​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​ចូលរួម​កសាង​ធនធានមនុស្ស​ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​

1199
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​អតីត​និស្សិត​ថ្នាក់បណ្ឌិត​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល លោក​បណ្ឌិត​ជីវ កេង កោស​សរសើរ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា (UI) ដឹកនាំ​ដោយ​លោក​បណ្ឌិត​ឡា​ច សំរោង ជា​សាកលវិទ្យាធិការ ដែល​បាន​ចូលរួមចំណែក​ឆ្លើយតប​យ៉ាង​សមស្រប និង​ទាន់ពេលវេលា​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការកសាង​ធនធានមនុស្ស​។

​ការលើកឡើង​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ ក្នុង​សិក្ខាសាលា​ស្តីពី “​សារៈប្រយោជន៍​នៃ​ការជ្រើសរើស​ប្រធានបទ​ស្រាវជ្រាវ​សម្រាប់​និក្ខេបបទ​ថ្នាក់បណ្ឌិត​” នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ ។ លោក​បណ្ឌិត ជីវ កេង ថ្លែងថា នេះ​ជា​រឿង​នឹកស្មាន​មិន​ដល់​ទាល់តែសោះ សូម​កោតសរសើរ​ចំពោះ​លោក​បណ្ឌិត​ឡា​ច សំរោង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ដែល​បាន​ស្រោចស្រង់​នូវ​សាកលវិទ្យាល័យ​មួយ​នេះ ឱ្យបាន​រស់​ឡើងវិញ បន្ទាប់ពី​បាន​ជួប​នូវ​បញ្ហា​មួយចំនួន​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។

​អនុប្រធាន​តុលាការ​កំពូល ថ្លែងបន្តថា “​ខ្ញុំ​ជឿថា​លទ្ធផល​ដ៏​ថ្លៃថ្លា​នេះ គឺ​ពិតជា​បានមកពី​ការខិតខំ ប្រឹងប្រែង និង សហការគ្នា​ល្អប្រសើរ ក្នុងការ​បង្រៀន ការសិក្សា ការស្រាវជ្រាវ និង សកម្មភាព​ជាច្រើន​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល ទោះបីជា​ការគ្រប់គ្រង​នៅមាន​ការលំបាក និង ការខ្វះចន្លោះ​ខ្លះៗ ។ យ៉ាងណាក៏ដោយ ខ្ញុំ​ចាត់ទុកថា ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ដែល​បានរៀបចំ​ស្តារឡើងវិញ ។ សង្ឃឹមថា និស្សិត​ថ្នាក់បណ្ឌិត និង ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទាំងអស់ នឹង​ខិតខំ​សិក្សា​ស្រាវជ្រាវ​បាន​ចប់​តាម​ពេលវេលា និង សហការ ល្អ​ជាមួយ​សាកលវិទ្យាល័យ​” ។

​លោក​បណ្ឌិត​ឡា​ច សំរោង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ប្តេជ្ញា​យ៉ាង​មោះមុត​ថា នឹង​ដឹកនាំ​សាកលវិទ្យាល័យ​មួយ​នេះ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការកសាង​ធនធានមនុស្ស​នៅ​កម្ពុជា ៕S/

​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​ចូលរួម​កសាង​ធនធានមនុស្ស​ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​