​លើកទឹកចិត្ត​ព្រះសង្ឃ​វត្ត​កេ​ត​កន្យា​រាម​អភិរក្ស​សំណង់​ពុទ្ធសាសនា​បែប​បុរាណ​

203
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​អាជ្ញាធរ​ជាតិ​អប្សរា​អនុញាតឱ្យ​ព្រះចៅអធិការ​វត្ត​កេ​ត​កន្យា​រាម​ដែល​ស្ថិតនៅ​ខាងក្រោយ​ប្រាសាទបន្ទាយក្តី​សាងសង់​សំណង់​ព្រះវិហារ​ព្រះពុទ្ធសាសនា​ថ្មី ធ្វើ​អំពី​ឈើ​បែប​បុរាណ​។
​សំណង់​នេះ​សង់​នៅលើ​ខឿន​បេតុង​មួយ​ជាន់ ហើយ​គូស​ប្លង់​ប្រគេន​ដោយ​ឥតគិតថ្លៃ តាម​ការស្នើសុំ ក្រោយ​ពិនិត្យឃើញថា ព្រះវិហារ​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។​

​មន្ត្រី​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​ការអនុញាត​នេះ​ក្នុង​បំណង​អភិរក្ស​សំណង់​ស្ថាបត្យកម្ម​វត្ត​បុរាណ​ដែល​ប្រឈម​នឹង​ការបាត់បង់​ឱ្យ​សម្បូរបែប​ឡើងវិញ​។​មួយទៀត​គឺ​ដើម្បី​បំពេញ​តួនាទី​ស្របតាម​តម្រូវការ​នៃ​ការប្រើប្រាស់​របស់​ពុទ្ធសាសនិក​ការរក្សាបាន​នូវ​ទម្រង់​សំណង់​សាសនា​បែប​បុរាណ​ខ្មែរ​ដែល​បង្ហាញ​អំពី​វប្បធម៌​ជាតិ​ក្នុងការ​រួមចំណែក​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផង​។

​មន្ត្រី​បន្តថា ទាក់ទង​នឹង​កិច្ចការ​អភិរក្ស​សំណង់​សាសនា​បែប​បុរាណ ក្រុមការងារ​កិច្ចការ​វត្ត​អារាម នៃ​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​ចុះ​ពិនិត្យ​ការសាងសង់​ជាប់​ជានិច្ច​ដើម្បីឱ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស និង​ប្លង់​ស្ថាបត្យកម្ម​បែប​បុរាណ​ខ្មែរ​។​គិត​មកដល់​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​នេះ​ការសាងសង់​សំណង់​ព្រះវិហារ​ថ្មី​នេះ​បាន​រួចរាល់​ប្រមាណ​៣៥​ភាគរយ​ហើយ​។​

​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​នៅតែ​បន្ត​ចុះ​ពិនិត្យ​រហូតដល់​ការសាងសង់​បាន​រួចរាល់​១០០​ភាគរយ​ចៀសវាង​កំហុសឆ្គង​ផ្សេងៗ​នៃ​ការសង់​សង់​៕S/​