​ផ្តន្ទាទោស​ជនជាតិ​សឹង្ហ​បុរី ដែល​ឆបោក​ប្រា​ក់ជាង​៣​លាន​ដុល្លារ​

1896
ចែករម្លែក

ដោយៈ​ស្រី​លក្ខណ៍​/​ភ្នំពេញៈ​លោក​សេង​លាង​ចៅក្រម​សា​សា​ដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​បុរស​ជនជាតិ​សឹង្ហ​បុរី​ម្នាក់ ដាក់ពន្ធនាគារ​១១​ខែ ពីបទ ឆបោក ។​សាលក្រម​ដដែល បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​រត់​គេចខ្លួន ដាក់ពន្ធនាគារ​រហូត​ដល់​៣​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​ប្រាក់​សរុបមក​អតិថិជន​រហូត ដល់ ៣ លាន​២​សែន​ដុល្លារ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទៀតផង ។​

​ជនជាប់ចោទ​ឈ្មោះ ENG WEI KHIONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ព្រលានយន្តហោះ​អន្តរ ជាតិ​ភ្នំពេញ​។​ដើមចម​ក្នុង​សំណុំ​រឿងនេះ គឺ​លោក​មេធាវី សំ មនោ​រម្យ និង​លោក មេធាវី ដា​រ៉ា សុ​បញ្ញា ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រុមហ៊ុន ស៊ី​ឃ្យួ​រខម មេ​ឌា បាន​ប្តឹង​លើ​ជនសង្ស័យ​ឈ្មោះ ENG WEI KHIONG ជា​នាយក​ក្រុមហ៊ុន​ដែល​បានមក​ស្នាក់នៅ​អាគារ SILVER TOWN ស្ថិត​តាមផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេង កង​១ ខណ្ឌចំការមន ពីបទ​.​ឆបោក និង​រំលោភ​ទំនុកចិត្ត ពី​អតិថិជន​របស់​ក្រុមហ៊ុន លើទឹក​ប្រា​ក់ជាង​៣​លាន​២ សែន​ដុល្លារ​។​

​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា​កាលពី​អំឡុង​ខែសីហា​ឆ្នាំ​២០១៦​ក្រុមហ៊ុន​ស៊ី​ឃ្យួ​រខម​មេ​ឌា​បានប្រកាស​ផ្សាយពាណិជ្ជកម្ម​ធ្វើ​អាជីវកម្ម​លក់​ភាគហ៊ុន​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុមហ៊ុន​FUGI​។​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​អតិថិជន​ជឿទុកចិត្ត​រួចមក​ក៏មាន​អតិថិជន​មួយចំនួន​បាន​បើក​គណនី និង​ដាក់​ប្រាក់​ក្នុង​ក្រុមហ៊ុន​នោះ​ជាច្រើន​លាន​ដុល្លារ ដើម្បី​ធ្វើ​អាជីវកម្ម​វិនិយោគ​តាម​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ស៊ី​ឃ្យួ​រខម មេ​ឌា (​ខេ​ម​បូ​ឌា​) ។​

ក្រោយពេល​ដំណើរការបាន​មួយរយៈ​ប្រហែលជា​៣​ទៅ​៤​ខែ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រុមហ៊ុន​នេះ​ក៏បាន​ប្តូរ​លក្ខន្តិកៈ និង​ដក​លោក ឯក សារឿន ជា នាយក​ចេញ ហើយ​ដាក់ឈ្មោះ ENG WEI KHIONG ជំនួស​វិញ ។​ចាប់តាំងពី​នោះមក​ក្រុម​នេះ​បាន​ផ្លាស់ប្តូរ​លក្ខន្តិកៈ និង​គោលការណ៍​ផ្ទៃក្នុង​ជា​ញឹកញាប់​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃទី​១ ខែសីហា ២០១៦ ទាំងស្រុង មិន​តែ ប៉ុណ្ណោះ​សូម្បីតែ​ការប្រាក់​ចំណេញ ដែល​កាលពីមុន​ក្រុមហ៊ុន​កំណត់​ឲ្យ​ដក​ក្នុង​រយៈពេល​១០​ថ្ងៃ​ម្តង ក្នុង​១​ខៃ ឥឡូវនេះ​រយៈពេល​មិន​ពិត​ប្រក​ដ ពន្យា​ពេល​លើស​រយៈពេល​១០​ថ្ងៃ ដោយ​មិន កំណត់ពេល​ជាក់លាក់​ទាល់តែសោះ ។​

​ពិសេស​ទៀត​នោះ​នាយក​ក្រោយ​គឺ​ឈ្មោះ ENG WEI KHIONG ជនជាតិ​សឹង្ហ​បុរី​នេះ​ប្រើ​ល្បិចកល​លួងលោម​អតិថិជន ដោយ​ភូត​កុហក់ថា​ក្រុមហ៊ុន​ធំ​នៅ​ប្រទេស​អង់គ្លេស​មិន​ព្រម​បង្វែ​ប្រាក់​ឲ្យ​មក​អតិថិជន​ទេ ដោយ​កំណត់​ឲ្យ​អតិថិជន​ទាំងអស់​បង្វែ​ប្រាក់ចំណេញ ទៅ​ដាក់​ជា​ហ៊ុន​បន្ថែម​នៅ​ទីផ្សារ​ធំ​ប្រទេស​អង់គ្លេស រង់ចាំ​ស្ថាន​ភាពនឹងនរ ទើប​ឲ្យ​ដក​ប្រា​ក់មក​ឲ្យ​អតិថិជន​នៅពេល​ក្រោយ​វិញ ៕S/