​ព្រះរាជសុខភាព​ល្អប្រសើ​រ​: សម្តេចក្រុមព្រះ គ្រោង​នឹង​យាង​មក​កម្ពុជា​វិញ​នាពេល​ឆាប់ៗ​

887
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេចក្រុមព្រះ នរោត្តម រណ​ឫទ្ធ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គ្រោង​នឹង​យក​កម្ពុជា​វិញ​នៅក្នុងពេល​ឆាប់ៗ ខាងមុខនេះ បន្ទាប់ពី​ព្រះអង្គ​បាន​សម្រាក​ព្យាបាល​របួស​និង​ព្រះរាជសុខភាព អស់​រយៈពេល​ជាច្រើន​ខែ នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។

​សម្តេចក្រុមព្រះ នរោត្តម រណ​ឫទ្ធ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (​រូប​ថ​តៈ​ឯកសារ​)

​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក ណុប សុធា​រិ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​២​ខែមករា ថា ព្រះរាជសុខភាព​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ ដោយ​ព្រះអង្គ​អាច​យាង​ដើរ​បាន ហើយ​ព្រះអង្គ​គ្រោង​នឹង​យាង​វិល​ត្រលប់មក​កម្ពុជា​វិញ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ គឺ​បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត ពិនិត្យ​ព្រះរាជសុខភាព​ព្រះ​អង្គជា​លើកចុងក្រោយ​សិន​។

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​អះអាងថា “​ឥឡូវនេះ សុខភាព​ព្រះអង្គ​ល្អ លោក​អាច​យាង​ដោយ​ព្រះបាទ​បាន ហើយ​ព្រះអង្គ​រង់ចាំ​ដុក​ទ័​រ​ធំ​ពិនិត្យ​ព្រះរាជសុខភាព​ចុងក្រោយ​សិន និង​ចេញ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ ទើប​អាច​យាង​ត្រឡប់មក​កម្ពុជា​វិញ​បាន​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​”​។​

​គួរ​បញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​។ សព​អ្នក​ម្នាង អ៊ុក ផល្លា បាន​បូជា​កាលពី​ថ្ងៃទី​២០ ខែមិថុនា ។​

​ទាក់ទង​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា កាលពី​ថ្ងៃទី​១៧ ខែមិថុនា គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ និង​មិនមែនជា​ករណី​អ្វី​ផ្សេង​ក្រៅពីនេះ​ទេ​។ ពីព្រោះ​ផ្អែក​តាម​ការស្រាវជ្រាវ​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​ឈ្មោះ ម៉ិ​ល សារ៉េត បណ្តាលអោយ​អ្នក​ម្នាង អ៊ុក ផល្លា មរណភាព និង​មនុស្ស​របួស​ជាច្រើន​នាក់​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់​ទៀតថា រថយន្ត​តាក់ស៊ី បាន​បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង ទៅបុក​ព្រះទីនាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ ហើយ​អ្នកបើក​បរបាន​សារភាព​ពិតជា​បាន​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ វ៉ា​ជែង ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​លោក​បញ្ជាក់ថា រថយន្ត​តាក់ស៊ី​ដែល​បុក​ព្រះទីន័ង សម្តេចក្រុមព្រះ គឺ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក មាត្រា​៨៣ និង​មាត្រា​៨៥ និង​ផ្ទុក​មនុស្ស​លើស​កំណត់ (​សរុប​មនុស្ស​ក្នុង​រថយន្ត​តាក់ស៊ី​៧​នាក់ រួមទាំង​អ្នកបើកបរ​)៕