​សត្វ​ទោច​មកុដ​និង​សត្វ​ភេ​ដែល​បាន​ដោះលែង​នៅ​ព្រៃ​ឧទ្យាន​អង្គរ​កើត​បានកូន​៣​បន្ថែម​

129
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ចាប់តាំងពី​ឆ្នាំ​២០១៣​មក គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួលបាន​ជោគជ័យ​។​

មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានអោយដឹងថា​ការដោះលែង​សត្វ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​បានជា​ច្រើន​ប្រភេទ​។​ដូចជា​សត្វ​ទោច​មកុដ​ចំនួន​១០​ក្បាលសត្វ​ឈ្លូស​ចំនួន​៤​ក្បាលសត្វ​ស្វា​ព្រាម​ចំនួន​១២​ក្បាលសត្វ​សំពោចក្រអូប​ចំនួន​៥​ក្បាលសត្វ​ភេ​ខ្លួន​រលោង​ចំនួន​៥​ក្បាល​។​មកដល់ពេលនេះ​សត្វ​ទាំងអស់នោះ​នៅតែមាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ​ក្រោម​ការយកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជាប្រចាំ​ពី​ក្រុមការងារ​។​

​ដោយឡែក​សត្វ​ទោច​មកុដ​ចំនួន​៣​គ្រួសារ ដែល​ក្នុងនោះ​នៅក្បែរ​ប្រាសាទ​តា​នៃ​មាន​ចំនួន​៥​ក្បាល ទើបតែ​កើត​បានកូន​មួយ​បន្ថែម​មាន​អាយុ​ប្រហែល​៤​សប្តាហ៍​ហើយ​។​ក្រៅពីនោះ​សត្វ​ទោច​មកុដ​ផ្សេងទៀត​ដែល​បាន​ដោះលែង​នាពេល​កន្លងមក​គឺ​នៅ​ខ្លោងទ្វារ​ខ្មោច​មាន​ចំនួន​៤​ក្បាល​និង​នៅ​ខ្លោងទ្វារ​តា​កាវ​មាន​ចំនួន​២​ក្បាល​កំពុង​ផ្សាំ​ក្នុង​ទ្រុង​ហើយ​គ្រោង​នឹង​ដោះលែង​នៅ​រដូវវស្សា​ខាងមុខនេះ​។


​សរុប​នៅ​ឧទ្យាន​អង្គរ​សត្វ​ទោច​មកុដ​ទាំងអស់​មាន​ចំនួន​១១​ក្បាល​។​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ក្រុមការងារ​គ្រោង​នឹង​យក​២​ក្បាល​បន្ថែមទៀត​ដាក់​នៅក្បែរ​បឹង​សន្ធ​មារ​(​ខាងជើង​ឈៀង​ខាងលិច​ក្នុង​បរិវេណ​តំបន់​អង្គរធំ​) ក្រោយពី​សង់​ទ្រុង​ដែក​សម្រាប់​ផ្សាំ​រួចរាល់​។​

​ចំពោះ​សត្វ​ភេ​ខ្លួន​រលោង​ដែល​គម្រោង​បាន​ដោះលែង​ចំនួន​៥​ក្បាល​កន្លងមក​ពេលនេះ​កើត​បានកូន​ចំនួន​២​បន្ថែម​ដែល​កូន​ភេ​ទាំង​២​នោះ​មាន​អាយុ​ប្រហែល​៣​ខែ​ហើយ​។​មន្ត្រី​ដដែល​បញ្ជាក់ថា​ដើម្បីឱ្យ​សត្វព្រៃ​ទាំងអស់នោះ​បន្ត​វត្តមាន​នៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែមទៀត ។

​អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ​អន្តរជាតិ​។​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ​ត្រូវ​ចូលរួម​ថែរក្សា​សត្វ​ទាំងនោះ​ទាំងអស់គ្នា ជៀសវាង​ពេល​ប្រទះឃើញ​មានបំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឱ្យ​សត្វ​ទាំងនោះ​៕S/​