​រូបថត​ពី​វាលពិឃាត​នៃ​ជំរំ​ជនភៀសខ្លួន​ឆ្នាំ​១៩៧៩

513
ចែករម្លែក

ដោយ ៖ ដេវីត បើរ​ណែ​ត អ្នក​ថតរូប​
​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដោយ ៖ អ៊ុន សុដាវី​

​កន្លង​ហួស​រយៈពេល​៤០​ឆ្នាំ​ហើយ ចាប់តាំងពី​ខ្ញុំ​បាន​ទៅកាន់​ជំរំ​ស្រះកែវ​ក្នុងប្រទេស​ថៃ​។ នៅក្នុង​ឆ្នាំ​១៩៧៩ ខ្ញុំ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទី​ក្រុង​បាងកក​ទៅកាន់​ប្រទេស​ភូមា ហើយ​បាន​ចំណាយ​អស់​រយៈពេល​មួយ​រសៀល ដើម្បី​ថតរូប​នៅក្នុង​ជំរំ​ស្រះកែវ​។ រូបភាព​ដែល​ខ្ញុំ​បាន​ថត​គឺ​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Time និង Life និង​ទស្សនា​វ​ដ្តី​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​អឺរ៉ុប​។​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​ចែកចាយ​ព័ត៌មាន និង​រូបភាព​ពី​វាលពិឃាត​នៃ​ជនភៀសខ្លួន​ដែល​បាន​រត់​ភៀសខ្លួន​ទៅដល់​ប្រទេស​ថៃ​។​

​នៅក្នុង​មណ្ឌល​ថែទាំ​កុមារ​នៅក្នុង​ជំរំ​នោះ ខ្ញុំ​បាន​ថតរូប​ក្មេងៗ​មួយចំនួន និង​ម្តាយ​ម្នាក់​ព្រមទាំង​កូន​របស់គាត់​ដែល​យើង​អាច​មើលឃើញ​ជើង​រំលេច​ចេញមកក្រៅ​តាម​ប្រឡោះ​ដៃ​របស់គាត់​។ រូបថត​នេះ​បាន​ជាប់​ជ័យលាភី​សារព័ត៌មាន​ប្រចាំឆ្នាំ ពី​មូលនិធិ​សារព័ត៌មាន​ពិភពលោក​នៅក្នុង​ប្រទេស​ហូ​ឡង់ ថែមទាំង​ទទួលបាន​ការបោះពុម្ព​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ថែមទៀត​។ ក្នុងនាម​ខ្ញុំ​គឺជា​អ្នកសារព័ត៌មាន​ម្នាក់ ខ្ញុំ​មិន​ពូកែ​ខាង​កត់ចំណាំ ឬ​ទទួលបាន​ឈ្មោះ​នោះទេ ហើយ​ករណីនេះ ជាពិសេស​ចំពោះ​កុមារ​ជាច្រើន​នៅ​មណ្ឌល​ថែទាំ ហើយ​មាន​កុមារ​មួយចំនួន​ឈឺ​ទៀតផង​។​ខ្ញុំ​មិនអាច​ទទួលបាន​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ឈ្មោះ អាយុ​សម្រាប់​ដាក់​ចំណងជើង​រូបថត​របស់ខ្ញុំ​នោះទេ​។

​ខ្ញុំ​ដឹងថា​ស្ត្រី​ដែលជា​ម្តាយ​នោះ​អាចជា​ម្តាយ​ម្នាក់​ក្នុងចំណោម​ម្តាយ​រាប់ពាន់នាក់​ផ្សេងទៀត ប៉ុន្តែ​ប្រហែលជា​អាចមាន​វិធីសាស្ត្រ​ណាមួយ​ក្នុងការ​ស្វែងរក​នាង និង​ស្គាល់​ថា​នាង​គឺជា​នរណា ថែមទាំង​រឿងរ៉ាវ​ផ្សេងៗ​ទៀត​របស់​នាង​។ ចំពោះ​ទារក​វិញ ខ្ញុំ​ពិតជា​សង្ឃឹមថា​ទារក​នោះ​នៅ​រស់រានមានជីវិត​និង​ធំ​លូតលាស់​បាន​យ៉ាង​ល្អ​។​ដូចគ្នា​នោះដែរ ខ្ញុំ​មាន​អារម្មណ៍​រំជួលចិត្ត​ណាស់​ចំពោះ​ក្មេង​តូចៗ​ដ៏​ស្រស់ស្អាត ដែល​មុខមាត់​របស់​ពួកគេ​បាន​ឆ្លុះបញ្ចាំង​ពី​ខ្សែជីវិត​ដែល​ពោរពេញ​ទៅដោយ​ការឈឺចាប់ និង​ភាព​លំបាកលំបិន​។ ក្តីសង្ឃឹម​របស់ខ្ញុំ គឺថា​ប្រហែល​ជាមាន​វិធីសាស្ត្រ​ណាមួយ​ដើម្បី​ផ្សព្វផ្សាយ​រូបថត​ទាំងអស់នេះ​នៅក្នុង​សារពត៌មាន ឬ​តាមរយៈ​ទូរទស្សន៍​ក្នុងប្រទេស​កម្ពុជា ហើយ​ប្រហែលជា​៤០​ឆ្នាំ​ក្រោយមក អាចមាន​នរណាម្នាក់​ស្គាល់​និង​អាច​ផ្តល់​ឈ្មោះ​របស់​នរណាម្នាក់​ក្នុងចំណោម​រូបថត​ទាំងនេះ​។ លុយកាក់​មាសប្រាក់​មិនមែន​បានមក​ដោយ​ឯកឯង ហើយ​គ្មានអ្វី​បានមក​ដោយ​ការមិន​ខិតខំ ជាជាង​ការព្យាយាម និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ដែល​បាន​បាត់បង់ ហើយ​ប្រហែលជា​ចែករំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ​ទៅកាន់​មនុស្ស​គ្រប់គ្នា​នៅក្នុង​ពិភពលោក​នេះ​។​

​ខ្ញុំ​មាន​គម្រោង​ធ្វើដំណើរ​មកកាន់​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៅក្នុង​ខែមេសា​ខាងមុខនេះ ដើម្បី​ជួប​ជាមួយ​អតីត​អ្នកយកព័ត៌មាន​អំពី​សង្គ្រាម ហើយ​ខ្ញុំ​ពិតជា​រីករាយ​នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ប្រទេស​ថៃ​និង​កន្លែង​ណា​ដែល​មនុស្ស​ទាំងអស់នេះ​អាច​រស់នៅ​។ កាលពី​ឆ្នាំមុន ខ្ញុំ​បានរៀបចំ​ជួប​ជាមួយ​មនុស្ស​ប្រហែល​៨​នាក់ ដែល​ខ្ញុំ​ធ្លាប់បាន​ថតរូប​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។ អ្នក​មិនអាច​ដឹង​ទេ​ថា​ពេលណា​មាន​នរណាម្នាក់​កំពុង​សម្លឹងមើល​ឬ​ស្តាប់​អ្នក​។ ដូច្នេះ ខ្ញុំ​ដឹងថា​វា​ពិតជា​អាចទៅរួច​។ ខ្ញុំ​ពិតជា​អរគុណ​ខ្លាំងណាស់​សម្រាប់​ការជួយ​របស់​អ្នក​៕ ល​