​ប្រកាស​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការផលិត​ស្រាស​និង​បរិភោគ​ស្រាស​ជាបន្ទាន់​

1263
ចែករម្លែក
ប្រកាស​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការផលិត​ស្រាស​និង​បរិភោគ​ស្រាស​ជាបន្ទាន់​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈរដ្ឋបាល​ខេត្តក្រចេះ បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ បញ្ឈប់​ការផលិត​ស្រាស និង​បរិភោគ​ស្រាស​ជាបន្ទាន់​។ ការប្រកាស​នេះ គឺមាន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​នាក់​បាន​ស្លាប់ និង​ប្រមាណ​ជា ៥០​នាក់ បាន​ជួយសង្គ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារតែ​ទទួល​ស្រា​.​ស កាលពី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ភូមិ​ស្នួល​វត្ត​កើត និង​ភូមិ​ស្នួល​វត្ត​លិច​ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តក្រចេះ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦ ខែកក្កដា​ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ភូមិ​ស្នួល​វត្ត​កើត និង​ភូមិ​ស្នួល​វត្ត​លិច ស្រុក​ស្នួល ខេត្តក្រចេះ កើតមាន​ករណី​ពុល​ស្រាស​ដែល​បណ្តាល​ឲ្យ​មាន​អាការ​ថប់ដង្ហើម វិលមុខ ស្រវាំងភ្នែក អស់កម្លាំង​។

​ករណីនេះ​កំពុង​សង្ស័យថា បណ្តាលមកពី​ប្រជាពលរដ្ឋ​បរិភោគ​ស្រាស ដែលមាន​ជាតិ​មេ​តា​ណុល​ខ្ពស់​។ ចំពោះមុខ​ដើម្បី​ធានា​សុវត្ថិភាព​និង​បង្ការ​គ្រោះថ្នាក់​បន្ថែមទៀត​សូម​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ​បញ្ឈប់​ការផលិត​ស្រាស​និង​បរិភោគ​ស្រាស​ជាបន្ទាន់​។​បើសិន​នៅតែ​បន្ត​ការផលិត​ស្រាស​ត្រូវ​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​ទទួលបាន​សេចក្តីជូនដំណឹង​នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​ក្រចេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម​ព្រមទាំង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​កម្លាំងប្រដាប់អាវុធ​កម្លាំង​ជំនាញ​ក្នុង​ការបង្ការ​ទប់ស្កាត់​ការពុល​ស្រាស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ផ្តល់​ព័​ត៍​មាន​ជាបន្ទាន់​ជូន​ភ្នាក់ងារ​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែល​កំពុង​ឈរជើង​ក្នុងភូមិ​សាស្ត្រ​នោះបាន​ទាន់ពេលវេលា​៕S/​

ប្រកាស​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការផលិត​ស្រាស​និង​បរិភោគ​ស្រាស​ជាបន្ទាន់​