​មេដឹកនាំ​កម្ពុជា និង តួ​ក​គី​ឯកភាពគ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់ ១ ពាន់​លាន​ដុល្លារ​

1164
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​រសៀល​ថ្ងៃទី​១៥ ខែមិថុនា​ឆ្នាំ​២០១៩​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជួបពិភាក្សា ការងារ​ទ្វេភាគី​ជាមួយ​ប្រធានា ធិបតី​តួ​ក​គី​លោក តា​យ​យី​ប អ៊ែរ​ដូ​ហ្កា​ន (Recep Tayyip Erdoğan) ។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​ជំនួប​នោះ​ថា​៖​លោក​ប្រធានាធិបតី​តួ​ក​គី​បាន​អរគុណ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​។​

​លោក​ប្រធានាធិបតី​បាន​បន្តថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​និង​តួ​ក​គី​កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ ។​លោក​បាន​មានប្រសាសន៍ថា​លោក​ពិតជា​រីករាយ​ដែល​កម្ពុជា​បាន​បើក​ស្ថានទូត​នៅក្នុង​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី ក៏ដូចជា​ការបើក​ស្ថាន ទូត​របស់​តួ​ក​គី​នៅក្នុង​រាជធានី​ភ្នំពេញ​។

​លោក​ប្រធានាធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ត្រឹម ៩១ លាន​ដុល្លារ​ប៉ុណ្ណោះ​គឺ​ស្ថិតក្នុង​កម្រិត​ទាប នៅឡើយ​។​លោក​ប្រធានាធិបតី​បានស្នើ​ឱ្យ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឡើងទៅ​ដល់​៥០០​លាន​ឬ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​លោក​ប្រធានាធិបតី​តួ​ក​គី​បាន​ថ្លែង​បញ្ជាក់ទៀតថា​គួរតែ​ជំរុញ​ឱ្យ​អ្នកវិនិយោគ​និង​ពាណិជ្ជករ​តួ​ក​គី​និង​កម្ពុជា​រកស៊ី​ជាមួយគ្នា​ឱ្យ​កាន់តែ​ច្រើនឡើង ។ លោក​ប្រធានាធិបតី​បាន​ថ្លែងថា​បច្ចុប្បន្ន​តួ​ក​គី​កំពុង​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​ហើយ​ប្រទេស​តួ​ក​គី​ចង់​ប្រែក្លាយ ខ្លួន​ពី​ប្រទេស​ដៃគូរ​តាម​វិស័យ​ជាមួយ​អាស៊ាន​ទៅជា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ លោក​បន្ថែមថា​កន្លងមក​ប្រទេស​តួ​ក​គី​បាន​ចូលរួម​វិភាគ ក្នុងការ​បោសសំអាត​មីន​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​តាមរយៈ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​អាស៊ាន​ហើយ​តួ​ក​គី​មាន​ឆន្ទៈ​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​។​លោក​ប្រធានាធិបតី​តួ​ក​គី​ក៏​ចង់ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំងក្លា​ថែមទៀត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​អំពើ​ភេរវកម្ម​ផងដែរ​។

​ជា​កិច្ច​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការលើកឡើង​របស់លោក​ប្រធានាធិបតី​តួ​ក​គី​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់ថា​បច្ចុប្បន្ន​ក​ម្ពុ​ជា​កំពុង​រៀបចំ​ស្ថានទូត​នៅ​ទីក្រុង​អង់កា​រ៉ា​ឡើងវិញ នៅពេល​ជួសជុល​រួច​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ទួ​ក គី​និង​មក​កា​នើ​ទីក្រុង​អង់កា​រ៉ា ។ ពាក់ព័ន្ធ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​និង​តួ​ក​គី​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន បញ្ជាក់ថា​កម្ពុជា​ចង់​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​និង​សមិទ្ធផល​ការងារ​ដែល​បាន ធ្វើ​នាពេល​កន្លងទៅ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ក្តី​រំពឹង​ផងដែរ​ថា​លោក​ប្រធានាធិបតី​តួ​ក​គី​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល ខាងមុខ ។ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​មានប្រសាសន៍​ដែរ​ថាស​ម្តេច​ស្វាគមន៍​ចំពោះ​ការតែងតាំង​សហប្រធាន​នៃ​គណៈ​កម្ម ការ​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ​ដែល​នៅពេល​ខាងមុខនេះ​នឹងមាន​ការប្រជុំ​នៅ​ឆមាស​ទី​៤ ឆ្នាំ ២០១៩ នៅ​ទីក្រុង​អង់កា​រ៉ា​ផងដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​ចង់ឃើញ​ការជំរុញ​ទំហំ​ពាណិជ្ជ​កម្មនេះ​ឱ្យដល់​១​ពាន់​លាន​ដុល្លារ​ផងដែរ​។​ដើម្បី​ជំរុញ​ការងារ​នេះ​សម្តេច​តេ​ជោ​បាន​លើក​ជា​គំនិត​ថា​គួរ​ធ្វើបញ្ជី​មុខទំនិញ​ដែល​អាច​នាំចេញ​នាំចូល​រវាង​ប្រទេស​ទាំងពីរ​ពោល​តើ​ទំនិញ​អ្វីដែល​កម្ពុជា​អាច​នាំទៅ​តួ​ក​គី​បាន​ហើយ​តួ​ក​គី​អាច​នាំ​ទំនិញ​អ្វី​មក​កម្ពុជា​បាន​?

​ចំពោះ​ការស្នើសុំ​ពី​ប្រទេស​តួ​ក​គី​ដែល​ចង់​ប្រែក្លាយ​ពី​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ​ទៅជា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការគាំទ្រ​ហើយ​បាន​សន្យា​ធ្វើការ​ជាមួយ​ប្រទេស​ដទៃទៀត​ដើម្បី​គាំទ្រ​លើកកម្ពស់​ដៃគូ​របស់​តួ​ក​គី​ជាមួយ​អាស៊ាន ៕