៉ៃ​ធ​ប់​កែវ​បាន​សារភាពថា​៖​ខ្លួន​បាន​ជួញដូរ​សារធាតុ​ញៀន​នេះ​អស់​៤​ខែ​មកហើយ​ដោយ​ទិញ​ពី​ថៅកែ​ម្នាក់​តាមរយៈ​ឈ្មោះ​តា​ឡិ​ក​ម្តង​០២​ទៅ​០៣​ថង់​កិប​។​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕S/