​ព្រមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​កា​មីន​កូ​មានការ​យឺតយ៉ាវ​រក​ដំណោះស្រាយ​ជនរងគ្រោះ​

273
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ដោយសារ​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មីន​កូ​អូសបន្លាយ​ក្នុងការ​ដោះស្រាយ​សំណង​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​ទើប​រសៀល​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​ក្នុងការ​ដោះស្រាយ​សំណង​ជូន​ជនរងគ្រោះ​។​

ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ពី​រថយន្ត​ក្រឡុក​ស៊ីម៉ង់​របស់​ក្រុមហ៊ុន​បេតុង​SCG​ដែល​ធ្វើ​អាជីវកម្ម​នៅ​ក្រុងព្រះសីហនុ​។​ក្នុងនោះ​មានការ​ចូលរួម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោកស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ពី​មន្ទីរជំនាញ​និង​គូភាគី​ពាក់ព័ន្ធ​។

​តាម​តំណាង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្កឡើង​ដោយ​រថយន្ត​បេតុង​របស់​ក្រុមហ៊ុន​បេតុង SCG កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​នៅនឹងកន្លែង​។​ជនរងគ្រោះ មានឈ្មោះ ជា ស៊ី​វ៉ាន ភេទ​ប្រុស មុខរបរ​ជា​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ​។
​ក្នុងនោះ​តំណាង​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មីន​កូ​បាន​លើកឡើងថា​ខ្លួន​មិន​ទទួលខុសត្រូវ​ទូទាត់​សំណង​ជូន​ជនរងគ្រោះ​នោះទេ ដោយ​ចោទថា​ក្រុមហ៊ុន​បេតុង SCG មិន​គោរព​តាម​គោលការណ៍​របស់ខ្លួន​។​

​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​នាពេលនេះ ខាង​ក្រុមហ៊ុន​បេតុង SCG សុខចិត្ត​សង​ជា​សំណង​ជា​ថវិកា​ចំនួន ១០.០០០​ដុល្លារ​អាមេរិក​ជូន​ដល់​ភាគី​ជនរងគ្រោះ​ដើម្បី​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​។​ជា​ចុងក្រោយ​លោក​គួច​ចំរើន​អភិបាលខេត្ត​លើកឡើងថា​តាម​ព័ត៌មាន​ដែល​ទទួលបាន​កន្លងមក​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំ​មីន​កូ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ទូទាត់​សំណង​ជូន​ជនរងគ្រោះ​។​ដោយ​លើកយក​ហេតុផល​ផ្សេងៗ​ដែល​ធ្វើឱ្យ​ជនរងគ្រោះ​ទទួល​ភាពអយុត្តិធម៌​កាន់តែខ្លាំង​ឡើង ។

​លោក​ក៏បាន​ព្រមាន​ផងដែរ​ថា​ក្នុងករណី​រកឃើញថា​ក្រុមហ៊ុន​កាំ​មីន​កូ​មាន​កំហុស​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​នោះ​រដ្ឋបាលខេត្ត​នឹងធ្វើ​របាយការណ៍​ជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ផ្អាក​អាជីវកម្ម​ក្រុមហ៊ុន​នេះ​ភ្លាម​៕S/

.​