​រដ្ឋាភិបាល​ដកហូត​ផ្ទៃដី​មួយចំនួន​ដែល​គេ​លួច​បូម​ខ្សាច់​លុប​ព្រៃកោងកាង​ខេត្តកោះកុង​

2004
ចែករម្លែក

​ដោយ​៖ សុ​ផានី​តា​
​កោះកុង​/៖​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដកហូត​ផ្ទៃដី​ជាង​មួយ​ហិកតា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយ​មាន​ជនខិលខូច លួច​បូម​ខ្សាច់​ចាក់​បំពេញ ដល់​តំបន់​ដែនជម្រកសត្វព្រៃ ពាម​ក្រសោប ក្នុងចំណោម​ទំហំ​ផ្ទៃដី​សរុប​ជាង ១៣,៣៩ ហិកតា ស្ថិតនៅ​តំបន់​សហគមន៍​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​យ៉ាងណា​អភិបាលរង​ខេត្តកោះកុង​អះអាងថា​លោក​មិនទាន់បាន​លិខិត​សម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៅឡើយ​ទេ​។​

​តប​នឹង​សំណើ​របស់​ក្រសួងបរិស្ថាន រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ ថ្មីៗ​នេះ បានចេញ​សេចក្តីសម្រេច យល់ព្រម​ជា​ផ្លូវការ ចំពោះ​ការដកហូត​ដី​មួយចំនួន មកជា​សម្បត្តិ​រដ្ឋ​វិញ ស្ថិតនៅក្នុង​ទីតាំង​ដី​ទំហំ ១៣,៣៩​ហិកតា ដែល​កាន់កាប់​ដោយ​ឈ្មោះ សុខ គឹមហុង និង មាស ស៊ីវ​ជូ ក្នុងនោះ មាន​ដី​ទំហំ ៣,១១ ហិកតា ត្រូវបាន​លួច​បូម​ខ្សាច់ ចាក់​បំពេញ រហូតដល់​ចូល​ដី​តំបន់​ដែនជម្រកសត្វព្រៃ ពាម​ក្រសោប ប្រមាណ​ជាង ១ ហិកតា​។​

​លោក​ស្រ៊ុន ដា​រិ​ន អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ មីនា​នេះ​ថា មូលហេតុ​ដែល​ក្រសួងបរិស្ថាន ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​ដកហូត​ដី​មួយចំនួន​ខាងលើ ចូល​ជា​រដ្ឋ​វិញ ក៏​ព្រោះតែ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្រសួង​ដែនដី និង​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ពិនិត្យ​ជាសម្ងាត់​ដល់ទី​តាំង​រង​ផលប៉ះពាល់​ផ្ទាល់​តែម្តង កាលពី​ថ្ងៃទី​២ ខែមីនា កន្លងទៅ​។
​បើតាម​ការត្រួតពិនិត្យ និង​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស​ទៅ គឺ​រកឃើញថា ពិត​ជាមាន​ក្រុម​ឈ្នួ​ញ បាន​លួច​បូម​ខ្សាច់ ចាក់​បំពេញ​ដល់​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ដែល​កិច្ចសន្យា​ទិញ​លក់​ដី​នេះ ត្រូវបាន​ចុះហត្ថលេខា​ត្រឹមតែ​អតីត​មេភូមិ និង​ចៅសង្កាត់​ស្ទឹង​វែង កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៧ តែប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បន្ថែមថា ដូច្នេះ ក្រសួងបរិស្ថាន តម្រូវឱ្យ​ជន​ឈ្មោះ​សុខ គឹមហុង និង មាស ស៊ីវ​ជូ ត្រូវ​ស្នើសុំ​ប្រើប្រាស់​ចំណែក​ដី ដែល​ស្ថិតនៅ​តំបន់​សហគមន៍ នៃ​ដែន​ជម្រក​ពាម​ក្រសោប តាម​នីតិវិធី មក​ក្រសួង ដោយ​អនុលោម​តាមច្បាប់ ស្តីពី​តំបន់ការពារធម្មជាតិ និង​ច្បាប់​ភូមិបាល​។ ពុំ​ដូច្នេះ​ទេ នឹង​ប្រឈម​ចំពោះ​ច្បាប់​ជាមិនខាន​។​

​ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា នៅពេលនេះ លោក អន ភារៈ អភិបាលរង​ខេត្តកោះកុង លើកឡើងថា លោក​មិនទាន់​បានទទួល​លិខិត​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​លោក​កំពុងមាន​បេសកម្ម​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​។
​ទោះយ៉ាងណា លោក អ៊ូច ទូច នាយក​រដ្ឋបាល​សាលាខេត្ត ក៏​អះអាងថា ប្រសិនបើ​រដ្ឋាភិបាល មានការ​សម្រេច​បែបនេះ​ទៅ គឺ​មានតែ​រៀបចំ​ចាត់ចែង​អនុវត្ត​ទៅតាម​នីតិវិធី​ហើយ​។​
​ក្រោយ​ប្រមុខ​រដ្ឋាភិបាល បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន ក្រសួង​ដែនដី និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ពិនិត្យ​បញ្ហា​នេះ​ជាបន្ទាន់ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ព័ត៌មាន​ថា មាន​គេ​បូម​ខ្សាច់​លុប​ព្រៃកោងកាង ចង់​បង្កើត​សភាព​ចង់​ធ្វើជា​ទីក្រុង​ខុសច្បាប់ ខណៈ​គ្មាន​ក្រសួង ស្ថាប័ន ណាមួយ ប្រតិកម្ម​នឹង​រឿងរ៉ាវ​ដ៏​រសើប​នេះ​។​

​កន្លងទៅ រដ្ឋបាល​ខេត្តកោះកុង ធ្លាប់​ចេញមុខ​ទទួលស្គាល់ថា ពិត​ជាមាន​ជនខិលខូច​ប្រព្រឹត្ត​បទល្មើស លួច​បូម​ខ្សាច់ បំពេញ​ដី​កម្មសិទ្ធិ​ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ពិតប្រាកដ ដូច​តាម​ការផ្សព្វផ្សាយ​ព័ត៌មាន​មែន ដោយ​ពួកគេ​គ្មាន​លិខិត​អនុ​ញ្ញ​ត​មក​អាជ្ញាធរ មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​សុំ​សិទ្ធិ​ប្រើប្រាស់​ដី​នោះទេ​។

អាជ្ញាធរ ក៏​បញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព​ល្មើស​នេះ ជា​ស្ថាពរ​ផងដែរ លុះត្រាតែ​ម្ចាស់​កាន់កាប់​ដី​នោះ មក​បំពេញ​លិខិត​ឯកសារ បែបបទ​ច្បាប់​ត្រឹមត្រូវ ទើប​អាច​បន្តសកម្មភាព​បាន​។ ទំហំ​ខ្សាច់ ដែល​គេ​លួច​បូម លុប​ព្រៃកោងកាង​នោះ មាន​ប្រមាណ​ជា ៣ ហិកតា ប៉ុន្តែ​ត្រូវ​អាជ្ញាធរ និយាយថា វា​ស្ថិតនៅក្នុង​ដែន​សហគមន៍ ពុំមែន​ស្ថិតក្នុង​ដែន​អភិរក្ស​នោះទេ​។​

​បើតាម​អនុក្រឹត្យ ស្តីពី​ការកំណត់ និង​ការបែងចែក​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង ដែល​ឯកភាព​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១១ បានសម្រេច​កំណត់​ខាងលើ ដែលមាន​ផ្ទៃដី​សរុប​ទំហំ ២៥.០០០ ហិកតា ចែកចេញជា ៤ តំបន់​ធំៗ រួមមាន​៖ តំបន់​ស្នូល​មាន​ផ្ទៃដី ១៥.០០០ ហិកតា។

តំបន់​អភិរក្ស​ផ្ទៃដី ៤.៨០០ ហិកតា តំបន់​ប្រើប្រាស់​ដោយ​ចីរភាព មាន​ផ្ទៃ ១៥.០០០ ហិកតា និង​តំបន់​សហគមន៍​មាន​ផ្ទៃដី ៤.០២៣ ហិកតា សម្រាប់​បម្រើ​ដល់​ការងារ​គ្រប់គ្រង ថែរក្សា អភិរក្ស​ជីវចម្រុះ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​និរន្តរភាព​។ រាល់​បទ​ប្ប​ញ្ញ​តិ្ត​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​៕S/

​រដ្ឋាភិបាល​ដកហូត​ផ្ទៃដី​មួយចំនួន​ដែល​គេ​លួច​បូម​ខ្សាច់​លុប​ព្រៃកោងកាង​ខេត្តកោះកុង​