​វិទ្យាល័យ​ហ៊ុនសែន​ចំណា​លើ​លែង​បារម្ភ​ខ្វះ​បន្ទប់​ឱ្យ​សិស្ស​រៀន​

321
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​នាយក​វិទ្យាល័យ​ហ៊ុនសែន​ចំណា​លើ​បានបញ្ជាក់​ដោយ​ក្តី​រីករាយ​ថា​ចាប់ពីពេលនេះ​តទៅ​សាលា​របស់លោក​លែង​ខ្វះ​បន្ទប់​សម្រាប់​ឱ្យ​សិស្ស​រៀន​ទៀតហើយ​។​ទោះបី​សាលា​នេះ​ឡើងដល់​កម្រិត​វិទ្យាល័យ​ក៏ដោយ​ព្រោះ​អគារ​ថ្មី​ពីរ​ជាន់​១២​បន្ទប់​ដែល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សម្រេចបាន​ជាង​៨០​ភាគរយ​ហើយ​។​

​លោក​ធាន​វុ​ទ្ធា​នាក​យក​វិទ្យាល័យ​ហ៊ុនសែន​ចំណា​លើ​ថ្លែង​ដូចនេះ​ក្នុងឱកាស​លោក​ជា​ចាន់តូ​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មារ​ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​និង​ពិនិត្យ​អគារ​ថ្មី​នេះ​កាលពី​រសៀល​ថ្ងៃទី​២២​ខែវិច្ឆិកា​កន្លងទៅ​។​

​លោកនាយក​វិទ្យាល័យ​ជម្រាប​លោក​ជា​ចាន់តូ​និង​ក្រុមការងារ​ថា​កាល​នៅ​កម្រិត​អនុវិទ្យាល័យ​បញ្ហា​ថ្នាក់រៀន​មិនជា​បញ្ហា​ប៉ុន្មាន​ទេ​។​ប៉ុន្តែ​ឡើង​កម្រិត​វិទ្យាល័យ​គឺ​ត្រូវ​ខ្វះ​ថ្នាក់​សម្រាប់​ឱ្យ​សិស្ស​រៀន​ដែល​បង្ខំចិត្ត​ចែក​ការរៀន​ជា​ពីរ​វេន​។​តែ​ក្រោយ​អគារ​ថ្មី​សន្លាង​រួចរាល់​គឺ​លែង​ចោទ​ទៀតហើយ​។ លោកនាយក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុងនោះ​រួមទាំង​លោក​ជា​ចាន់តូ​ផងដែរ​ដែល​បាន​នាំយក​កង្វល់​នេះ​ជូន​ដល់​សម្ដេច​បាន​ជួយ​ទាន់ពេលវេលា​។​

​សូមបញ្ជាក់ថា​នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​វិទ្យាល័យ​ហ៊ុនសែន​ចំណា​លើ​មាន​សិស្ស​សរុប​ចំនួន​៦៥៩​នាក់​ក្នុងនោះ​សិស្សស្រី​៤០៩​នាក់​កើន​ជាង​ឆ្នាំ​ចាស់​ចំនួន​១២៩​នាក់​។​លោក​ជា​ចាន់តូ​មានប្រសាសន៍ថា​រាល់​សមិទ្ធផល​ដែលមាន​នៅថ្ងៃនេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ​វា​កើតឡើង​ដោយ​ការប្រឹងប្រែង​និង​ការខិតខំ​របស់​យើង​ក្រោម​នយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ពិសេស​សម្ដេច​តេ​ជោ​ហ៊ុនសែន​។​ទន្ទឹមនឹង​នេះដែរ​វា​ក៏​កើតឡើង​តាមរយៈ​នៃ​ការ​អាណិត​ស្រឡាញ់​ដូចជា​អគារ​ថ្មី​នៅ​ចំ​មុខ​នេះ​បើ​គ្មាន​ក្ដី​ស្រឡាញ់​ពីស​ម្ដេច​ទេ​ក៏​អាចមាន​អគារ​ថ្មី​សន្លាង​នេះដែរ​។

​ក្នុងឱកាស​នោះ​លោក​ជា​ចាន់តូ​បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​យើង​ត្រូវខិតខំ​រៀន​ដើម្បី​ឲ្យ​ក្លាយជា​ធនធាន​ប្រកបដោយ​ចំណេះដឹង​ចំណេះ​សម្រាប់​ប​ន្រ​វេន​ធ្វើ​អភិវឌ្ឍន៍​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​។​សម្រាប់​ជា​ចំណងដៃ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​លោក ជា ចាន់តូ​បាន​នាំយក​សៀវភៅ ប៉ិច ខ្មៅ​ដៃ សារុង និង​ថវិកា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែកជូន​ដល់​លោកគ្រូ អ្នកគ្រូ​និង​សិ​ស្សានិ​សិស្ស​ទាំង​សរុប​៦៥៩​នាក់​៕S/

​រូបៈលោក​ជា​ចាន់តូ​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មារ​ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​អញ្ជើញ​ជួប​សំណេះសំណាល​និង​ពិនិត្យ​អគារ​ថ្មី​នៅ​វិទ្យាល័យ​ចំណា​លើ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​(​រូបថត​ក្រុមការងារ​)