​មន្ត្រី​កាំកុងត្រូល​ដកហូត​ត្រី​បបែល​ងៀត​ផ្អែម​នៅ​ផ្សារ​វាល​យន្ត​ព្រោះ​មាន​សារ​ធាតុគីមី​

1103
ចែករម្លែក

​ដោយៈ​វៃ​កូ​/​ស្វាយរៀងៈ​លោក​ផឹង​និល​ប្រធាន​សាខា​កាំ​ត្រូល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​នេះ​បានឱ្យដឹងថា​ថ្ងៃនេះ​រូបលោក​បាន ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​ទំនិញ​គ្រប់មុខ នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​ដើម្បី​រកសារ​ធាតុគីមី​ដាក់​ក្នុង​មុខទំនិញ​។​

​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លា​ឈើ​គ្រប់​ប្រភេទ​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​ដោយបាន​រកឃើញ​សារធាតុ​បូរ៉ា​ក់​ត្រូវបាន​អ្នក​ផលិត​ដាក់​លើ​ងៀត​ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​១៦​គីឡូក្រាម​។​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការដកហូត​រួម​និង​បានធ្វើ​កិច្ចសន្យា​ដោយ​មិនឱ្យ​បងប្អូន​អាជីវករ​ដាក់លក់​តទៅ​ទៀត​។​គឺ​ធ្វើឱ្យ​អ្នក​បរិភោគ​ងៀត​នេះ​ប៉ះពាល់​ដល់​សុខភាព​ដូចជា​ខូច​ក្រពះ​ពោះវៀន ក្រលៀន​យ៉ាងធ្ងន់ធ្ងរ​និង​អាច​បង្ក​អោយ​បែក​ឈាម​តាម​រោម​ទៀតផង​។​

​លោក​បន្តថា ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ ក្នុង​បំណង​ធានាបាន «​សុវត្ថិភាព​ម្ហូបអាហារ​» ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់ ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ​។ គឺជា​ការទទួលខុសត្រូវ​រួមគ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ​និង​យើងទាំងអស់គ្នា​ជា​អ្នកប្រើប្រាស់​ផងដែរ​ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​ប្រធាន​សាខា​រូបនេះ​ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្តស្វាយរៀង​សូម​មានការ​ប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ​ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា​ការ​បរិច្ឆេទ​ឲ្យ​បានច្បាស់លាស់​មុននឹង​ទិញ​យកទៅ​បរិភោគ​។​ជាពិសេស​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​និង​ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា​ហើយ​មន្ត្រី​កាំកុងត្រូល​និង​បន្ត​ចុះ​តាម​ច្រករបៀង​ព្រមទាំង​ពិនិត្យ​ទំនិញ​នៅតាម​ផ្សារ​នានា​នៅក្នុង​ខេត្តស្វាយរៀង​ឲ្យ​បាន​ដូច​ភ្លៀងរលឹម​៕S/​