​បឺត សង្ឃឹម និង ធន អៀង​ឡៃ កក់​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

505
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សម្រាប់​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​៣ អ្នក​ប្រដាល់ បឺត សង្ឃឹម ក្លិប​សាល​វ័​ន្ដ​កីឡា និង ធន អៀង​ឡៃ សមាគម​ប្រដាល់ ក្រសួងការពារជាតិ បាន​កក់​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុនគេ​ហើយ ។​

​បឺត សង្ឃឹម បាន​យកឈ្នះ​អ្នក​ប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ដោយ​ពិន្ទុ ។ សូមបញ្ជាក់ថា ប៊ុនឆៃ មិនមាន​ឈ្មោះ​ក្នុង​បញ្ជី ប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ​ទេ ។ សង្ឃឹម ត្រូវ​ប្រកួត​ជាមួយ អេ រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា តែដោយសារ រដ្ឋា រងគ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ មិនអាច​ប្រកួត​បាន​នោះ ទើប ប៊ុនឆៃ ត្រូវបាន​ដាក់ជំនួស រដ្ឋា ឲ្យ​ប្រកួត ជាមួយ​សង្ឃឹម​នោះ ។​

​សង្ឃឹម បានទទួល​ជ័យជំនះ លើ ប៊ុនឆៃ ដោយ​ពិន្ទុ ដាច់​តែម្ដង ។ ប្រសិនបើ រដ្ឋា មិន​ជួប​គ្រោះថ្នាក់​នោះ ក៏ សង្ឃឹម មានការ​លំបាក​ដែរ ព្រោះ​រដ្ឋា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មួយរូប​ដែរ ។ ពេលនេះ សង្ឃឹម មាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​ហើយ ។​

ទិដ្ឋភាព​ប្រកួត​លើស​ង្វៀន​TV5

​ដោយឡែក ធន អៀង​ឡៃ ក៏​ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ បន្ទាប់ពី​យកឈ្នះ​សិស្ស​ច្បង សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ យ៉ាង​តឹងតែង​នោះ ។​

​សៀវ ង៉ុ​យ បាត់បង់​ឱកាស សម្រាប់​ឡើងទៅ​ប្រកួត បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ បន្ទាប់ពី​ការបរាជ័យ ក្រោម​ថ្វីដៃ​សិស្ស​ប្អូន​បែបនេះ ។ អ្នក​ប្រដាល់​ជើងចាស់​រូបនេះ បញ្ចប់​បេសកកម្ម ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​៣ នេះ ឯ ធន អៀង ឡៃ ត្រៀមខ្លួន​ប្រកួត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​កាន់តែ​តឹងតែង​ទៅៗ​ហើយ ។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ សារឿន ចាន់ បាន​យកឈ្នះ អ្នក​ប្រដាល់​ថៃ ប៊ី អឹម (B M) ដោយ​ពិន្ទុ ។ នេះ​ជាការ​ប្រកួត​មួយ ដែល​មិនសូវ​ជា​តឹងតែង ណាស់ណា​ទេ តែ សារឿន ចាន់ ក៏​ឈឺ​សាច់ ដោយសារ ប៊ី អឹម មិនតិច​ដែរ​ទេ ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ប៉ុក វិបុល ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​យកឈ្នះ​អ្នក​ប្រដាល់ សល់ ស្រស់ ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ ៕v