​មិនអាច​បំភ្លេច​ ​ទិវា​ជាតិ​នៃ​ការចងចាំ​២០ ឧសភា​

210
ចែករម្លែក
មិនអាច​បំភ្លេចបាន ថ្ងៃ​៧ មករា​។ ទីក្រុង​ភ្នំពេញ ឆ្នាំ​១៩៨១​។ (​ដេវីដ ហក​/​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​។​

ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​
ការចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍​គឺ​មិនមែនជា​រឿង​ដែល​ងាយ​នឹង​កន្លង​ហួស​,​បំភ្លេចចោល ឬ​ជាការ​អត់ឱន​ឲ្យ​នោះទេ​។ មិន​ថា​អ្នក​គឺជា​អ្នក​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍​, ជា​សាច់ញាតិ​របស់​ជនរងគ្រោះ​ឬ​អ្នក​រស់រានមានជីវិត​, ឬក៏​ជា​ចៅទួត​នៃ​ជំនាន់​ក្រោយ​យ៉ាងណាក៏ដោយ ការចងចាំ​ពី​ភាព​សាហាវឃោរឃៅ​ដ៏​ធំធេង​នៃ​របប​ខ្មែរក្រហម​នៅតែ​ឆ្លងកាត់​កាលៈទេសៈ​,​ពេលវេលា​ឲ​និង​ការព្យាយាម​។ អ្នក​រស់រានមានជីវិត​ពី​សម័យ​ខ្មែរក្រហម​ភាគច្រើន​បាន​ព្យាយាម​លាក់ទុក​អតីតកាល​របស់ខ្លួន​។ មានតែ​ការ​រំឭកថា​អតីតកាល​របស់​អ្នក​រស់រានមានជីវិត​គឺ​តែងតែ​នៅ​ជា​អត្តសញ្ញាណ​បច្ចុប្បន្ន​របស់គាត់​ទាំងអស់គ្នា នោះ​ទើប​ថា​ក្មេងៗ​ជាច្រើន​ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម​បាន​ស្វះ​ស្វែងយល់ ថា​តើ​អំពើ​ឃោរឃៅ​បែបនេះ​អាច​កើតឡើង​បាន​ដោយ​របៀប​ណា ឬ​ប្រហែលជា​យុវវ័យ​ជាច្រើន​ឆ្ងល់ ថា​តើ​អំពើ​ឃោរឃៅ​បែបនេះ​ពិតជា​បាន​កើតឡើង​មែនដែរ​ឬ​យ៉ាងដូចម្តេច​។ ការចងចាំ​អំពី​អំពើ​ប្រល័យពូជសាសន៍​គឺ​តែងតែ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​តទៅ​អនាគតកាល​។


​ថ្ងៃ​ឈប់សម្រាក​ក្នុងប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែឧសភា គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​។ ប្រសិនបើ​ថ្ងៃទី​២០ ខែឧសភា មិនមែនជា​ថ្ងៃ​ឈប់សម្រាក​របស់​ជាតិ ថ្ងៃនេះ​គឺជា​ថ្ងៃ​នៃ​ការចងចាំ​និង​ការប្តេជ្ញាចិត្ត​របស់​បុគ្គ​ល​ម្នាក់ៗ​។ ថ្ងៃទី​២០ ខែឧសភា​នេះ តំណាង​ឲ្យ​ឱកាស​មួយ​ដើម្បី​ចងចាំ​ថា​អតីតកាល​មួយ​ឬ​គ្រួសារ​មួយ​, សហគមន៍​មួយ ឬ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេសមួយ អាចជា​ឱកាស​មួយ​សម្រាប់​ការរៀនសូត្រ​និង​បង្រៀន​ទៅដល់​ក្មេងៗ​ជំនាន់​ក្រោយ​។


​នៅក្នុង​ឆ្នាំ​១៩៨៤ ថ្ងៃទី​២០ ខែឧសភា ត្រូវបាន​កំណត់ថា​ជា​ថ្ងៃ​នៃ «​ទិវា​ចងកំហឹង​»​។ ថ្ងៃទី​២០ ខែឧសភា ត្រូវ​បានកំណត់​មួយផ្នែក​ទៀតថា​ជា​និមិត្តរូប​នៃ​ការប្រឆាំង​ទៅនឹង​អង្គការសហប្រជាជាតិ​។ រវាង​ឆ្នាំ​១៩៨២​ដល់​ឆ្នាំ​១៩៨៣​ដែលមាន​ប្រជាជន​កម្ពុជា​ជាង​មួយ​លាន​នាក់ បាន​ផ្តិតមេដៃ​និង​ចុះហត្ថលេខា​នៅលើ​ញ្ញត្តិ​ដើម្បី​ផ្ញើ​ជូនទៅ​អង្គការសហប្រជាជាតិ​តាមរយៈ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។ គោលបំណង​នៃ​ការដាក់​ញត្តិ​ទៅកាន់​អង្គការសហប្រជាជាតិ​គឺជា​ការតវ៉ា​ដល់​អង្គកា​រ​សហប្រជាជាតិ ដែល​បាន​បន្ត​ទទួលស្គាល់​របប​ខ្មែរក្រហម​ថា​ជា​អ្នកតំណាង​ស្របច្បាប់​របស់​ប្រជាជន​កម្ពុជា​នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ សម្តេច ហេង សំរិន បាន​ព្យាយាម​ដណ្តើមយក​អាសនៈ​របស់​ប្រទេស​កម្ពុជា​នៅក្នុង​អង្គការសហប្រជាជាតិ​ពី​ខ្មែរក្រហម ហើយ​ប្រគល់​ទៅ​ឲ្យ​ប្រជាជន​ខ្មែរ​វិញ​។ ប៉ុន្តែ​ជា​ចុងក្រោយ​សកម្មភាព​នេះ​ត្រូវបាន​រារាំង​។​

ស្តូប​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​។​( អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


នៅក្នុង​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​តាមរយៈ​អនុក្រឹត្យ​លេខ​១៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កែប្រែ​ឈ្មោះ «​ទិវា​ចងកំហឹង​» ទៅជា «​ទិវា​ជាតិ​នៃ​ការចងចាំ​» ដោយ​កំណត់​យក​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ​។​ចាប់តាំងពី​ឆ្នាំ​២០១៨​មក ថ្ងៃទី​២០ ខែឧសភា គឺជា ថ្ងៃបុណ្យ​ជាតិ​ជា​ផ្លូវការ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ឈប់សម្រាក​ពី​ការងារ​ដើម្បី​ចូលរួម​ការ​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​នៅតាម​បូជនីយដ្ឋាន​នានា​ទូទាំងប្រទេស​។ ថ្ងៃទី​២០ ខែឧសភា គឺជា​ថ្ងៃ​សំខាន់​មិន​ត្រឹមតែ​ជា​ថ្ងៃ​សម្រាក​ពី​ការងារ​តែប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ការស្វែងយល់​និង​ឧទ្ទិស​កុសល​។ គ្រូបង្រៀន សិស្សានុសិស្ស មន្ត្រីរាជការ ព្រះសង្ឃ បព្វជិត ទួន ហា​គឹម និង​សាធារណជន​អាច​ជួបជុំគ្នា​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​ខ្មែរក្រហម​នៅតាម​បូជនីយដ្ឋាន​ដែល​នៅក្បែរ​កន្លែង​រស់នៅ​រប​ស់​ខ្លួន​។​
មិន​ត្រឹមតែ​ប៉ុណ្ណោះ​សោត «​ទិវា​ជាតិ​នៃ​ការចងចាំ​» ថ្ងៃទី​២០ ឧសភា បានផ្តល់​ឲ្យ​ជា​សំណង​សមូហភាព​និង​ផ្លូវចិត្ត​របស់​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​។ នៅក្នុង​ឆ្នាំ​២០១៨ តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បានទទួល​ស្គាល់​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​២០ ខែឧសភា​នេះ​ធ្វើជា​ថ្ងៃ​បុណ្យជាតិ ជា​សំណង​សម្រាប់​ដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២/០១​។


​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ និង​ឆ្នាំ​បន្តបន្ទាប់​ទៅ​ថ្ងៃ​អនាគត គឺ​លែង​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ទៀតហើយ​នៅក្នុង​ប្រទេស​កម្ពុជា​។ ទោះបីជា​មានការ​ផ្លាស់ប្តូ​រ​នេះ ខ្ញុំ​សង្ឃឹមថា​យើង​នៅតែ​អាច​បន្ត​រំឭក​ដល់​ថ្ងៃទី​២០ ខែឧសភា​នេះ​បាន​ដដែល​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ផា​ទ្រី​ក ម័​រ​ហ្វី ចូលរួម​បង្សុកូល​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​។ (​អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​,​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ផា​ទ្រី​ក ម័​រ​ហ្វី និង​បុគ្គលិក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បានមក​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​ដើម្បី​រំឭក​ដល់​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​។​វត្ត​ស្ងួន​ពេជ្រ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ងួន​ពេជ្រ ដែលមាន​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​សាលាក្តី​ខ្មែរក្រហម​។​
​យោងតាម​របាយការណ៍​ស្តីអំពី​ការចុះ​សិក្សា​ស្រាវជ្រាវ​អំពើ​ឧក្រិដ្ឋកម្ម​របស់​បន ប៉ុល ពត នៅ​ខេត្តកណ្តាល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ខ្មែរក្រហម​បាន​យក​វត្ត​ស្ងួន​ពេជ្រ​ធ្វើជា​គុក និង​ជា​កន្លែង​សម្លាប់​មនុស្ស​នៅ​អំឡុង​ឆ្នាំ​១៩៧៦​។​គុក​នេះ គឺជា​គុក​ដែល​ធំជាងគេ​នៅក្នុង​ស្រុក​អង្គស្នួល​។ ប្រជាជន​ចន្លោះ​ពី​៤០០​ទៅ​៧០០​នាក់ ត្រូវបាន​ប៉ាន់​ស្មានថា​បាន​ស្លាប់​នៅក្នុង​វត្ត​នេះ​។ រណ្តៅ​សម្លាប់​មនុស្ស គឺ​ស្ថិតនៅ​ជុំវិញ​បរិវេណ​វត្ត ប្រឡាយ​ខាងមុខ​វត្ត ចែង​ព្រះវិហារ ក្នុង​ស្រះ​ក្បែរ​ព្រះវិហារ និង​ខាងលិច​សាលារៀន​។​ប្រជាជន​ដែល​ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន​យកមក​ទីនេះ​គឺជា​អ្នក​ដែល​ខ្មែរក្រហម​បាន​ចោទប្រកាន់ថា «​ខុសសីលធម៌​, ជាប់​និន្នាការ​ប៉ូលីស​, ទា​ហ៊ាន​, គិញ​, គយ ឬ​ជនបង្កប់​សូ​វៀត និង​អាមេរិក​»​។ ជនរងគ្រោះ​មាន​ចម្រុះ​ជនជាតិ ចិន​, ចាម​, ខ្មែរ​, ក្មេង​, ចាស់​, ប្រុស​, ស្រី ដែល​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា​។ ខ្មែរក្រហម​សម្លាប់​ដោយ​មិន​រើសអើង​នោះទេ​។ ខ្មែរក្រហម​សម្លាប់​ទាំង​ក្មេង​ទាំងចាស់ និង​ទាំងប្រុស​ទាំងស្រី​។​នៅ​ចុងឆ្នាំ​១៩៧៨ និង​ដើមឆ្នាំ​១៩៧៩ មានការ​វាយ​សម្លាប់​អ្នកទោស​ជាច្រើន​ព្រោះ​ខ្មែរក្រហម​បាន​ចោទប្រកាន់​អ្នកទោស​ទាំងអស់​ថា​ជា​ខ្មែរ​«​ស​»​។ សព្វថ្ងៃនេះ យើង​ឃើញ​មានការ​កសាង​ស្តូប​សម្រាប់​តម្កល់​អដ្ឋិធាតុ​របស់​ជនរងគ្រោះ​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ផា​ទ្រី​ក ម័​រ​ហ្វី ចូលរួម​បង្សុកូល​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​។ (​អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅក្នុង​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​ដល់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ស្ងួន​ពេជ្រ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ផា​ទ្រី​ក ម័​រ​ហ្វី បាន​មានប្រសាសន៍ថា «​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បានមក​ចូលរួម​ប្រារព្ធ​កម្មវិធី​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​។ ខ្ញុំ​រីករាយ​ដែល​ទីតាំង​នេះ​មានការ​សាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​ខ្មែរក្រហម ថែមទាំង​មានការ​ចូលរួម​ថែរក្សា​ពី​លោកយាយ​លោកតា និង​កូនចៅ​ជំនាន់​ក្រោយ​ទៀត​»​។ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ផា​ទ្រី​ក ម័​រ​ហ្វី បាន​សួរ​ទៅកាន់​អ្នកចូលរួម​ថា តើ​អ្នក​ទាំងអស់គ្នា​នៅ​ចងចាំ​ពី​របប​ខ្មែរក្រហម​ដែរឬទេ​? តើ​មាន​នរណា​ខ្លះ​បាត់បង់​សាច់ញាតិ​នៅទីនេះ​? លោក​ក៏បាន​បន្ថែមទៀត​ដែរ​ថា «​ថ្ងៃទី​២០ ឧសភា គឺជា​ថ្ងៃ​ដ៏​សំខាន់​ណាស់​ក្នុង​ការចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍ ហើយ​សម្រាប់​ការថែរក្សា​ការចងចាំ​នេះ គឺជា​កិច្ចការ​របស់លោក​ដែល​ជួយ​គាំទ្រ​ដែរ​។ សហរដ្ឋអាមេរិក នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការងារ​ដែល​ទាក់ទង​នឹង​ការផ្សះផ្សា និង​សន្តិភាព​។ ការសិក្សា​ប្រវត្តិសាស្ត្រ​សំខាន់​ណាស់ ព្រោះ​នៅមាន​បុគ្គល​មួយចំនួន​មិនទាន់​ជឿ​លើ​ការកើតឡើង​នៃ​របប​ខ្មែរក្រហម​នៅឡើយ​។ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ក្មេងៗ​ជាច្រើន​ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់ នៅពេលដែល​យើង​មាន​សៀវភៅ​ប្រវត្តិសាស្ត្រ​សម្រាប់​បង្រៀន​ដល់​ក្មេងៗ​ទាំងនោះ​»​។


​ព្រះសង្ឃ អាចារ្យ​និង​លោកតា​លោកយាយ​មួយក្រុម​តូច​បាន​ចូលរួម​សូត្រមន្ត​បង្សុកូល​តាម​ប្រពៃណី​ខ្មែរ​នៅ​ពី​ខាងមុខ​បូជនីយដ្ឋាន​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​បាត់​បង់ជីវិត​នៅក្នុង​វត្ត​នេះ​។ ចាស់ៗ​មួយក្រុម​តូច​បាន​ចែករំលែក​រឿងរ៉ាវ​ដែល​ខ្លួន​បាន​ជួបប្រទះ​នៅក្នុង​របប​ខ្មែរក្រហម​នៅ​ពី​ខាងមុខ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​។ ជួន​ពេលខ្លះ​គាត់​និយាយ​ដោយ​ទឹកមុខ​បារម្ភ និង​សោកស្តាយ ប៉ុន្តែ​ពេលខ្លះ​គាត់​ក៏​បង្ហាញ​នូវ​ទឹកមុខ​រីករាយ​ដែរ​។

ងឹ​ម លី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ក្បែរ​វត្ត​ស្ងួន​ពេជ្រ​បាន​និយាយថា​
​ការរស់នៅ​ក្នុង​របប​ខ្មែរក្រហម​គឺជា​ការរស់នៅ​ដោយ​ភិតភ័យ​ដែល​មិនដឹងថា​ថ្ងៃ​ណា​ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​ឡើយ​។​ខ្ញុំ​រីករាយ​ណាស់​នៅពេលដែល​មានការ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​បាត់​បង់ជីវិត​នៅក្នុង​របប​ខ្មែរក្រហម​ព្រោះ​ខ្ញុំ​ជឿថា​ការធ្វើ​បុណ្យ​បែបនេះ​អាច​នឹង​បាន​ដល់​អ្នក​ដែល​បាន​ស្លាប់ទៅ​។ ចំពោះ​ខ្ញុំ កា​រំឭក​ឡើងវិញ​ពី​រឿងរ៉ាវ​ដ៏​ជូរចត់​នៅក្នុង​របប​ខ្មែរក្រហម​មិនបាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ទៀត​ទេ ប៉ុន្តែ​វា​អាចជួយ​ឲ្យ​ខ្ញុំ​ហាក់បីដូច​ជាមាន​ក្តីសង្ឃឹម​ឡើងវិញ​នៅពេល​ដែលមាន​អ្នក​ខ្វល់ខ្វាយ​និង​យកចិត្តទុកដាក់​ពី​រឿងរ៉ាវ​ដែល​បាន​កន្លងផុតទៅ​។ ថ្ងៃទី​២០ ខែឧសភា គឺជា​ថ្ងៃមួយ​ដែល​អាចជួយ​ដល់​ការចងចាំ​យ៉ាង​ទូលំ​លាយ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ ទោះបីជា​ថ្ងៃ​២០ ឧសភា ត្រូវបាន​លុបចេញ​ពីថ្ងៃ​ឈប់សម្រាក​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ប៉ុន្តែ​វា​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការចងចាំ​របស់ខ្ញុំ​ឡើយ​។ ថ្ងៃនេះ​គឺជា​ថ្ងៃមួយ​ដែល​ប្រជាជន​និង​ក្មេងៗ​ជំនាន់​ក្រោយ​រៀនសូត្រ​អំពី​ប្រវត្តិសាស្ត្រ​ដើម្បី​ទប់ស្កាត់​ការកើត​ឡើងវិញ​នៃ​របប​ខ្មែរក្រហម​ម្តងទៀត ថែមទាំង​កុំ​ឲ្យ​មានការ​ចាញ់បោក​នយោបាយ​ដូច​កាលពី​អតីតកាល​។​


​មាន យ៉យ ភេទ​ស្រី អាយុ​៦៣ ឆ្នាំ រៀបរាប់ថា​៖ នៅ​វត្ត​ស្ងួន​ពេជ្រ​នេះ មានការ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​ដល់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ជា​រៀងរាល់ឆ្នាំ​។ ក្នុង​មួយឆ្នាំ​វត្ត​ស្ងួន​ពេជ្រ​ធ្វើ​ពិធី​នេះ​ចំនួន​បី​ដង គឺ​នៅ​ថ្ងៃ​ចូលឆ្នាំ បុណ្យ​ភ្ជុំ និង​ថ្ងៃទី​២០ ខែឧសភា ទិវា​ជាតិ​នៃ​ការចងចាំ​នេះ​។ ខ្ញុំ​ត្រេកអរ​ណាស់​ដែលមាន​អ្នក​មក​ចូលរួម​ធ្វើបុណ្យ​ជាមួយ​ប្រជាជន​នៅទីនេះ​ដល់​អ្នក​ដែល​បាន​ស្លាប់ទៅ​នៅក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​ក៏មាន​សាច់ញាតិ​បាន​ស្លាប់​ក្នុង​វត្ត​ស្ងួន​ពេជ្រ​នេះដែរ​។ ខ្ញុំ​ស្ងប់ចិត្ត​ណាស់​នៅពេលដែល​បានធ្វើ​ពិធីបុណ្យ​ដូច្នេះ​។ សម្រាប់​ខ្ញុំ នេះ​គឺជា​មេរៀន​ប្រវត្តិសាស្ត្រ​មួយ​ដែល​ជួយ​អាចជួយ​ឲ្យ​ក្មេងៗ​ដឹង​ពីអ្វី​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម និង​ជៀសវាង​ដើរ​ទៅរក​ផ្លូវ​មិនល្អ​ដូច​ក្រុមខ្មែរក្រហម​ទៀត​។ មិនតែប៉ុណ្ណោះ ក្មេងៗ​ជំនាន់​ក្រោយ​ក៏​អាចជួយ​ឲ្យ​ប្រទេស​ស្ងប់​សុខ​បានដែរ​។

ប្រជាជន​ចូលរួម​បង្សុកូល​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​។​( អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


ការចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍​គឺ​មិន​ងាយស្រួល​នោះទេ​ក្នុងការ​ចងចាំ ហើយ​វា​ក៏​មិន​ងាយស្រួល​ក្នុងការ​បំភ្លេចចោល​ដែរ​។ មិន​ថា​ថ្ងៃទី ២០ ខែឧសភា គឺជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ឬក៏​មិនមែន​ក៏ដោយ​ឮ​វា​នៅតែ​មិនអាច​ផ្លាស់ប្តូរ​ភាព​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​សម្រាប់​ជនរងគ្រោះ​និង​អ្នក​ដែល​នៅ​រស់រានមានជីវិត​,​មនុស្ស​ជាទី​ស្រឡាញ់​និង​មនុស្ស​ជំនាន់​ក្រោយ​ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម​។ ថ្ងៃទី​២០ ឧសភា​នេះ គឺ​ត្រូវតែ​ជា​ថ្ងៃ​ផ្ទាល់ខ្លួន​និង​ជា​ថ្ងៃ​រួម​សម្រាប់​ការចងចាំ​មួយ​របស់​ជាតិ​។ ដូច្នេះហើយ​មេរៀន​នៃ​ប្រវត្តិសាស្ត្រ​នេះ​នឹងមិន​ត្រូវបាន​បំភ្លេច​ឡើយ​សម្រាប់​ប្រជាជន​កម្ពុជា​និង​ពិភពលោក​៕សរន

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ផា​ទ្រី​ក ម័​រ​ហ្វី ចូលរួម​បង្សុកូល​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​។ (​អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ផា​ទ្រី​ក ម័​រ​ហ្វី ចូលរួម​បង្សុកូល​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​។ (​អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ផា​ទ្រី​ក ម័​រ​ហ្វី ចូលរួម​បង្សុកូល​នៅក្នុង​វត្ត​ស្ងួន​ពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​។ (​អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)