​សមត្ថកិច្ច​តាម​ចាប់​បុរស​សម្លាប់​ប្អូនជីដូនមួយ​នៅ​ភូមិ​ត្បូង​ខ្លា​

95
ចែករម្លែក

​ដោយៈសុខុម/ស្ទឹងត្រែង​៖​សមត្ថភាព​កំពុង​តាម​ចាប់​ជនសង្ស័យ​ម្នាក់​បាន​វាយ​និង​កាប់​ដាច់​ដៃ​បណ្ដាលឱ្យ​បុរស​ត្រូវជា​ប្អូនជីដូនមួយ​ស្លាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ភូមិ​ត្បូង​ខ្លា​ឃុំ​អូរ​ម្រះ​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​កាល​កាលពី​រសៀល​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ ២០២០​។

​មន្ត្រី នគរបាល ស្រុក សៀម បូក​បានឱ្យដឹងថា​ជន​រងគ្រោះ​មានឈ្មោះ​ផា​សុ​សុ​ភ័​ណ្ឌ​ភេទ​ប្រុស​អាយុ​២៨ ឆ្នាំ​រស់នៅ​ភូមិ​ត្បូង​ខ្លា​ឃុំ​អូរ​ម្រះ​ស្រុក​សៀម​បូក​។​ជនសង្ស័យ​ឈ្មោះ​អ៊ុត​ឡេ​ភេទ​ប្រុស​ជនជាតិខ្មែរ​អាយុ​៣៥ ឆ្នាំ​រស់នៅ​ភូមិ​កោះ​ជ្រឹម ឃុំ​អូរ​ម្រះ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សៀម​បូក​បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​។​តាម​ការប្រមូល​ព័ត៌មាន​និង​ពិនិត្យ​សាកសព​ដោយ​សន្និដ្ឋានថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ហិង្សា​។​
ករណីនេះ​លោក​ធា​រ័ត្ន​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ម្រះ​បានបញ្ជាក់​នៅ​ថ្ងៃទី​២៣​ឧសភា​ថា​ករណីនេះ​កើតឡើង​ដោយសារ​ទំនាស់​ពាក្យសម្តី​គ្នា​ក្នុងពេល​ផឹកស៊ី​។​ជនបង្ក​បាន​ប្រើ​កាំបិតផ្គាក់​កាប់​ចំ​កំភួនដៃ​ខាងស្តាំ​ជនរងគ្រោះ​នៅសល់តែ​ស្បែក​។​

លោក​មេ​ប៉ុស្តិ៍​បានបញ្ជាក់​ទៀតថា​ដោយសារ​កន្លែងកើតហេតុ​នៅ​ក្នុងព្រៃ​ដាច់ស្រយាល​ពី​ភូមិ​ហើយ​អ្នក​ជួយសង្គ្រោះ​ដឹក​មកដល់​មណ្ឌល​សុខភាព​ស្រុក​សៀម​បូក​ដួល​ម៉ូតូ​ផង​និង​យឺត​ពេល​ធ្វើឱ្យ​ឈាម​ហូរ​ខ្លាំង​រហូត​ជនរងគ្រោះ​ស្លាប់​។​

លោក​មេ​ប៉ុស្តិ៍​និយាយ​បន្តថា​ជនសង្ស័យ​មានកូន​ចំនួន​៤​នាក់​រស់នៅ​ក្នុងបន្ទុក​ហើយ​ប្រពន្ធ​ទើបនឹង​ស្លាប់​ទៀត​។​ក្រោយ​ប្រើ​ហឹ​ង្សា​លើ​ជនរងគ្រោះ​រួច​ក៏​យក​កូន​ទាំង​បួន​នាក់មក​ផ្ញើ​នឹង​បងប្អូន​រួច​គេចខ្លួន​។​
​សូមបញ្ជាក់ថា​ជនសង្ស័យ​និង​ជនរងគ្រោះ​តាម​ពិតជា​បងប្អូនជីដូន​និង​គ្នា​ទៀតផង​៕​S/