​ព្រះរាជអាជ្ញា​ដឹកនាំ​កម្លាំង​ពិនិត្យ​សម្ភារ​លក់សម្រាប់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្តមណ្ឌលគិរី​

180
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​ខេត្តមណ្ឌលគិរី​៖​កម្លាំងចម្រុះ​នៃ​អាជ្ញាធរខេត្ត​មណ្ឌលគិរី​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ហៀ​ង​សុ​ភ័​ក្រ​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣១​មីនា​២០២០​បាន​ចុះ​ពិនិត្យ​ការតាំង​លក់​សម្ភារ​សម្រាប់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដូចជា​ជែ​ល​សម្អាត​ដៃ​,​ទឹក​អាល់កុល​,​ដែល​តាំង​លក់​នៅ​ក្រុង​សែន​មនោ​រម្យ​។​ក្នុងនោះ​អប់រំ​ហាមឃាត់​អាជីវករ​មិនឱ្យ​លក់​ឧ​បករ​ណ៏​ធ្វើ​តេស​រក​ជំងឺ​កូ​វីដ​១៩​។​

លោក ហៀ​ង សុ​ភ័​ក្រ មាន​ប្រសា​ស​ន៏​ថា ដោយ​អនុវត្ត​ន៏​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ដែល​បានដាក់​បទបញ្ជា​ឱ្យ​គ្រប់​កម្លាំង​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​ចូល​រួម​ទប់ស្កាត់​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​ជាពិសេស​ជន​ឱកាសនិយម​ដែល​លក់​ផលិតផល​ក្លែងក្លាយ​ដល់​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ប៉ះពាល់​សុខភាព ត្រូវ​បង្ក្រាប​ចាត់វិធានការ​តាមច្បាប់​ឱ្យបាន​តឹងរ៉ឹង​បំផុត ។​

​លោក​ព្រះរាជអាជ្ញារ​បន្តថា សកម្មភាព​របស់​ក្រុមការងារ​នាពេលនេះ​ផ្ដោត​សំខាន់​ទៅលើ​តម្លៃ​ម៉ាស់ ជែ​ល​សម្អាត​ដៃ សាប៊ូ អាល់កុល និង​ប្រភព​នាំចូល ចំណែក​លទ្ធផល​ពិនិត្យ គឺ​ឃើញថា​ល្អប្រសើរ មិនមាន​ទំនិញ​ហាមឃាត់​នោះទេ​។​មន្ត្រី​ជំនាញ​ក៏បាន​ណែនាំ​អាជីវករ​ឱ្យ​នាំយក​ទំនិញ​ដែលមាន​ប្រភព​ច្បាស់លាស់​មក​លក់ ។​
​ជាពិសេស​គឺ​អាល់កុល​ព្រោះថា​ប្រសិន​មុខទំនិញ​គ្មាន​ប្រភព​ពិតប្រាកដ​អាចជា​ទំនិញ​ក្លែងបន្លំ​របស់​ក្រុម​ឆ្លៀតឱកាស​និង​ធ្វើឱ្យប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ហើយ​ក្នុងករណី​បែបនេះ​ដែរ​អា​ជីវ​ករ​ជា​អ្នកលក់​ផលិតផល​ទាំងនេះ​ជា​អ្នក​ប្រឈម​ជាមួយ​ផ្លូវច្បាប់​។​

​លោក​លឹម​ស្រេង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តមណ្ឌលគិរី​បានឱ្យដឹង​ដែរ​ថា​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​ជូន​សេចក្ដីអំពាវនាវ​របស់​ក្រសួងពាណិជ្ជកម្ម​ស្ដីពី​ការរក្សា​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ជូន​អាជីវករ​គ្រប់រូប​។​ស្នើឱ្យ​អាជីវករ​ដែល​តាំង​លក់​អាល់កុល​សាប៊ូ​ជែ​ល​ម៉ាស់​ត្រូវ​សរសេរ​តម្លៃបិទ​ភ្ជាប់​ជាមួយ​មុខទំនិញ​គ្រប់មុខ​ក្នុងតម្លៃ​សមរម្យ​ទូទៅ​ចៀសវាង​ការ​កេងចំណេញ​ហួសហេតុ​។​ក្នុងករណី​ដែល​អាជីវករ​ដំឡើងថ្លៃ​ខ្ពស់​ខុសពី​ការជូនដំណឹង​ជំនាញ​ពាក់ព័ន្ធ និង​សហការ​ចាត់វិធានការ​ផ្លូវច្បាប់​។

​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បញ្ជាក់ថា ក្រៅពី​ការពិនិត្យ​មុខទំនិញ ប៉ុន្មាន​មុខ​ខាងលើនេះ មន្ត្រី​ជំនាញ ក៏​ផ្តោត​សំខាន់​ទៅលើ​ឧបករណ៍​ពិនិត្យ​ជំងឺ​កូ​វីដ​១៩ គឺ​ហាម​ដាច់ខាត​មិនឱ្យ​មានការ​នាំចូល និង ដាក់លក់​ផងដែរ​៕S/​