​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត​ចំពោះ​អតីត​និង​មន្ត្រី​កីឡា​បួនរូប​

184
ចែករម្លែក
រូបពីស្តាំទៅឆ្វេងៈលោក ឆាំង ពិសិដ្ឋ លោក ទុយ វិច្ឆិកា លោក ម៉ៃ តុលា(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​,​រ៉ូ​ហ្សា​/ភ្នំពេញៈ អតីត និង​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មួយចំនួន​ដែល​បាន​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ថែម​ទៀតផង​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា អតីត និង​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មួយចំនួន​ដែល​បាន​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មានដូចជា លោក ម៉ៃ តុលា​, លោក ទុយ វិច្ឆិកា ,​លោក ឆាំង ពិសិដ្ឋ និង​លោក​គល់ សុភា​រម្យ ត្រូវបាន​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត​។
​ចំណែក​លោក លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ត្រូវបញ្ជូន​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​


​ទាក់ទង​ករណីនេះ លោក កែវ សារ៉េត ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​បាន​ថ្លែងថា អំឡុង​ការសហការ​រវាង​មន្ត្រី​សហព័ន្ធ និង​ក្រុមហ៊ុនស្រា​បៀរ Tiger រៀបចំ​ការប្រកួត​រប​ស់​Tiger Street football តាំងពី​ឆ្នាំ ២០១៣ មកដល់​ឆ្នាំ ២០១៩ រកឃើញថា​មន្ត្រី​សហព័ន្ធ​ទាំង​បួន​រូបនោះ​មានការ​កិបកេង​ប្រាក់​ជាង​៣០​ភាគរយ ដោយ​គ្មាន​មូលហេតុ​មិនបាន​ចូលមក​សហព័ន្ធ​សោះ​។​ក្រោយ​ការបង្កើត​គណៈកម្មការ​វិន័យ សហព័ន្ធ បាន​រកឃើញ​បន្ថែមថា​ត្រឹម​អំឡុង​ឆ្នាំ​២០១៥​ដល់ ២០១៩ មានការ​កិបកេង​ប្រា​ក់ជាង ៥៩.៧៣៦ ដុល្លារ​ឯណោះ​។ អំពើ​នេះហើយ ទើបបានជា​សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​ប្រជុំគ្នា​ជាច្រើនលើក រហូតដល់​ឈានដល់​ការពិន័យ​ព្យួរ​សកម្មភាព​បាល់ទាត់​ពួកគេ​ទាំង​បួន​នាក់​រហូត​មួយជីវិត​តែម្ដង​។ ខណៈដែល​សាមីខ្លួន​ទាំង​បួន ក៏បាន​សារភាព​ចំពោះ​កំហុស​នេះដែរ​៕សរន/Ha