​មេទ័ព​ជើងគោក​!​ការបែកបាក់​និរាស​ព្រាត់ប្រាស់នឹង​កើតមាន​ប្រសិនបើ​សន្តិភាព​ត្រូវ​បំផ្លាញ

440
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា​”​ការបែកបាក់​និរាស​ព្រាត់ប្រាស់​និង​ការវិនាសហិនហោច​គ្រប់​បែបយ៉ាង នឹង​កើតមាន ប្រសិនបើ​សន្តិភាព​ត្រូវបាន​បំផ្លិចបំផ្លាញ​”​។

​សន្តិភាព​គឺជា​សមិទ្ធផល​ដែល​ត្រូវបាន​កសាងឡើង​ដោយ​ការលំបាក​បំផុត​ប៉ុន្តែ​អាច​នឹងត្រូវ​ដុតបំផ្លាញ​ដោយ​ងាយស្រួល​។​ខ្មែរ​ទាំងអស់គ្នា​ចង់រ​ស់​នៅ​សុខសាន្ត​បន្ត​ទៅមុខទៀត​ដូច្នេះ​កុំ​បំផ្លាញ​អ្វីៗ​ដែលមាន​ស្រាប់​ត្រូវ​រួមគ្នា​បន្ត​កសាង​ជា​បន្តបន្ទាប់​លើ​មូលដ្ឋាន​កំពុងមាន​នេះ​។​ការបញ្ជាក់​នេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ឯក​វចនា​រាម (​ហៅ​វត្ត​បេង​បូរី​) ស្ថិតនៅ​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​សូម​លោកយាយ​លោកតា​អ៊ំ​ពូ​ង​មីង​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ពិសារ​អំបុក​ខ្មែរ​ថែ​ជាតិ​សាសនា​ព្រះមហាក្សត្រ​ឱ្យបាន​ទាំងអស់គ្នា​ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យខួប​ឯករាជ្យ​ជាតិ សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។

​អ្វីដែល​សំខាន់បំផុត​ក្នុង​ពេលនេះ​សម្រាប់​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​គឺ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​មូលដ្ឋាន​របស់​ប្រជាជន គឺ​សន្តិសុខ សុវត្ថិភាព សេវា​សុខាភិបាល ការអប់រំ ទឹក ភ្លើង និង​ផ្លូវ​ធ្វើដំណើរ ក៏ដូចជា​តម្រូវការ​ថ្មីៗ​ថែមទៀត ដែល​ចេះតែ​កើនឡើង​រហូត ស្របតាម​ការវិវឌ្ឍ​នៃ​សង្គមជាតិ​។

​គ្មាន​ការងារ​ណា​ដែល​ល្អឥតខ្ចោះ​នោះទេ​ដូច្នេះ​មានតែ​ការខិតខំ​ប្រឹងប្រែង​បន្ត​ដោះស្រាយ​ជាប្រចាំ​នូវ​រាល់​ការខ្វះខាត​និង​បញ្ហា​អវិជ្ជមាន​ទើប​ធានាបាន​នូវ​ប្រសិទ្ធភាព​និង​និរន្ត​ភាព​នៃ​ការអភិវឌ្ឍ​ប្រទេស​ដែល​នេះ​គឺ​យុទ្ធសាស្ត្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​

​លោក​បាន​បញ្ជាក់ថា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​យកអាយុ​ជីវិត​ធ្វើជា​ដើមទុន​ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា​និង​បម្រើប្រជាជន​នៅក្នុង​គ្រប់​កាលៈទេសៈ​ដែល​ខុសពី​អ្នកនយោបាយ​មួយចំនួន​បាន​យក​ជោគវាសនា​ប្រទេសជាតិ​និង​អាយុជីវិត​ប្រជាជន​ជា​ល្បែង​ក្នុង​នយោបាយ​បម្រើឱ្យ​ម​ហិ​ច្ឆិ​តា​ល្មោភ​ចង់បាន​អំណាច​របស់ខ្លួន ដោយ​មិន​គិតពី​ការស្លាប់​រស់​របស់​ប្រជាជន និង​ប្រទេសជាតិ​។

​អំណោយផល​នៃ​សុខសន្តិភាព​ក្នុង​រយៈកាល​ជាង​២០​ឆ្នាំកន្លងមក​នេះដែ​លស​ម្រេច​បាន​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​ហើយ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​៥០០​ឆ្នាំ​របស់​កម្ពុជា​កំពុង​ផ្តល់ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​ប្រកបដោយ​សុភមង្គល​សិទ្ធ​សេរីភាព​គ្រប់បែបយ៉ាង​។

ភាពសប្បាយ​រីករាយ​ជួបជុំ​ក្រុមគ្រួសារ​ញាតិមិត្ត​មានឱកាស​ធ្វើបុណ្យ​ធ្វើ​ទាន​និង​កសាង​សមិទ្ធិផល​នានា​រួមគ្នា​ដូចដែល​កំពុង​ប្រារព្ធ​ពិធី​សម្ពោធ​នាពេលនេះ​ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​បងប្អូន​ខ្មែរ​មកពី​សហរដ្ឋអាមេរិក​ជាការ​បញ្ជាក់បាន​ថា​“​ជា​ជនជាតិខ្មែរ​ស្រឡាញ់គ្នា​ជួយ​គ្នា​ទៅវិញទៅមក​ហើយ​បេះដូង​ទៅណា​មិន​ឆ្ងាយ​ពី​ស្រុកកំណើត​នោះទេ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការកសាង​សមិទ្ធផល​ផ្នែក​ពុទ្ធចក្រ ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​វិស័យ​ព្រះពុទ្ធសាសនា​ឱ្យ​រីកចម្រើន​ស្ថិតស្ថេរ​គង់វង្ស​។ ព្រះពុទ្ធសាសនា ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ សីលធម៌ គុណធម៌ ណែនាំ​ឱ្យធ្វើ​បុណ្យ ចៀសវាង​ការប្រព្រឹត្ត​អំពើ​បាប ជាពិសេស​សម្អាតចិត្ត​ឱ្យ​បរិសុទ្ធ ដែល​នាំមក​នូវ​សន្តិភាព​ផ្លូវចិត្ត ចាក​ឆ្ងាយ​ពី​អំពើ​ហឹ​ង្សា​។​

កម្ពុជា​ជា​ប្រទេស​មាន​សុខដុម​នីយកម្ម​សាសនា​ដែល​គ្រប់​សាសនិក​ទាំងអស់រ​ស់​នៅ​ជាមួយគ្នា​ប្រកបដោយ​សន្តិភាព​។​គ្រប់​សាសនា​ទាំងអស់ ទាំង​ព្រះពុទ្ធសាសនា គ្រិស្តសាសនា និង​ឥស្លាម​សាសនា​ជាដើម តែង​បង្រៀន​មនុស្ស​ឱ្យ​ប្រព្រឹត្ត​ល្អ​។

​សូម​ថ្លែងអំណរគុណ​ចំពោះ​លោកយាយ​លោកតា អ៊ំ​ពូ​មីង និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បាន​ចូលរួមចំណែក​ទាំងអស់​គ្នា​ក្នុង​ការកសាង​ប្រទេសជាតិ​និង​មូលដ្ឋាន​ភូមិ​ឃុំ​មានការ​អភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​ជាពិសេស​តាមរយៈ​ការចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​ជានិច្ច​។​ការសម្រេចចិត្ត​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​សម្រាប់​សេចក្តីសុខ​ខ្លួនឯង​គ្រួសារ​និង​សង្គមជាតិ​។

​ដូចគ្នា​នឹង​វិនាសកម្ម​ដែល​កើតមាន​ចំពោះ​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៧០​ដែល​នាំ​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើងសង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ដែរ​។​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ​ក៏​ប្រឈមមុខ​ផងដែរ​ចំពោះ​ហានិភ័យ​ដ៏​គ្រោះថ្នាក់ ដែល​ប៉ះពាល់​ដល់​សន្តិភាព និង​សន្តិសុខ​ជាតិ​។ ដូច្នេះ​សូម​លោកយាយ លោកតា អ៊ំ​ពូ​ង​មីង​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព​ដែល​កំពុងមាន​សព្វថ្ងៃ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​៕S/

​រូប​ថ​តៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា ក្នុង​វត្ត​ឯក​វចនា​រាម​