​ម្ចាស់​ស្ថានីយ៍​ហ្គ័ស​មួយ​ក្នុងស្រុក​ជាំ​ក្សាន្ត​នៅតែ​បំពាន​សាងសង់​លើដី​មាត់​ស្ទឹង​

171
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត បានចេញ​សេចក្តីជូនដំណឹង​ម្ចាស់​ស្ថានីយ៍ សូ សារ៉ាក់​កាយ​យក​ដី​ចេញពី​អូរ​និង​រុះរើ​សំណង់​ចេញ​ជាបន្ទាន់​។​ខណៈដែល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ដល់​កន្លែង​និង​ហាមឃាត់​ក្នុង​នោះបាន​ទាំង​បាញ់ថ្នាំ​កំណត់​ចំណី​អូរ​ឱ្យ​ហើយ​។​តែ​ម្ចាស់​មិន​ស្តាប់​ថែមទាំង​ខំ​ព​ន្លឿ​ន​ការសាងសង់​សំណង់​រឹង​លើ​អូរ​នេះ​ថែមទៀត​។​

​មន្ត្រី​អាជ្ញាធរ​បានឱ្យដឹងថា​ក្រោយ​ការចុះពិនិត្យ​ជាក់ស្តែង​ដោយ​មន្ត្រី​ជំនាញ​កាលពីពេល​ថ្មីៗ​នេះ បាន​បង្ហាញថា​ទីតាំង​ស្ថានីយ៍​ហ្គ័ស​យីហោ​សូ​សារ៉ាក់​២​ក្នុងភូមិ​ស្រអែម​ខាងត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដែល​គ្រប់គ្រង​ដោយ​លោក​សូ​សារ៉ាក់​បាន​ចាក់ដី​រំលោភ​លើដី​អូរ​ចំនួន​៤.៥​ម៉ែត្រ​។​បាន​សង់​សំណង់​រឹង លើ​ចំណី​អូរ ដែលជា​ហេតុនាំឱ្យ​ផ្ទៃរ​អូរ រួម​តូច​ជាង​មុន ប្រឈម​នឹង​បញ្ហា​ស្ទះ​ផ្លូវទឹក​។​

​ប្រភព​បាន​បន្តថា​ក្រោយពេល​បាន​ពិនិត្យ​និង​វាស់វែង​រួចហើយ​មន្ត្រី​ជំនាញ​ក៏បាន​ណែនាំ​ដល់​ម្ចាស់​ដី​ឱ្យ​បញ្ឈប់​ការសាងសង់​និង​បានកំណត់​ទីតាំង​ដែល​ត្រូវឱ្យ​ម្ចាស់​កាយ​យក​ដី​ចេញ​វិញ​។​តែ​រហូតមកដល់​ថ្ងៃទី​១​ខែមេសា​នេះ​គេ​មិនទាន់​ឃើញ​ម្ចាស់​ស្ថានីយ៍​ហ្គ័ស​មួយ​នេះ​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​ឡើយ​បែរជា​ខំប្រឹង​សង់​សំណង់ រហូត​ជិត​ហើយ​ជា​ស្ថាពរ​ទៅវិញ​។​

​នៅ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ស្រុក​បាន​ជូនដំណឹង​ឱ្យ​ម្ចាស់​ដី​ខាងលើ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​ឱ្យបាន​ឆាប់​ជា​កំហិត​ត្រឹម​ថ្ងៃទី​១០​ខែមេសា​ខាងមុខ​។​បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​បន្ថែមទៀត​។​
​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាននាំគ្នា​និយាយ​តៗ​គ្នា​ថា ដី​អូរ ឬ​ស្ទឹង​នៅ​ចំណុច ជាប់​ស្ថានីយ៍​ហ្គាស​ខាងលើ ត្រូវបាន​គេ​រំលោភបំពាន ចាក់ដី​យកតាម​អំពើ​ចិត្ត ។​ដែល​ធ្វើឱ្យមាន​ហានិភ័យ​ខ្លាំង​ទៅ​ថ្ងៃ​ខាងមុខ​ខណៈដែល​អូរ​នេះ​រួម​តូច​ជាង​មុន​ធ្វើឱ្យ​ពួកគាត់​បារម្ភ​ពី​បញ្ហា​ស្ទះ​ផ្លូវទឹក អាច​បង្កឱ្យមាន​ការ​ជន​លិច​ផងដែរ​។

​ក្រោយ​មាន​ពលរដ្ឋ រាយការណ៍​បែបនេះ ក្រុម​អ្នកសារព័ត៌មាន បាន​ទៅ​ថត​ផ្តិត​យក​រូបភាព​ជាក់ស្តែង ពិតជា​ឃើញ​សកម្មភាព​កំពុង​ចាក់ដី រំលោភបំពាន​លើដី​អូរ​ដូច្នេះ​មែន​។​ក៏ប៉ុន្តែ​ក្រោយពេល​ព័ត៌មាន​នេះ ផ្សព្វផ្សាយ​ដល់​មហាជន​ភ្លាម ថៅកែ​ស្ថានីយ៍​ហ្គ័ស យីហោ​សូ​សារ៉ាក់​នេះ​បាន​បញ្ចេញ​ប្រតិកម្ម ភ្លាម​តាម​បណ្តាញ​សង្គម​គណនី​ផ្ទាល់ខ្លួន​ដោយបាន​ឌឺដង​និង​វាយតម្លៃ​មិនល្អ​លើ​ក្រុម​អ្នកសារព័ត៌មាន​។​

តែ​ទីបំផុត​ម្ចាស់​ស្ថានីយ៍​ពិតជា​បានធ្វើ​ខុស​ដូច​ការលើកឡើង​របស់​បងប្អូន​ប្រជាពលរដ្ឋ​មែន​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពេលដែល​អាជ្ញាធរ​ចុះ​ហាមឃាត់​ហើយ​ម្ចាស់​ស្ថានីយ៍​បែរជា​មិន​សហការ​ជាមួយ​អាជ្ញាធរ​ថែមទៀត​៕S/​