​វៀតណាម គ្រោង​ចំណាយ​ថវិកា ប្រមាណ ៧៧ លាន​ដុល្លារ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២១

218
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ប្រទេស​វៀតណាម បាន​ត្រៀម​រួចជាស្រេច​ហើយ ដើម្បី​ចំណាយ​នូវ​ថវិកា ចំនួន ១,៤ សែន​កោដិ​ដុង ដែល​ប្រមាណ​ជា ៧៧ លាន​ដុល្លារ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ ដែល​គ្រោង​នឹងធ្វើ នៅ​ទីក្រុង​ហាណូយ ។​

​ស៊ី​ហ្គេម​លើក​ទី​៣១ នេះ នឹងធ្វើ​ពិធី​បើក នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា និង​បិទ​ការប្រកួត នៅ​ថ្ងៃទី​២ ខែធ្នូ ។ ទោះបី​គេ នៅ​មិនទាន់​កំណត់ ពី​ប្រភេទ​កីឡា ក៏ពិតមែន តែ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​វៀតណាម បាន​បង្ហាញថា នឹងមាន​កីឡា​ចំនួន​ពី ៣៦ ដល់ ៤០ ប្រភេទ ដែល​ត្រូវដាក់​ឲ្យ​ប្រកួត ដែល​ប្រភេទ​កីឡា ភាគច្រើន ជា​ប្រភេទ​កីឡា​អូឡាំពិក ។​

និម្មិត​សញ្ញា​ស៊ី​ហ្គេម​ឆ្នាំ​២០២១

​លោក Tran Duc Phan អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា និង​បណ្ដុះបណ្ដាល កាយសម្បទា បាន​និយាយថា វៀត​ណា នឹង​ផ្ដោត​សំខាន់ លើ​ការដាក់បញ្ចូល នូវ​ប្រភេទ​កីឡា​អូឡាំពិក ឲ្យ​បាន​ច្រើន ។ ជាមួយគ្នានេះ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ វៀតណាម នឹង​ប្រើ​សិទ្ធិ​របស់ខ្លួន ក្នុងការ​ដាក់បញ្ចូល នូវ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម ដែលជា​ប្រភេទ​កីឡា មាន​ដើមកំណើត នៅ​វៀតណាម ទៅក្នុង​ស៊ី​ហ្គេម លើក​នេះ ។​

និម្មិត​សញ្ញា​ស៊ី​ហ្គេម​ឆ្នាំ​២០២១

​សូមបញ្ជាក់ថា វ៉ូ​វី​ណា​ម ត្រូវបាន​អវត្តមាន ពី​ស៊ី​ហ្គេម ចំនួន ៣ លើក មកហើយ ។ តែ​ឆ្នាំ​២០២១ នេះ វ៉ូ​វី​ណា​ម នឹងមាន​វត្តមាន នៅលើ​ទឹកដី​របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ។ ជាមួយគ្នានេះ វៀតណាម នឹងដាក់​បញ្ចូល នូវ​ប្រភេទ​កីឡា​ប្រពៃណី នៃ​តំបន់​អាស៊ាន ដូចជា កីឡា​អារ​នី​ស (Arnis) របស់​ហ្វីលីពីន ដែល​ស្រដៀង​នឹង​ល្បុក្កតោ របស់​កម្ពុជា ដែល​ប្រភេទ​កីឡា​នេះ មាន​វត្តមាន ក្នុង​ស៊ី​ហ្គេម​លើក​ទី ៣០ នៅ​ប្រទេស​ហ្វីលីពីន ឆ្នាំ​២០១៩ ។​

​ប្រភេទ​កីឡា​អុក កីឡា​រាំ បញ្ច​សីលា (Pencak Silat) កីឡា​ប៉េតង់ កីឡា​កាយ​វប្បកម្ម និង​កីឡា​អេឡិចត្រូនិក (E-Sports) កីឡា​សី​ស្លាប (Shuttle Cock) និង​ប្រដាល់សេរី ក៏​នឹងមាន​វត្តមាន នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣១​ដែរ ៕v