​ប្រាប់​ពី​ពេលវេលា​ប្រកួត ហែល​ទឹក​ពានរង្វាន់​ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៣

511
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានប្រកាស​ជា​ផ្លូវការ ហើយ​ថា ការប្រកួត​ដណ្ដើម ពានរង្វាន់​ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៣ ឆ្នាំ​២០១៩ នេះ អ្នក​ដែល​អាច​ចូលរួមបាន ត្រូវមាន​អាយុ​ចាប់ពី ១៤ ឆ្នាំ​ឡើងទៅ ។ នេះ​ជាការ​ប្រកួត​ដោយ បើកទូលាយ (Open) ដែល​វិញ្ញាសា មាន​ចាប់ពី​វ័យក្មេង កីឡាករ -​កីឡាការិនី​ជំនាញ និង​កីឡា​ជនពិការ ក៏​អាច​ចូលរួម​ប្រកួត បានដែរ ។​

​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹង តាម​ទូរស័ព្ទ​ថា ការប្រកួត មាន​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី​១៤ និង ១៥ ខែកុម្ភៈ ខាងមុខនេះ នា​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ។ ក្លិប សមាគម ទាំងអស់ នៅ​ទូទាំងប្រទេស ត្រូវ​មក​ដាក់ពាក្យ និង​ចុះឈ្មោះ​ចូលរួម​ប្រកួត នៅ​ទីស្នាក់ការ​សហព័ន្ធ ឲ្យ​បាន​មុន​ការប្រកួត​មកដល់ ។​

​កម្រិត​អាយុ ដែល​អាច​ចូលរួម​ប្រកួត​បាន បុរស​អាយុ​ចាប់ពី ១៤ ឆ្នាំ​ឡើងទៅ នារី​ចាប់ពី ១៤ ឆ្នាំ​ឡើងទៅ​ដែរ និង​បុរស​ជនពិការ​។ វិញ្ញាសា​ការប្រកួត យើង​បែងចែក ចេញ​ជា ៣ វិញ្ញាសា ដោយ​បុរស​មាន ១៨ វិញ្ញាសា នារី​មាន ១៨ វិញ្ញាសា និង​ជនពិការ​មាន ២ វិញ្ញាសា ។​

​សូមបញ្ជាក់ថា ប្រភេទ​កីឡាហែលទឹក ក្លិប និង សមាគម ដែល​ខ្លាំង កន្លងមក មាន​សមាគម​ក្រសួងមហាផ្ទៃ និង​ក្លិប​ព្រឹទ្ធាចារ្យ ហែម ថុ​ន ។ តែ​ពេលនេះ សមាគម​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សមាគម​ខេត្តកំពង់ចាម ក៏​ខ្លាំង​ដែរ​។ នាពេលខាងមុខ ក្លិប​ស្រុក​កោះធំ ក៏​នឹង​ក្លាយជា​ក្លិប​មួយ​ខ្លាំង​ដែរ​ហើយ​៕v

ទិដ្ឋភាព​ប្រកួត​កន្លងមក​