​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​ស្ពាន​បា​ឡេ​មុខ​ឃ្លាំង​សាំង​ធ្វើបាន​១៥​ភាគរយ​

121
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​គិត​មកដល់ពេលនេះ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​ស្ពាន​បា​ឡេ​នៅមុខ​ឃ្លាំង​សាំង​ស្ថិតក្នុង​ខណ្ឌឫស្សីកែវ​ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វា មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល សម្រេចបាន​១៥​ភាគរយ​ហើយ​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ឱ្យដឹងថា​៖​ការដ្ឋាន​សាងសង់ ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​ជាមួយ​ស្ពាន​បា​ឡេ​នៅមុខ​ឃ្លាំង​សាំង​ការដ្ឋាន​ទាំងមូល​សម្រេចបាន​១៥​ភាគរយ​ហើយ​។​ក្នុងនោះ​បើ​គិតពី​គ្រឹះ​ជម្រៅ​ខាងក្រោម​ដែល​ចាក់​បេតុង​រួច​ក្នុងចំណោម​៥២​ដើម​នោះ​គឺ​យើង​អនុវត្តបាន​ស្ទើ​តែ​៩០​ភាគរយ​ហើយ​ដែរ​។​ចំពោះ​គ្រឹះ​ជម្រៅ​ក្បាលស្ពាន​ចំនួន​២០​យើង​អនុវត្តបាន​៤​គ្រឹះ​ជម្រៅ​ហើយ ស្មើនឹង​២០​ភាគរយ​។​

​គួរ​បញ្ជាក់ថា​៖​ស្ពានបេតុង​ដែល​ស្ថាបនា​នៅ​អម​ជាមួយ​ស្ពាន​បា​ឡេ​នៅមុខ​ឃ្លាំង​សាំង​មាន​ប្រវែង​៩២២​ម៉ែត្រ​ទទឹង​២០,៥​ម៉ែត្រ​។​ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង​មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង​,​កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ​។​សរសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​សរសរ​ចំនួន​៤,​គន្លង​ខ្សែ​យានយន្ត​ទទឹង​៣.៧៥​ម៉ែត្រ​,​គន្លង​ធ្វើចរាចរ​២​ខ្សែ​ទៅ​២​ខ្សែ​មក​,​កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា​១០.៥​ម៉ែត្រ​,​កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា​នៅ​រដូវប្រាំង​២០,៥​ម៉ែត្រ​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​។​

​ស្ពាន​នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​រួមចំណែក​រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ​និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ​។​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ពាន ក៏​ដូច​បង្កើន​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ក្រោម​អនុសាសន៍ របស់​សម្តេច តេ​ជោ ហ៊ុន សែន ។​

​គួរ​រំលឹក​ផងដែរ​ថា​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​មួយ​ខ្សែស្រប​ជាមួយ​ស្ពាន​បា​ឡេ ដែល​បាន​ស្ថាបនា​រួច​នឹង​បាន​ដាក់ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រមាណ​២​ឆ្នាំ​ហើយ​៕S/​