​ប្រកួត​ហែល​ទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ាន លើក​ទី​៤៣ ចាប់ផ្ដើម​ហើយ​

1022
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ “(43 rd South East Asia Age Group Swimming Championship 201 9)” បានចាប់ផ្តើម បើក​ការប្រកួត ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ កីឡាហែលទឹក បាន​មានប្រសាសន៍ ក្នុង​ឱកាសលោក បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ការបើក ការប្រកួត​នេះ​ថា ព្រឹត្តិការណ៍​ថ្ងៃនេះ ជា​ប្រវត្តិសាស្ត្រ លើក​ទី​១ របស់​សហព័ន្ធ​ខ្មែរ កីឡាហែលទឹក ដែល​បានទទួល​រៀបចំ ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​ប្រកួត មាន​លក្ខណៈ​អន្តរជាតិ បែបនេះ បន្ទាប់ពី​បាន​ខកខាន ចាប់តាំងពី​ឆ្នាំ​១៩៦៦ ដែល​ពេលនោះ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​ហ្គា​ណេ​ហ្វូ ( Games Ganefo ) មកម្ល៉េះ​។​

ទិដ្ឋភាព​បើក​ការប្រកួត

​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បន្តថា គោលបំណង និង​កិច្ចការ​នានា ទាក់ទង​នឹង​ការរៀបចំ ការប្រកួត នាពេលនេះ នឹង​ជួយ​ដល់​ការពង្រឹង ទំនាក់ទំនង រឹតចំណង​មិត្តភាព សាមគ្គីភាព និង​ការស្វែងយល់ ពីគ្នា​ទៅវិញទៅមក រវាង​បណ្តា​ប្រទេស​នានា​ផង ក៏ដូចជា ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ព្រមទាំង​ដកស្រង់​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក​ផងដែរ ។​

​តាម​គណៈកម្មការ បច្ចេកទេស​រៀបចំ ការប្រកួត បាន​ឲ្យ​ដឹងថា សហព័ន្ធ​កីឡាហែលទឹក អាស៊ីអាគ្នេយ៍ SEASF បានអនុញ្ញាត​ឲ្យ​កម្ពុជា ទទួល​រៀបចំ ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ “(43rd South East Asia Age Group Swimming Champi onship 201 9)” ដែលមាន​រយៈពេល បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ រាជធានី​ភ្នំពេញ​។​

ទិដ្ឋភាព​ប្រកួត

​ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី ៤៣ ឆ្នាំ​២០១៩ នៅ​កម្ពុជា​នេះ មានការ​ចូលរួម​ពី បណ្ដា​ប្រទេស​ចំនួន ១០ នៅក្នុង​អាស៊ីអាគ្នេយ៍ ដូចជា ប្រទេស​ហ្វីលីពីន សិង្ហ​បុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយ​ណេ ឡាវ និង កម្ពុជា ម្ចាស់ផ្ទះ ដែលមាន​ប្រតិភូ​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ចូលរួម​សរុប ចំនួន ៤០៨ នាក់ ក្នុងនោះ​កីឡាករ មាន​ចំនួន ១៦៨ នាក់ និង​កីឡាការិនី មាន​ចំនួន ១៤៩ នាក់ ហើយ​គ្រូបង្វឹក មាន​ចំនួន ៧៨ នាក់ និង​អាណាព្យាបាល សរុប​ចំនួន ១៣ នាក់​។​

​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​វិញ្ញាសា​ប្រកួត គឺមាន​សរុប​ទាំងអស់ ចំនួន ១០៥ វិញ្ញាសា ដែល​រួមមាន​ក្រុមទី​១ គឺ​អាយុ​ក្រោម ១៣ ឆ្នាំ កីឡាករ មាន ១៦ វិញ្ញាសា និង​កីឡាការិនី ១៦ វិញ្ញាសា ។ ក្រុមទី​២ អាយុ​ចាប់ពី ១៤ ដល់ ១៥ ឆ្នាំ កីឡាករ មាន​ចំនួន ១៦ វិញ្ញាសា កីឡាការិនី ១៦ វិញ្ញាសា និង​វិញ្ញាសា ជា​ក្រុម មាន​ចំនួន ៩ វិញ្ញាសា ។ ក្រុមទី​៣ អាយុ​ចាប់ពី ១៦ ដល់ ១៨ ឆ្នាំ កីឡាករ មាន ១៦ វិញ្ញាសា និង​កីឡាការិនី មាន ១៦ វិញ្ញាសា ។ ក្នុងការ​ប្រកួត មាន​មន្ត្រី​គណៈកម្មការ បច្ចេកទេស​អន្តរជាតិ ចំនួន ១៥ នាក់ មន្ត្រី​គណៈកម្មការ​បច្ចេកទេស​កម្ពុជា ចំនួន ១០០ នាក់​។​

ទិដ្ឋភាព​ប្រកួត និង បើក​ការប្រកួត

​ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩ នេះ ប្រព្រឹត្តទៅបាន ដោយ​បានទទួល​ការឧបត្ថម្ភ​ផ្ទាល់ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ចូលរួម​សហការ ពី​ក្រុមហ៊ុន ខ្មែរ ប្រ៊ូ​វើ​រី គ្រុប សាលា​រាជធានី​ភ្នំពេញ មន្ទីរអបរំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ វិទ្យា​ស្ឋា​ន​ជាតិ​អប់រំ​កាយ និង​កីឡា សហព័ន្ធ​សហភាព​យុវជន​កម្ពុជា គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ រួមទាំង​គណៈកម្មការ​បច្ចេកទេស របស់​សហព័ន្ធ ៕v