​រួមគ្នា​ធ្វើបុណ្យ​ឡើងរោង​លោក​ឧកញ៉ា​ឃ្លាំងមឿង​នៅ​ខេត្តពោធិ៍សាត់​

1697
ចែករម្លែក

ដោយ​ពស​/​ពោធិសាត់ៈ​ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ចូលដល់​ខែ​ពិសាខ​ មិន​ថា​ខ្នើត​ឬ​រនោច​នោះទេ ​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ក្នុង​ខេត្តពោធិ៍សាត់​ក៏​ដូច​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ ​គួ​ក​គាត់​តែងតែ​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ឡើងរោង​ជូន​លោក​ឧកញ៉ា​ឃ្លាំងមឿង​និង​ជំទាវ​ខាន់​ខៀវ​ ដើម្បី​សុំ​សេចក្ដីសុខ​គ្រប់ប្រការ​។​កុំឱ្យ​មាន​ជំងឺ​និង​សូម​ឱ្យមាន​ទឹកភ្លៀង​បរិបូរ​សម្រាប់ធ្វើ​ស្រែចម្ការ​។​

​នៅ​ឆ្នាំនេះ​ពិធីបុណ្យ​ឡើងរោង​លោកតា​ឃ្លាំ​ងមឿង​ធ្វើឡើង​ចំ​​ថ្ងៃ​៧​និង​៨​រោច​ខែ​ពិសាខ​ឆ្នាំកុរ​ឯកស័ក​ពស​២៥៦៣ ​ត្រូវ​នឹង​ថ្ងៃទី​២៥​និង​២៦​ខែឧសភា​ឆ្នាំ​២០១៩​ដោយ​ធ្វើ​ទៅតាម​គន្លង​ព្រះពុទ្ធសាសនាផង​និង​ព្រហ្មញ្ញសាសនា​ផង​។​ពិធី​នេះ​ធ្វើឡើង​ស្ថិតក្រោម​អធិបតីភាព​លោក​ម៉ៅ​ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់​និង​លោកស្រី​។​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​និង​មានការ​និមន្ត​ព្រះសង្ឃ​១០៨​អង្គ​រាប់​បាត​ផងដែរ​។​

​លោក​សាស្ត្រាចារ្យ​ម៉ៅ​សោ​ភ័​ណ្ឌ​អតីត​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​និង​ជា​អ្នកគ្រប់គ្រង​បូជនីយដ្ឋាន​លោក​ឧកញ៉ា ឃ្លាំង មឿង បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​ទាំង​អាជ្ញាធរ ទាំង​ប្រជាពលរដ្ឋ​ក្នុងនិង​ក្រៅ​ខេត្ត តែងតែ​មកកាន់​បូជនីយដ្ឋានលោក​ឧកញ៉ាឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ​ ដើម្បី​មក​ចូលរួម​ធ្វើបុណ្យ​ទៅតាម​គន្លង​ព្រះពុទ្ធសាសនា​និង​ព្រហ្មញ្ញសាសនា​ក្នុង​គោលបំណង​សុំ​សេចក្តីសុខ​ចម្រើន នាំមក​នូវ​ភោគផល​ស្រូវ​ដំណាំ និង​លាភ​សក្ការដល់​សង្គមជាតិ និង​ក្រុមគ្រួសារ​។​

​បើតាម​ឯកសារ​ប្រវត្តិសាស្ត្រ​នៅក្នុង​សៀវភៅ​មហា​វិ​រ​បុរស​ខ្មែ​គឺថា លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ចាត់ទុកជា​វរជន​ស្នេហា​ជាតិ​ខ្លាំងពូកែ ក្នុងការ​ធ្វើសឹក​សង្គ្រាម​ជាមួយ​ទ័ព​សៀម ការពារ​ទឹកដី​ប្រទេស​កម្ពុជា​។

រូបរាងកាយ​លោក​ឧកញ៉ា និង​ជំទាវ បាន​លាចាក​លោក​ទៅ​ក៏ពិតមែន ប៉ុន្តែ​ភាពល្បីល្បាញ និង​ភាព​ស័ក្តិសិទ្ធិ បាន​ដក់​ជាប់​នៅក្នុង​អារម្មណ៍របស់​ប្រជាជន​ទូទាំង​ខេត្ត ។​ក៏ដូចជាទូទាំងប្រទេស និង​បាននាំគ្នា​មក​គោរពបូជា ជា​រៀងរាល់ឆ្នាំ មិនដែល​អាក់ខាន​ឡើយ​។ដោយសារ​បារមី​នេះ​ទើប​ថ្នាក់ដឹកនាំ​ខេត្ត​ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​បាន​បួងសួង​សុំ​ឲ្យ​ឆ្នាំនេះ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​សម្រាប់​ការងារ​ដាំ​ដុះ​គ្មាន​គ្រោះមហន្តរាយ​។

​សូមបញ្ជាក់ថា ​បូ​ជណីយ​ដ្ឋា​ន​លោក​ឧក​ញា​ឃ្លាំងមឿង​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពែង​ស្វាយ​ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន​។​ដែល​នៅ​ភាគ​ខាងលិច​ទីប្រជុំជន​ខេត្តពោធិ៍សាត់​ចម្ងាយ​៥​គីឡូម៉ែត្រ​បត់​ឆ្វេង​ជាង​១​គីឡូម៉ែត្រ​ទៀត​នឹង​បាន​ទៅដល់​៕S/Ha