​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ នៅតែ​បន្ត​ការសាងសង់ ដោយ​មិន​ផ្អាក​ឡើយ​

176
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដែលជា​អំណួត​របស់​កម្ពុជា នា​សតវត្ស​ទី​២១ និង​ជា​កន្លែង​ត្រៀម ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ នៃ​ការធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នោះ នៅតែ​បន្ត​ការសាងសង់ ដោយ​មិនមាន​ផ្អាក ដោយសារ​ជំងឺ​ផ្លូវដង្ហើម Covid-19 ឡើយ ។ កីឡដ្ឋាន​ធំ (Main Stadium) គឺជា​កន្លែង សម្រាប់ធ្វើ​ពិធី​បិទ និង​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន កីឡដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ ខាងលើ កំពុងតែបន្ត​ព​ន្លឿ​ន ការសាងសង់​ជាធម្មតា ពិសេស​ការដំឡើង​គ្រឿង​ដង្គុំ​សំខាន់ៗ ក៏​ជិត​ហើយ​ដែរ​។ តាម​ការប៉ាន់ស្មាន នៅសល់​ប្រហែល ២០% ទៅ ៣០% ទៀត កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ នឹង​រួចរាល់​ស្ថាពរ នៅ​ដំណាច់ឆ្នាំ ២០២០​។

លោក វ៉ា​ត់ ចំរើន

​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ទោះ​មានការ​រាតត្បាត ពី​វីរុស Covid-19 ក៏ពិតមែន តែ​មិន​ប៉ះពាល់ ដំណើការ​សាងសង់​នោះទេ ព្រោះ​ក្រុមហ៊ុន​សាងសង់ មាន​វិធានការ​ចំនួន ដើម្បី​បង្ការ និង​ទប់ស្កាត់​វីរុស ដ៏​កាច​សាហាវ​នេះ ជាក់ស្ដែង វិស្វករ និង​កម្មករ ទាំង​ខ្មែរ និង​ចិន មិនត្រូវ​បានអនុញ្ញាត ឲ្យ​ចេញ​-​ចូល ក្រៅពី​បរិវេណ​កន្លែងធ្វើការ​នោះទេ​។ ពាក់ព័ន្ធ​ហិរញ្ញវត្ថុ ក៏​គ្មាន​បញ្ហា​ក្ដី បារម្ភ​ដែរ ព្រោះ​គម្រោង​នេះ មាន​ទុន​ស្រាប់ ដើម្បី​ចំណាយ​។​

សូមបញ្ជាក់ថា កីឡដ្ឋាន​ធំ នៃ​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ គឺជា​ហិរញ្ញប្បទាន ឥត​សំណង​របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប ប្រមាណ ១៦០ លាន​ដុល្លារ ។ កីឡដ្ឋាន​នេះ សាងសង់​លើ​ផ្ទៃដី ១៦.២២ ហិកតា នា​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ដើម្បី​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកទស្សនា បាន​ជាង ៦ ម៉ឺន​នាក់ ហើយ​មាន​លក្ខណៈពិសេស ជាច្រើន ហើយ​អាច​ជម្លៀស អ្នកទស្សនា​ទាំងអស់ ក្នុងពេល​ត្រឹម ៧ នាទី​ប៉ុណ្ណោះ ពេល​មាន​អាសន្ន​៕v

សកម្មភាព​សាងសង់​