​ប្រាំមួយ​ថ្ងៃៈ ប៉ូលិស​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ជាង ១២.០០០​គ្រឿង​

140
ចែករម្លែក
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកនាំពាក្យ (​រូប​ថ​តៈ​មុនី​រ័ត្ន​)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែឧសភា ថា សម្រាប់​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស រយៈពេល​ប្រាំ​មួយថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែឧសភា សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យឃើញ​មាន​យានយន្ត​ដែល​ល្មើស​ចំនួន ១២.៧៣២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩.៩១៥​គ្រឿង និង​រថយន្ត​មាន​ចំនួន ២.៨១៧​គ្រឿង​។

បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​មិន​ពាក់មួក​សុវត្ថិភាព​នៅតែ​មាន​ចំនួន​ច្រើន បន្ទាប់មក​អត់​ផ្លាកលេខ និង​រំលោភ​ផ្លាក​សញ្ញា​ចរាចរណ៍​ជាដើម​។ ដោយឡែក​សម្រាប់​រថយន្ត​ភាគច្រើន គឺ​អត់​ពាក់​ខ្សែក្រវាត់ និង​ល្បឿន ក្រៅពីនោះ​ល្មើស​ផ្លាកសញ្ញា​…​។​ល​។​


​ ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ល្មើ​សបទល្មើស​ចរាចរណ៍​សម្រាប់​ថ្ងៃទី​៦ ខែឧសភា សមត្ថកិច្ច​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​យានយន្ត​ចំនួន ១.៨៤៣​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ១.៣៦១​គ្រឿង និង​រថយន្ត​ចំនួន ៤៨២​គ្រឿង​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា បន្ទាប់ពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​រយៈពេល​ចំនួន​ប្រាំ​មួយថ្ងៃ​ពិនិត្យឃើញថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣៦​លើក ស្លាប់​ចំនួន ១៩​នាក់ និង​របួស​ចំនួន ៥០​នាក់​។​
​បើ​យោងតាម​តួលេខ​នេះ​គឺ​ចំ​នួ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​៕សរន/Ha