​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​អំពាវនាវ​អាណាព្យាបាល​សិស្ស​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដាក់ពាក្យ​ស្នើសុំ ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​

184
ចែករម្លែក

​ដោយៈ​ជេ​ត​សន​/​ភ្នំពេញ​៖​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដែលមាន​គ្រឹះស្ថានសិក្សាចំនួន១១៣ជាសមាជិកបានអំពាវនាវដល់អាណាព្យាបាល​របស់​សិស្ស​ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​អំឡុងពេល​នៃ​ការរីក​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ដាក់ពាក្យ​ស្នើសុំ​ទៅ​សាលា​ដោយផ្ទាល់​ហើយ​ជជែក​គ្នា​ជាមួយ​សាលា​ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​។​

សមាគម​គ្រឹះស្ថានឧត្ដមសិក្សា​កាលពី​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០​កន្លងទៅនេះបានចេញសេចក្ដីអំពាវនាវមួយដោយបានកត់សម្គាល់ថា​ក្នុងស្ថានភាព​នៃ​វីរុស​កូ​វីដ​១៩​បាន​នឹង​កំពុងតែ​រាតត្បាត​បានធ្វើឱ្យ​ស្ទើរ​គ្រប់​វិស័យ​ក្នុងប្រទេស​កម្ពុជា​រួមទាំង​គ្រឹះស្ថាន​សិក្សាអប់រំ​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន​ផ្អាក​សេវា​អប់រំ​តាំងពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ រហូតមក​។​

​សមាគម បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​ផ្អាក​ការបណ្ដុះបណ្ដាល​នេះ គ្រឹះស្ថានសិក្សា​ចំនួន​១១៣ ដែលជា​សមាជិក​របស់​សមាគម​បាន​ជួបប្រទះ​នូវ​ការលំបាក​និង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដូចជា​ត្រូវ​បន្ត​ការបើកប្រាក់​បៀវត្ស​រ៍ដ​ល់​គ្រូ​និង​បុគ្គលិក​បន្ត​បង់​ឈ្នួល​អគារ​និង​បន្ត​បង់​ការប្រាក់​។​

ប្រាក់​ដើម​ធនាគារ​ព្រមទាំង​ការចំណាយ​ជាច្រើន​ផ្សេងៗ​ទៀត​ដដែល​។​ម្យ៉ាងវិញទៀត​សមាជិកសមាគម​ក៏​កំពុង​រង​នូវ​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ​បន្ថែមទៀត ដូចជា​ការធ្លាក់ចុះ​បរិមាណ​សិស្ស ការបន្ថយ​ថ្លៃ​ដោយ​សមាជិក សមាគម​ដោយ​ខ្លួនឯង​និង​ការស្នើសុំ​បញ្ចុះ​ថ្លៃ​ដោយ​មាតាបិតា​និង​អ្នកអាណាព្យាបាល​សិស្ស​បន្ថែមទៀត​។

ការស្នើសុំ​បញ្ចុះ​ថ្លៃ​នោះ​សមាជិកសមាគម​ភាគច្រើន​បាន​ដោះស្រាយ​ការសុំ​បញ្ចុះ​ថ្លៃ​ដោយ​ករណី​ដោយឡែកៗ​និង​ទល់មុខ​គ្នា​។​លទ្ធផល​បានមក​គឺ​វិជ្ជមាន​តាម​វិធី​ឈ្នះៗ​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​ឆ្លើយតប​ការតវ៉ា​នានា​របស់​អាណាព្យាបាល​សិស្ស​សុំឱ្យ​មានការ​បញ្ចុះតម្លៃ​នោះ​សមាគម​អំពាវនាវ​ដល់​មាតាបិតា​ឬ​អាណាព្យាបាល​សិស្ស​ទាំងអស់​មេត្តា​ដាក់ពាក្យ​ស្នើសុំ​បញ្ចុះតម្លៃ​។​

​ដោយ​ជម្រាប​ពី​វិបត្តិ​ហិរញ្ញវត្ថុ​រៀងៗ​ខ្លួន​ដែល​បណ្ដាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ជូន​ដល់​ម្ចាស់​ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សាអប់រំ​ឯកជន​នីមួយៗ​ដើម្បី​ជួយ​ដោះស្រាយ​និង​បន្ធូរបន្ថយ​ជូន​ឱ្យ​អស់ពី​លទ្ធភាព​។​

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា​មាតាបិតា​ឬ​អាណាព្យាបាល​សិស្ស​នឹងចូលរួម​ដោះស្រាយ​ដោយ​ធ្វើ​សម្បទាន​គ្នា​ទៅវិញទៅមក​និង​ដោយ​ភាព​អត់ធ្មត់​បំផុត​តាម​វិធី​ឈ្នះៗ​ទាំងអស់គ្នា​ដើម្បី​ឆ្លង​ផុត​ដំណាក់កាល​លំបាក​នេះ​ជាក់​ជាពុំខាន​ឡើយ​៕S/​