​ប្រមុខ​រាជរដ្ឋាភិបាល​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​មាតា​ក្មេក​របស់​សម្តេច​

170
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​នៅ​រសៀល​ថ្ងៃទី​០៦​ខែឧសភា​ឆ្នាំ​២០២០​នេះ​បាន​ថ្លែង​អំណរ​ព្រះ​គុណ​ ព្រះ​តេជគុណ​និង​ព្រះសង្ឃគ្រប់ព្រះអង្គ​ ព្រមទាំង​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការបាត់បង់​ម្តាយក្មេក​របស់​សម្តេច​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ការចូលរួម​រំលែក​ទុក្ខ​របស់​បងប្អូន​ទោះបី​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​តាម​សារលិខិត​ក្តី​ឬ​តាម​បណ្តាញ​សង្គម​ក្តី​ គឺ​បាន​បង្ហាញពី​ការគោរព​ស្រឡាញ់ និង​រួមសុខ​រួមទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​សម្តេច ដែល​មិនអាច​បំភ្លេច​បានឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំព្រះករុណា​និង​ក្រុមគ្រួសារ​សូម​អរ​ព្រះ​គុណ​ព្រះ​តេជគុណ​និង​ព្រះសង្ឃ គ្រប់​ព្រះអង្គ ព្រមទាំង​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ ចំពោះ​ការបាត់បង់​ម្តាយក្មេក ម្តាយ​និង ជីដូន​ជាទី​ស្រឡាញ់ ដែលជា​ម្លប់​ដ៏​កក់ក្តៅ​បំផុត របស់​ក្រុមគ្រួសារ​ខ្ញុំ​ទាំងមូល​កាលពី​ថ្ងៃទី ៤ ឧសភា ២០២០ កន្លងទៅនេះ​។​ការចូលរួម​រំលែក​ទុក្ខ​របស់​បងប្អូន ទោះបី​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​តាម​សារលិខិត​ក្តី​ឬ​តាម​បណ្តាញ​សង្គម​ក្តី​គឺ​បានបង្ហាញ​ពី​ការគោរព​ស្រឡាញ់​និង​រួមសុខ​រួមទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ​គ្រប់កាលៈទេសៈ​ទាំងអស់ ដែល​មិនអាច​បំភ្លេច​បានឡើយ ជាពិសេស​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ​។​

​ខ្ញុំព្រះករុណា​សូម​ប្រគេន​ពរ ព្រះ​តេជគុណ និង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់​ជួបតែ​សច​ក្តី​សុខ នឹង​ពុ​ទ្ធ​ពរ​៥​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕/Ha